ការអំពាវនាវនេះ ធ្វើឡើងនៅខណៈមានបុគ្គលិកខ្លះនៃសាលាក្តីខ្មែរក្រហម បានលាលែងពីការងារ និងខ្លះទៀតគំរាមធ្វើកូដកម្មបន្ទាប់ពីមិនទទួលបានប្រាក់ខែអស់រយៈពេលជាងពីរខែមក។
យោងតាមកិច្ចព្រមព្រៀងបង្កើតសាលាក្តីខ្មែរក្រហម រវាងភាគីអង្គការសហប្រជាជាតិ និងកម្ពុជា ភាគីអង្គការសហប្រជាជាតិ នឹងចំណាយថវិកាទៅលើប្រាក់ខែរបស់បុគ្គលិកអន្តរជាតិ និងទៅលើកិច្ចប្រតិបត្តិការរបស់ខ្លួន។ ចំណែករដ្ឋាភិបាលកម្ពុជា នឹងចំណាយថវិកាទៅលើភាគីជាតិ ឬបុគ្គលិកកម្ពុជា ខ្លួនឯង។
ឯកអគ្គរដ្ឋទូតរបស់សហគមន៍អឺរ៉ុប លោក ស្ហង់ហ្វ្រង់ស្វ័រ កូតាំង (Jean-Francois Cautain) បានផ្ញើសារជាអ៊ីមែល ទៅប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យតឺ (Reuter) ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ នេះថា សហគមន៍អឺរ៉ុបតែងជំរុញអោយរដ្ឋាភិបាលកម្ពុជា បន្តបង្កើនការចំណាយប្រាក់បដិភាគរបស់ខ្លួនទៅសាលាក្តីខ្មែរក្រហម អោយបានក្រាស់ក្រែល ដើម្បីអោយដំណើរការក្តីមាននិរន្តរភាព ហើយកម្ពុជា ខ្លួនឯងក៏នឹងទទួលបានភាពជាកម្មសិទ្ធិនៃការកាត់សេចក្តីជាប្រវត្តិសាស្ត្រនេះដែរ។
កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា លោកនឹងមិនអនុញ្ញាតអោយមានការចាប់ខ្លួនជនសង្ស័យបន្ថែមទៀតទេ។ លោកបញ្ជាក់ថា លោកសប្បាយចិត្តប្រសិនបើភាគីអង្គការសហប្រជាជាតិនៃសាលាក្តីខ្មែរក្រហម វេចបង្វេច ហើយចាកចេញពីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
