សាលា​ក្ដី​ខ្មែរ​ក្រហម​នឹង​ប្រជុំ​ពេញ​អង្គ​លើក​ទី​១១​នៅ​ថ្ងៃ​ទី​១៦​តុលា

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលា​ក្តី​ខ្មែរ​ក្រហម នឹង​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​១១ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​តុលា ខាង​មុខ។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នេះ គណៈកម្មាធិការ​វិធាន​ផ្ទៃ​ក្នុង នឹង​ជជែក​ពិភាក្សា​លើ​អនុសាសន៍​មួយ​ចំនួន៖ «គោល​បំណង​ដើម្បី​ពិនិត្យ​ទៅ​លើ​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​លើ​វិធាន​ផ្ទៃ​ក្នុង​ចំនួន ៤​ចំណុច ដែល​ទាក់ទង​ជាមួយ​នឹង​វិសាលភាព​របស់​សំណុំ​រឿង និង​ការ​ចូលរួម​របស់​ជន​រងគ្រោះ​ជាដើម ដែល​ស្នើ​ឡើង​ដោយ​ការិយាល័យ​សហ​ព្រះរាជ​អាជ្ញា និង​អង្គភាព​គាំពារ​ជន​រងគ្រោះ ហើយ​ចៅក្រម ព្រះរាជ​អាជ្ញា ដែល​ជា​សមាជិក​នៃ​គណៈកម្មាធិការ​វិធាន​ផ្ទៃ​ក្នុង​នេះ នឹង​ពិនិត្យ​លើ​សំណើ​ទាំង​នោះ»

លោក នេត្រ ភក្ដ្រា បន្ត​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នេះ ចៅក្រម ម៉ាទីន ខារ៉ុបគីន (Martin Karopkin) ជនជាតិ​អាមេរិកាំង នឹង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​ជា​ចៅក្រម​អន្តរជាតិ​បម្រុង​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម និង​លោក អូលីវីយ៉េ បូវ៉ាល់ឡេ (Oliviar Beauvallet) ជនជាតិ​បារាំង នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បម្រុង​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។