អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី ២៦ មករា បន្តសវនាការស្ដាប់សាក្សីជាអតីតមេបញ្ជាការកងទ័ពជើងទឹកមួយរូបនៃរបបកម្ពុជាប្រជាធិបតេយ្យ។ អតីតមេបញ្ជាការកងទ័ពជើងទឹកឈ្មោះ ព្រំ សារ៉ាត់ ជាប្រធានកងវរសេនាធំ នៃកងពលលេខ ៣ របស់ភូមិភាគនិរតី ដែលមានឈ្មោះ មាស មុត ជាប្រធានកងពល។
សាក្សី ព្រំ សារ៉ាត់ ជម្រាបអង្គជំនុំជម្រះសាលាដំបូងថា មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យមានគោលនយោបាយប្រឆាំងខ្មាំងពីរប្រភេទ គឺខ្មាំងក្នុងប្រទេស និងខ្មាំងឈ្លានពានពីខាងក្រៅ ជាពិសេសពីប្រទេសវៀតណាម។
សាក្សីរូបនេះបញ្ជាក់ទៀតថា ប៉ុល ពត ដែលជាលេខាបក្សកុម្មុយនិស្តកម្ពុជា ធ្លាប់ណែនាំឱ្យកងទ័ពម្នាក់ ត្រូវសម្លាប់វៀតណាម ឱ្យបាន ៣០នាក់ ព្រោះវៀតណាម មានគំនិតលេបទឹកដីកម្ពុជា៖ «វាជាការត្រឹមត្រូវ ព្រោះពេលនោះសត្រូវរបស់កម្ពុជាប្រជាធិបតេយ្យមានមានមហិច្ឆតាធំធេង ដោយខ្ញុំយល់ឃើញដូចសមមិត្តលេខាដែរ ព្រោះថា ប្រទេស ចម្ប៉ាយួនលេបហើយ។ កម្ពុជាក្រោមយួនលេបហើយ។ អ៊ីចឹងសល់កម្ពុជាលើ ខ្ញុំក៏មានជំនឿថា វានឹងមានផែនការបន្តទៀត។ តែមកដល់បច្ចុប្បន្ននេះ ខ្ញុំកំណត់ថា គេមិនភ្លេចទេយុទ្ធសាស្ត្រ»។
ទោះជាដូច្នេះក្ដី លោក ព្រំ សារ៉ាត់ ថ្លែងថា លោកមិនដែលបានចូលរួមចាប់ជនជាតិវៀតណាម ឬជនជាតិថៃ ដែលឆ្លងចូលដែនទឹកកម្ពុជាប្រជាធិបតេយ្យទេ។ លោកអះអាងថា អ្នកដែលចាប់ជនជាតិវៀតណាម និងអ្នកនេសាទថៃ នៅលើផ្ទៃសមុទ្រ គឺជាកងទ័ពការពារនៅតាមកោះ។ ចំណែករូបលោកជាប់នៅហ្វឹកហ្វឺនប្រើប្រាស់នាវាចិន នៅឆ្នេរអូឈើទាល ក្រុងកំពង់សោម រយៈពេលមួយឆ្នាំ។ ជាធម្មតាលោកទទួលបានព័ត៌មានអំពីការចាប់បានជនជាតិវៀតណាម តាមវិទ្យុទាក់ទង។
លោកធ្លាប់ឃើញតែករណីមួយទេ៖ «មានថ្ងៃមួយនោះ ខ្ញុំបានជួបជនជាតិយួនម្នាក់ ជនជាតិក្លឹងម្នាក់ដែលនៅផែកោះតាង។ ការចាប់ហ្នឹងខ្ញុំគ្រាន់តែសួរទាហាន ដែលនៅជិតជនជាតិយួន ជនជាតិក្លឹងហ្នឹង សួរថាគេចាប់មកពីណា? គេថាចាប់នៅកោះអាគ្នេយ៍»។
ក្រោយការចាប់ខ្លួន លោកគ្រាន់តែទទួលដំណឹងពីមេបញ្ជាការថ្នាក់លើថា អ្នកទាំងនោះត្រូវបានគេបញ្ជូនមកភ្នំពេញ ដើម្បីឱ្យក្រសួងការបរទេសដោះស្រាយតាមផ្លូវទូត។ នៅពេលមេធាវីការពារក្ដីជនជាប់ចោទ នួន ជា លោក វិកទ័រ កូប៉េ (Victor Koppe) សួរអំពីមន្ទីរសន្តិសុខ ស-២១ លោក ព្រំ សារ៉ាត់ ឆ្លើយថា លោកគ្រាន់តែដឹងថា ជាមន្ទីរអប់រំចំពោះមនុស្សដែលមិនយល់ការ។
សក្ខីកម្មរបស់សាក្សី ព្រំ សារ៉ាត់ នឹងត្រូវបន្តនៅថ្ងៃពុធ ទី២៧ មករា ទៀត។ នៅថ្ងៃទី ២៧ មករានេះ អង្គជំនុំជម្រះឱ្យដឹងថា ក៏នឹងស្ដាប់សាក្សីថ្មីមួយរូបទៀត នៅក្នុងអង្គហេតុនៃការប្រព្រឹត្តចំពោះជនជាតិវៀតណាមនេះ។
ទាក់ទងនឹងរឿងរ៉ាវនៅសាលាក្ដីខ្មែរក្រហមនេះដែរ នៅថ្ងៃទី២៦ ខែមករា ដដែល សាលាក្ដីខ្មែរក្រហមចេញសេចក្ដីប្រកាសព័ត៌មានមួយថា ចំនួនទឹកប្រាក់នៅក្នុងគម្រោងថវិកាដែលត្រូវចំណាយសម្រាប់ឆ្នាំ២០១៦ និង ២០១៧ ត្រូវបានក្រុមប្រទេសផ្ដល់ជំនួយអនុម័តហើយ។
សេចក្ដីប្រកាសព័ត៌មានសាលាក្ដីខ្មែរក្រហមបង្ហាញថា ចំនួនទឹកប្រាក់ដែលត្រូវចំណាយសម្រាប់ឆ្នាំ ២០១៦ មានចំនួនជាង ៣២លានដុល្លារ ហើយឆ្នាំ២០១៧ មានចំនួនជាង ២៦លានដុល្លារសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
