សាលាក្ដី​ខ្មែរ​ក្រហម​គ្រោង​ស្ដាប់​សាក្សី​ទាក់ទង​អង្គហេតុ​នៃ​ការ​ប្រព្រឹត្ត​ចំពោះ​ជនជាតិ​ចាម

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម គ្រោង​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​ចំពោះ​ជនជាតិ​ចាម ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ សក្ខីកម្ម​នេះ នឹង​ជា​អង្គហេតុ​ថ្មី​នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ២ ប្រឆាំង​ជនជាប់ចោទ នួន ជា និង ខៀវ សំផន។

ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ចេញ​សេចក្ដី​ប្រកាស​ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី​៧ កញ្ញា ទៅ អង្គ​ជំនុំជម្រះ​សាលា​ដំបូង នឹង​បើក​សវនាការ​ដេញដោល​សាក្សី និង​ភស្តុតាង ដែល​ផ្ដោត​លើ​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​ទៅ​លើ​ក្រុម​ជនជាតិ​ចាម។

ប្រធាន​អង្គ​ជំនុំជម្រះ​សាលាដំបូង លោក​ចៅក្រម និល ណុន បាន​បញ្ជាក់​មុន​ពេល​ប្រកាស​បិទ​សវនាការ​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា កាលវិភាគ​ស្ដាប់​អង្គហេតុ​ថ្មី​នេះ នឹង​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ឆ្លើយ​តប​របស់​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ខៀវ សំផន៖ «នឹង​ផ្ដើម​ស្ដាប់​សក្ខីកម្ម​សាក្សី​ដែល​មាន​រហស្សនាម 2TCW 813 ពាក់ព័ន្ធ​នឹង​អង្គហេតុ​ចោទ​ប្រកាន់​លើ​ក្រុម​មនុស្ស​ជាក់លាក់​ចំពោះ​ជនជាតិ​ចាម។ សូម​ភាគី​ជ្រាប និង​ចូលរួម​តាម​ពេល​កំណត់​នេះ»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី​៤ កញ្ញា សរសេរ​ថា ការ​ស្ដាប់​សាក្សី និង​ភស្តុតាង​ស្ដីពី​ការ​ប្រព្រឹត្ត​ទៅ​លើ​ក្រុម​ជនជាតិ​ចាម​នេះ គឺ​ជា​ចាប់​ផ្ដើម​សវនាការ​លើក​ទី​១ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ប្រឆាំង​ជនជាប់​ចោទ ខៀវ សំផន និង នួន ជា នៅ​ក្នុង​សំណុំរឿង ០០២/០២។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ត​ថា ការ​ជំនុំជម្រះ​លើ​អង្គហេតុ​ថ្មី​នេះ អង្គ​ជំនុំជម្រះ​សាលាដំបូង នឹង​កោះហៅ​សាក្សី និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ១៤​រូប និង​អ្នក​ជំនាញ ១​រូប ឱ្យ​មក​ផ្ដល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​អង្គ​ជំនុំជម្រះ។

យោង​តាម​ដីកា​ដំណោះស្រាយ​នៅ​សាលាក្ដី​ខ្មែរក្រហម​រក​ឃើញ​ថា ជនជាតិ​ចាម ត្រូវ​បាន​គេ​កំណត់​ជា​មុខ​សញ្ញា និង​សម្លាប់​ជា​លក្ខណៈ​ប្រព័ន្ធ ហើយ​បក្ស​កុម្មុយនិស្ត​កម្ពុជា បាន​អនុវត្ត​គោល​នយោបាយ​បំផ្លិចបំផ្លាញ​ទាំង​ស្រុង ឬ​មួយ​ផ្នែក​លើ​ក្រុម​ជនជាតិ​ចាម។ ដីកា​ដំណោះស្រាយ​បង្ហាញ​ថា ជនជាតិ​ចាម ត្រូវ​បាន​គេ​កំណត់​គោលដៅ​ជា​លក្ខណៈ​ប្រព័ន្ធ ហើយ​ត្រូវ​បាន​សម្លាប់​ដោយសារ​តែ​សមាជិកភាព​របស់​ពួក​គេ​នៅ​ក្នុង​ក្រុម​ជនជាតិ​ចាម​នេះ ហើយ​ក៏​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​ដោយ​បង្ខំ និង​បាន​បញ្ចូល​ទៅ​ក្នុង​ភូមិ​របស់​ប្រជាជន​ខ្មែរ ព្រម​ទាំង​បាន​ហាមឃាត់​មិន​ឱ្យ​មាន​ការ​គោរព​ប្រតិបត្តិ​សាសនា​របស់​ពួក​គេ​ផង​ដែរ។ ថ្នាក់​ដឹក​នាំ​សាសនា​ឥស្លាម និង​ប្រជាជន​ចាស់​ទុំ និង​អ្នក​ដែល​នៅ​តែ​បន្ត​អនុវត្ត​សាសនា​របស់​ពួក​គេ ត្រូវ​បាន​គេ​ឃុំ​ខ្លួន ហើយ​បន្ទាប់​មក​សម្លាប់​ចោល។ វប្បធម៌ ភាសា និង​សំលៀកបំពាក់​របស់​ចាម ត្រូវ​បាន​ហាមឃាត់។

របាយការណ៍​របស់​អ្នកស្រាវជ្រាវ​អំពី​ជនជាតិ​ចាម នៅ​ក្នុង​របប​ខ្មែរ​ក្រហម លោក អ៊ីសា ឧស្មាន បង្ហាញ​ថា មាន​ជនជាតិ​ចាម ​ប្រមាណ​ ៤សែន​​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ដីកា​ដំណោះស្រាយ​របស់​សាលាក្ដី​ខ្មែរ​ក្រហម ​បាន​ចោទ​ប្រកាន់​ថា នួន ជា និង ខៀវ សំផន ជា​អ្នក​ទទួល​ខុសត្រូវ​ជា​បុគ្គល ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើង​ប្រឆាំង​នឹង​ក្រុម​ជនជាតិ​ចាម​ទាំង​នោះ តាម​រយៈ​តួនាទី​ផ្សេងៗ របស់​គាត់​ក្នុង​ជួរ​បក្ស​កុម្មុយនិស្ត​កម្ពុជា។

សំណុំរឿង ០០២ វគ្គ ២ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​មួយ​ចំនួន ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​មន្ទីរ​សន្តិសុខ​ចំនួន ៤ ការដ្ឋាន​ការងារ​ចំនួន ៣ និង​នៅ​សហករណ៍​មួយ ការ​រៀបការ​ដោយ​បង្ខំ និង​ការរំលោភ​ផ្លូវ​ភេទ នៅ​ក្នុង​បរិបទ​នៃ​ការ​រៀបការ​ដោយ​បង្ខំ​នោះ ការ​បោស​សម្អាត​ផ្ទៃ​ក្នុង ការ​ប្រព្រឹត្ត​លើ​ពុទ្ធសាសនិក​ជន ការ​កំណត់​គោលដៅ​លើ​អតីត​មន្ត្រី​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ព្រម​ទាំង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ប្រឆាំង​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។