អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហម នៅថ្ងៃអង្គារ ទី២៣ កក្កដា ក្នុងសប្ដាហ៍មុននេះ បានធ្វើសវនាការតែមួយថ្ងៃទេ ដែលជាសវនាការដោះស្រាយបញ្ហាសំណើសុំសេសសល់របស់ភាគីនានា មុននឹងឈានទៅរកការបញ្ចប់កិច្ចពិភាក្សាដេញដោលនៅខែតុលា ឆ្នាំ២០១៣។
សវនាការកាលពីថ្ងៃទី២៣ កក្កដា អង្គជំនុំជម្រះសាលាដំបូង បានសម្រេចបដិសេធចោលសំណើសុំរបស់ភាគីនៅក្នុងសំណុំរឿង ០០២/០១ គឺទាំងភាគីសហព្រះរាជអាជ្ញា និងភាគីមេធាវីការពារក្ដីជនជាប់ចោទ។
ប្រធានអង្គជំនុំជម្រះសាលាដំបូង គឺលោកចៅក្រម និល ណុន បានប្រកាសច្រានចោលសំណើសុំរបស់សហព្រះរាជអាជ្ញា ដែលសុំឱ្យកោះហៅសាក្សីមួយចំនួនបន្ថែមទៀត ឱ្យមកបំភ្លឺលើអង្គហេតុសម្លាប់ទាហាន លន់ នល់ នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់៖ «អង្គជំនុំជម្រះយល់ឃើញថា សាក្សី TCW 644 TCW 802 TCW 803 និងដើមបណ្ដឹងរដ្ឋប្បវេណីថ្មីនេះ មានលក្ខណៈច្រំដែល ទៅនឹងភស្តុតាងដទៃ និងមិនបាននាំដល់ការស្វែងរកការពិតទេ។ ហេតុដូច្នេះ សំណើទាំងនេះត្រូវបដិសេធចោល»។
ចំពោះសំណើសុំរបស់សហព្រះរាជអាជ្ញាដែលសុំឱ្យកោះហៅដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ ស សារិន មកផ្ដល់សក្ខីកម្មឡើងវិញនោះ ក៏ត្រូវបានអង្គជំនុំជម្រះបដិសេធដែរ ដោយហេតុផលថា សហព្រះរាជអាជ្ញាមិនបានបង្ហាញអំពីកាលៈទេសៈអ្វីថ្មីទេ។
រីឯសំណើសុំរបស់ក្រុមមេធាវីការពារក្ដី នួន ជា ដែលស្នើសុំឱ្យកោះហៅសាក្សីថ្មីជាង ១០០នាក់ ពាក់ព័ន្ធនឹងគោលនយោបាយដែលត្រូវបានចោទប្រកាន់នៅក្នុងការវាយប្រហារលើមន្ត្រីសាធារណរដ្ឋខ្មែរ ក៏ត្រូវបានអង្គជំនុំជម្រះបដិសេធចោលដែរ ដោយហេតុផលថា ជាសំណើដដែលៗ៖ «អង្គជំនុំជម្រះយល់ឃើញថា មេធាវីការពារក្ដី ខកខានមិនបានបំពេញលក្ខខណ្ឌសមហេតុផលក្នុងការបង្ហាញអំពីការរកឃើញសាក្សីថ្មី ដែលត្រូវស្នើសុំកោះហៅឱ្យស្របតាមវិធាន ៨៧ អនុវិធាន ៤ នោះឡើយ។ លើសពីនេះទៅទៀត ចំពោះ... សំណើផ្សេងទៀត នៅពេលខាងមុខលើបញ្ហានេះ នឹងត្រូវចាត់ទុកថាច្រំដែល និងមិនទទួលយកបានឡើយ។ សំណើផ្ទាល់មាត់នេះ ត្រូវច្រានចោល ដែលសម្អាងហេតុលម្អិតនឹងមានចេញជាក្រោយ»។
ក្រៅពីនេះ មានសំណើមួយចំនួនត្រូវបានលោកចៅក្រម និល ណុន ប្រកាសថា បានឆ្លើយតបរួចមកហើយ ហើយសំណើសុំខ្លះពុំមានភាពចាំបាច់ទេ។ ចំពោះសំណើសុំមួយចំនួនទៀត អង្គជំនុំជម្រះសាលាដំបូងនឹងចេញសេចក្ដីសម្រេចនៅក្នុងពេលឆាប់ៗខាងមុខ។
ប្រធានអង្គជំនុំជម្រះសាលាដំបូងប្រកាសថា បន្ទាប់ពីសវនាការនេះទៅ អង្គជំនុំជម្រះនឹងចាប់ផ្ដើមសវនាការរបស់ខ្លួនឡើងវិញ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២១០៣ ដែលជាសវនាការធ្វើសេចក្ដីសន្និដ្ឋានបិទបញ្ចប់កិច្ចពិភាក្សាដេញដោលក្នុងសំណុំរឿង ០០២ វគ្គ ១។
សំណុំរឿងលេខ ០០២ ត្រូវបានសាលាដំបូងបំបែកទៅជាសំណុំរឿងតូចៗ សម្រាប់ការជំនុំជម្រះ គឺ០០២/០១ ឬហៅថា ០០២ វគ្គ ១ និង ០០២/០២ ឬហៅថា ០០២ វគ្គ ២។
សវនាការលើអង្គសេចក្ដីក្នុងសំណុំរឿងលេខ ០០២/០១ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ រហូតមកដល់សវនាការចុងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ គឺអង្គជំនុំជម្រះសាលាដំបូងបានដំណើរការសវនាការចំនួន ២១២ថ្ងៃ។ នៅក្នុងរយៈពេលនេះ មានអ្នកចូលរួមផ្ដល់សក្ខីកម្មចំនួន ៩២រូប ដែលក្នុងមានអ្នកជំនាញ ៣រូប សាក្សី ៥២រូប សាក្សីនិយាយពីអត្តចរិតជនជាប់ចោទ ៥រូប និងដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៣២រូប។ បន្ថែមលើនេះទៀត មានវេជ្ជបណ្ឌិត ២រូប និងអ្នកជំនាញវេជ្ជសាស្ត្រ ២រូប បានផ្ដល់សក្ខីកម្មទាក់ទងនឹងសុខភាពរបស់ជនជាប់ចោទ។ មានសាធារណជនចូលទស្សនា និងតាមដានសវនាការចំនួនជិត ១០ម៉ឺននាក់ (៩៨.៦៧០នាក់) ក្នុងរយៈពេល ២១២ថ្ងៃនេះ។
នៅក្នុងសំណុំរឿងលេខ ០០២/០១ មានជនជាប់ចោទពីររូប គឺជនជាប់ចោទ នួន ជា ជាអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ និងជនជាប់ចោទ ខៀវ សំផន អតីតជាប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ។ បទចោទដែលសាលាដំបូងលើកយកមកជំនុំជម្រះនៅក្នុងសំណុំរឿង ០០២/០១ នេះ គឺមានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទាក់ទងនឹងការជម្លៀសពលរដ្ឋចេញពីទីក្រុងដោយបង្ខំ ទាំងលើកទី១ និងលើកទៅពីរ នៅឆ្នាំ១៩៧៥ និងឧក្រិដ្ឋកម្មកាប់សម្លាប់ទាហាន លន់ នល់ នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។ អង្គជំនុំជម្រះសាលាដំបូង ក៏បានស្ដាប់ភស្តុតាងនានា ទាក់ទងនឹងប្រវត្តិ និងការបង្កើតរដ្ឋាភិបាលកម្ពុជា ប្រជាធិបតេយ្យ និងតួនាទីរបស់ជនជាប់ចោទដែលត្រូវបានចោទប្រកាន់នៅក្នុងរដ្ឋាភិបាល ភស្តុតាងទាក់ទងរចនាសម្ព័ន្ធរដ្ឋបាល និងប្រព័ន្ធទំនាក់ទំនងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែរ។ មានឯកសារចំនួនជាង ៤.០០០ ត្រូវបានអង្គជំនុំជម្រះសាលាដំបូងទទួលយកដាក់ក្នុងសំណុំរឿង ០០២/០១។
ស្របពេលដែលសំណុំរឿង ០០២/០១ នឹងត្រូវធ្វើសេចក្ដីសន្និដ្ឋានបញ្ចប់នៅចុងឆ្នាំ២០១៣ នេះ អង្គជំនុំជម្រះតុលាការកំពូល ក៏ចេញសេចក្ដីបង្គាប់របស់ខ្លួនដល់សាលាដំបូងឱ្យរកលទ្ធភាពបង្កើតក្រុមប្រឹក្សាជំនុំជម្រះមួយទៀត ដើម្បីចាប់ផ្ដើមបើកសវនាការលើសំណុំរឿង ០០២/០២ ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។
អង្គជំនុំជម្រះតុលាការកំពូលបង្គាប់ថា វិសាលភាពសំណុំរឿង ០០២/០២ ដែលត្រូវជំនុំជម្រះក្នុងខាងមុខ ត្រូវរាប់បញ្ចូលបទចោទទាក់ទងនឹងមន្ទីរសន្តិសុខ ស២១ ការដ្ឋានធ្វើការ សហករណ៍ និងបទចោទអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
