សាលាក្ដី​ខ្មែរ​ក្រហម​បន្ត​ស្ដាប់​អតីត​អ្នក​បច្ចេកទេស​នៅ​ការដ្ឋាន​ទំនប់​១​មករា

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ពេល​នេះ កំពុង​បន្ត​ធ្វើ​សវនាការ​លើ​អង្គហេតុ​ថ្មី​មួយ​ទៀត ស្ដីពី​ការដ្ឋាន​ការងារ ទំនប់ ១ មករា ខេត្ត​កំពង់ធំ។ អង្គហេតុ​នេះ គឺ​បន្ទាប់​ពី​បាន​បញ្ចប់​អង្គហេតុ​មន្ទីរ​សន្តិសុខ​ក្រាំងតាចាន់ និង​សហករណ៍​ត្រាំកក់ នៅ​ខេត្ត​តាកែវ។ អង្គ​ជំនុំជម្រះ​សាលា​ដំបូង បាន​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​មួយ​រូប អតីត​ជា​អ្នក​បច្ចេកទេស​នៅ​ការដ្ឋាន​ទំនប់ ១ មករា ខេត្ត​កំពង់ធំ​នោះ។

សាក្សី​ឈ្មោះ ប៉ិច សុខា ដែល​ជា​អតីត​អ្នក​បច្ចេកទេស​វាស់​ស្ទង់​មួយ​រូប​នៅ​ការដ្ឋាន​ទំនប់ ១ មករា ក្នុង​ខេត្ត​កំពង់ធំ ត្រូវ​បាន​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម ធ្វើ​សវនាការ​ស្ដាប់​សក្ខីកម្ម​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា។ សក្ខីកម្ម​នេះ គឺ​ធ្វើ​តាម​រយៈ​ការ​បញ្ជូន​រូបភាព និង​សំឡេង​ពី​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ។

សាក្សី ប៉ិច សុខា ជម្រាប​អង្គ​ជំនុំជម្រះ​ថា លោក​នៅ​ក្នុង​ក្រុម ៤​នាក់ ធ្វើ​ការ​នៅ​ការដ្ឋាន​នោះ​បាន​រយៈ​ពេល​មួយ​ឆ្នាំ ដោយ​មិន​មាន​ជម្រើស​ប្រកែក​បាន។ លោក​ថា ការងារ​វាស់​ស្ទង់​សម្រាប់​ការដ្ឋាន​សង់​ទំនប់​នោះ គឺ​តាម​ប្លង់​របស់​អង្គការ​ថ្នាក់​លើ៖ «ប្លង់​នេះ​មិន​មែន​ពួក​ខ្ញុំ​ជា​អ្នក​ផលិត​ទេ។ ថ្នាក់​លើ តែ​មិន​ដឹង​ជា​អ្នក​ណា​ដែរ តែ​ខ្ញុំ​ទទួល​បាន​ពី​មេក្រុម​ខ្ញុំ គាត់​យក​មក​បង្ហាញ ហើយ​ពិភាក្សា​គ្នា​ធ្វើ​តាម​ប្លង់​ហ្នឹង។ ប៉ុន្តែ​ដឹង​ថា ប្លង់​ហ្នឹង​មក​ពី​អង្គការ​ថ្នាក់​លើ ប៉ុន្តែ​មិន​ដឹង​អ្នក​ណា​ផលិត ខ្ញុំ​ក៏​មិន​ដឹង​ដែរ»

ការដ្ឋាន​ធ្វើ​ទំនប់ ១ មករា នៅ​ខេត្ត​កំពង់ធំ គឺ​ជា​ការដ្ឋាន​មួយ ដែល​ល្បី​រន្ទឺ​ថា មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ដោយសារ​តែ​ការ​បង្ខំ​ឱ្យ​សម្រុក​ធ្វើ​ការ​ធ្ងន់​បាក់​កម្លាំង និង​ខ្លះ​ទៀត ត្រូវ​គេ​យក​ទៅ​សម្លាប់​ដោយសារ​តែ​ត្រូវ​ចោទ​ប្រកាន់​ថា​ជា​ខ្មាំង។

លោក ប៉ិច សុខា ជម្រាប​អង្គ​ជំនុំជម្រះ​ថា ការងារ​នៅ​ការដ្ឋាន​ទំនប់ ១ មករា នោះ​ពិត​ជា​លំបាក​មែន៖ «យើង​មើល​ទៅ​ហាក់​ដូច​ជា​សប្បាយ​គ្រឹកគ្រាក់ (មាន) មេក្រូ។ ប៉ុន្តែ​ការ​លំបាក​វា​លំបាក។ ហូប​ចុក​មិន​គ្របគ្រាន់ ទាក់ទង​នឹង​បញ្ហា​សុខាភាព ការងារ​ពលកម្ម​ធ្ងន់ ហ្នឹង​ហើយ​គួរ​ឱ្យ​រន្ធត់»

ទាក់ទង​នឹង​អង្គហេតុ​ធ្វើ​ការងារ​ដោយ​បង្ខំ​បាក់​កម្លាំង អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នឹង​ធ្វើ​សវនាការ​ផ្ដោត​លើ​ការដ្ឋាន​ការងារ​ចំនួន ៣ តាម​លំដាប់លំដោយ គឺ​ទី​១ ការដ្ឋាន​ទំនប់ ១ មករា ខេត្ត​កំពង់ធំ ទី​២ ការដ្ឋាន​សាងសង់​វាល​យន្តហោះ ខេត្ត​កំពង់ឆ្នាំង និង​ទី​៣ គឺ​ការដ្ឋាន​ធ្វើ​ទំនប់​អាង​ត្រពាំង​ថ្ម ក្នុង​ខេត្ត​បន្ទាយមានជ័យ។

មន្ត្រី​នាំ​ពាក្យ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា លោក នេត្រ ភក្ត្រា ឱ្យ​ដឹង​ថា អង្គ​ជំនុំជម្រះ​នឹង​រៀបចំ​ស្ដាប់​ការ​ផ្ដល់​សក្ខីកម្ម​ពី​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​សាក្សី​ចំនួន ១០​រូប សម្រាប់​អង្គ​ហេតុ​ទាក់ទង​នឹង​ការដ្ឋាន​ការងារ​ទំនប់ ១ មករា នៅ​ក្នុង​ខេត្ត​កំពង់ធំ។ លោក ប៉ិច សុខា ជា​សាក្សី​ទី ២ ហើយ ដែល​ត្រូវ​បាន​សាលា​ដំបូង​កោះហៅ​ឱ្យ​ផ្ដល់​សក្ខីកម្ម​ បន្ទាប់​ពី​សាក្សី​ទី ១ គឺ​លោក ឱ ហូ អតីត​ជា​កម្មាភិបាល​ខ្មែរក្រហម ដែល​បាន​ធ្វើការ​នៅ​តំបន់​នោះ​ដែរ។

សវនាការ​លើ​អង្គហេតុ​ការដ្ឋាន​ការងារ​នេះ អង្គ​ជំនុំជម្រះ​សាលាដំបូង​នឹង​បន្ត​នៅ​ថ្ងៃ​ច័ន្ទ ទី​២៥ ឧសភា សប្ដាហ៍​ក្រោយ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។