អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា បានបន្តធ្វើសវនាការស្ដាប់សក្ខីកម្មរបស់ដើមបណ្ដឹងរដ្ឋប្បវេណី ទាក់ទងនឹងការសម្លាប់ជនជាតិចាម នៅវត្តអូរត្រកួន ឃុំពាមជីកង ខេត្តកំពង់ចាម។
ដើមបណ្ដឹងរដ្ឋប្បវេណី ឈ្មោះ ហ៊ីម ម៉ាន និងប្រពន្ធរបស់លោក ជាជនរងគ្រោះដែលបានរួចជីវិតពីការកាប់សម្លាប់របស់ពួកសន្តិសុខខ្មែរក្រហមនៅវត្តអូរត្រកួន នោះ។
ដើមបណ្ដឹងរដ្ឋប្បវេណី ហ៊ីម ម៉ាន បញ្ជាក់ប្រាប់អង្គជំនុំជម្រះសាលាដំបូងថា ផ្លូវចិត្តរបស់លោកប៉ះពាល់ខ្លាំង ពេលដែលពួកខ្មែរក្រហម ប្រមូលជនជាតិចាម នៅក្នុងឃុំពាមជីកង យកទៅសម្លាប់អស់៖ «ខ្លួនខ្ញុំនេះវាទ្រុឌទ្រោមតាំងពីថ្ងៃហ្នឹងមក។ វាគ្មានអីសង្ឃឹម។ ចិត្តខ្ញុំវាចង់ឆ្កួតបន្តិចអីបន្តិច ព្រោះវាអស់ពូជអម្បូរ អស់ខាងសាសនារលីង។ តាំងពីសាច់ញាតិ សាច់សារលោហិតក្នុងភូមិរលីង ខ្ញុំគ្មានសង្ឃឹមទេ។ ខ្ញុំគិតក្នុងចិត្តថា បើមានកម្លាំងជួយ បើមានលទ្ធភាពជួយ គឺខ្ញុំជួយហើយ។ ប៉ុន្តែខ្ញុំគ្មាន»។
លោក ហ៊ីម ម៉ាន ថ្លែងថា ពួកសន្តិសុខខ្មែរក្រហមនៅក្នុងភូមិសាច់សូរ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម បានចាត់ទុកជនជាតិចាម ថាជាខ្មាំងទីមួយរបស់ខ្លួន បន្ទាប់ពីជនជាតិខ្មែរ។ លោកឱ្យដឹងថា ក្នុងចំណោមជនជាតិចាម ៣០គ្រួសារ គេចាប់ទៅសម្លាប់នៅវត្តអូរត្រកួន គឺមានតែប្អូនជីដូនមួយ និងប្រពន្ធលោក និងលោកទេ ដែលរត់រួចជីវិត ហើយពួនក្នុងបឹងកំប្លោកជិតកន្លែងសម្លាប់នោះ។
លោកអះអាងថា លោកឮពួកខ្មែរក្រហមវាយសម្លាប់ជនជាតិចាម ដែលប្រមូលបាននោះ៖ «ខ្ញុំនៅក្រាបជាមួយប្រពន្ធខ្ញុំហ្នឹង ឮសម្រែក។ គ្រាន់តែវាយហ្នឹងក៏ឮដែរ។ ឮសម្រែកថា "អល់ឡោះ ប៉ូលើយ" ស្រែកហៅអល់ឡោះ។ ស្រែកអ៊ីចឹង ស្រែកថា អល់ឡោះ អល់ឡោះជាម្ចាស់។ អ៊ីចឹងរឿងអីដែលក្រៅពីសាសនាមូស្លីមទៅស្រែកថា អល់ឡោះ? មានតែបងប្អូនខ្ញុំ ម៉ែខ្ញុំ ប្អូនខ្ញុំ បងប្អូនអ្នកភូមិអ្នកផងទាំងអស់ហ្នឹងចាម ដែលប្រមូលទៅជាមួយខ្ញុំ ដែលខ្ញុំគេចរួចហ្នឹង។ ខ្ញុំឮស្នូរហ្នឹងដោយខ្ញុំក្រាបនៅក្បែរហ្នឹង»។
លោក ហ៊ីម ម៉ាន បន្តថា លោក និងប្រពន្ធពួននៅក្នុងបឹងកំប្លោកជិតកន្លែងសម្លាប់នោះជាងបីខែ មុននឹងពួកសន្តិសុខដាវវែងចាប់ខ្លួនបានម្ដងទៀត។ ប៉ុន្តែ ក្រោយពេលចាប់ខ្លួនបានម្ដងទៀត គណៈស្រុកខ្មែរក្រហមសម្រេចទុកជីវិតឱ្យលោករស់ គឺដោយសារគេត្រូវការជំនាញមុជទឹក និងស្លដែករបស់លោក៖ «តាមចៅហ្វាយស្រុក កាន ហ្នឹងវាថា ទុកទៅម្នាក់នេះគ្មានទាក់ទងពីណាទេ។ វាដឹងថាខ្ញុំអត់ទៅណា ខ្ញុំនៅតែក្នុងបឹងហ្នឹង។ អ៊ីចឹងវាឱ្យខ្ញុំរស់ដោយសារតែខ្ញុំចេះមុជទឹកបាតទន្លេ ព្រោះចាមអ្នកចេះមុជទឹកអស់ហើយ នៅសល់តែខ្ញុំម្នាក់ទេ។ អ៊ីចឹងវាទុកខ្ញុំ ហើយអ្នករំលាយដែកធ្វើស្លាបព្រា និងផាលអី ខ្ញុំអ្នករំលាយដែក»។
ដើមបណ្ដឹងរដ្ឋប្បវេណី ហ៊ីម ម៉ាន ជម្រាបអង្គជំនុំជម្រះទៀតថា ជនជាតិចាម ក្នុងភូមិសាច់សូរ ត្រូវពួកសន្តិសុខប្រមូលទៅសម្លាប់ទាំងអស់ ក្នុងទិសដៅធ្វើឱ្យភូមិនោះមានតែជនជាតិខ្មែរ។ ទោះជាដូច្នេះក្ដី លោកអះអាងថា នៅមុនពេលរបបខ្មែរក្រហមដួលរលំបន្តិច ជនជាតិខ្មែរមានវ័យចាស់ៗ ក៏ត្រូវគេប្រមូលបម្រុងយកទៅសម្លាប់ដែរ។
ស្របពេលដែលអង្គជំនុំជម្រះសាលាដំបូង កំពុងរកការពិតក្នុងរឿងសម្លាប់ជនជាតិចាម នៅវត្តអូរត្រកួននេះ ភាគីសហព្រះរាជអាជ្ញា និងសហមេធាវីការពារជនជាប់ចោទ សុទ្ធតែទាមទារដាក់ភស្តុតាង និងកោះហៅសាក្សីបន្ថែមទៀតរៀងៗ ខ្លួន។ ភស្តុតាង និងសាក្សីទាំងនោះ គឺយកមកពី សំណុំរឿង ០០៤ ដែលក្នុងនោះ ក៏មានជនសង្ស័យម្នាក់ គឺលោក អោ អាន ឬហៅថា តា អាន។ តា អាន ត្រូវបានចោទប្រកាន់ពីបទសម្លាប់មនុស្ស នៅមន្ទីរសន្តិសុខអូរត្រកួន។ ដោយសារការទាមទារនេះស្មុគស្មាញ និងមានសំណើសុំជាច្រើនទៀត អង្គជំនុំជម្រះសាលាដំបូងសម្រេចលើកសវនាការស្ដាប់ដើមបណ្ដឹងរដ្ឋប្បវេណី ហ៊ីម ម៉ាន ទៅធ្វើជាបន្តទៀត នៅចន្ទ ទី២៨ កញ្ញា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
