លោក ហ្វ៊ីលីព ហ្សត អះអាងថា មនោគមវិជ្ជាដែលនាំឱ្យមានការសម្លាប់នៅក្នុងរបបខ្មែរក្រហម គឺកើតឡើងបន្ទាប់ពីមានសេចក្ដីសម្រេចមួយនៅខែឧសភា ឆ្នាំ១៩៧៥។
ក្នុងសវនាការនៅថ្ងៃទី៧ ឧសភា លោក ហ្វ៊ីលីព ហ្សត ត្រូវបានសហព្រះរាជអាជ្ញាសួរដេញដោលបញ្ជាក់អំពីព័ត៌មានក្នុងសៀវភៅរបស់លោក ស្ដីពីមនោគមវិជ្ជារបស់ខ្មែរក្រហម ទាក់ទងនឹងការបង្កើតរបបសមូហភាព និងការសម្លាប់ជាដើម។
ឆ្លើយតបនឹងសំណួររបស់សហព្រះរាជអាជ្ញា លោក ហ្វ៊ីលីព ហ្សត បានជម្រាបអង្គជំនុំជម្រះថា មនោគមវិជ្ជាដែលនាំឱ្យមានការសម្លាប់នៅក្នុងរបបខ្មែរក្រហម គឺកើតឡើងបន្ទាប់ពីមានសេចក្ដីសម្រេចមួយ នៅខែឧសភា ឆ្នាំ១៩៧៥ ដែលថា អ្វីៗទាំងអស់ដែលនៅក្រៅបដិវត្តន៍ បានក្លាយជាគោលដៅស្របច្បាប់ និងចាំបាច់ក្នុងការកម្ទេច ឬសម្លាប់។ ក្នុងនោះ ក៏ត្រូវប៉ះពាល់ក្រុមរណសិរ្សរបស់សម្ដេចព្រះ នរោត្ដម សីហនុ ដែលធ្លាប់ជាសម្ព័ន្ធមិត្តក្នុងអំឡុងពេលតស៊ូរំដោះជាតិផងដែរ។
លោកបន្តថា សេចក្ដីសម្រេចរបស់បក្សកុម្មុយនិស្តកម្ពុជា នៅពេលនោះ បានចាត់ទុកក្រុមរណសិរ្ស លែងមានសារប្រយោជន៍សម្រាប់ពួកគេទៀតហើយ ព្រោះអ្វីៗ គ្រប់យ៉ាងសុទ្ធតែនៅក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តកម្ពុជា ទាំងអស់ ដើម្បីឆ្ពោះទៅរករបបកម្ពុជាប្រជាធិបតេយ្យស្អាតបរិសុទ្ធ។
លោក ហ្វ៊ីលីព ហ្សត ថ្លែងថា មនោគមវិជ្ជាលើសមូហភាពនិយម ក៏ជាកត្តាមួយនាំឱ្យមានការសម្លាប់ដែរ ដោយសារតែគំនិតឯកជន គឺវាផ្ទុយនឹងគំនិតអង្គការបដិវត្តន៍ ហើយបញ្ហាសមូហភាព ទាំងខាងស្មារតីក្ដី ទាំងខាងស្មារតីក្ដី គឺជាការជំទាស់ខ្លាំងក្លារបស់អ្នកដែលនៅខាងក្រៅបដិវត្តន៍៖ «ដូច្នេះបញ្ហាទាំងឡាយណាដែលបង្ហាញឱ្យឃើញពីទស្សនៈទាក់ទងទៅនឹងទ្រព្យសម្បត្តិឯកជន ទស្សនៈឯកជន គេចាត់ទុកថា ជាការជំទាស់ទៅនឹងបដិវត្តន៍ហើយ»។
លោកបញ្ជាក់ថា មនោគមវិជ្ជានៃការបំបាត់ភាពឯកជនរបស់ពលរដ្ឋ ពួកបក្សកុម្មុយនិស្តកម្ពុជា មិនត្រឹមតែលុបបំបាត់ខាងសម្ភារៈប៉ុណ្ណោះទេ សូម្បីតែស្មារតី ការគិតគូរផ្សេងៗ គ្នារបស់មនុស្សម្នាក់ៗ ការមានគំនិតផ្ដួចផ្ដើមតិចច្រើនខុសគ្នា គំនិតឆ្នៃប្រឌិត ឬប្លែកគ្នា ឧត្ដមគតិ ក៏ត្រូវបានលុបបំបាត់ជាប្រព័ន្ធដែរ។
លោក ហ្វ៊ីលីព ហ្សត មានប្រសាសន៍ទាក់ទងនឹងមនោគមវិជ្ជាសមូហភាព ដែលថាអ្វីៗ ត្រូវគ្រប់គ្រង និងដឹកនាំដោយបក្សកុម្មុយនិស្តកម្ពុជា គឺនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អំណាចតុលាការ គេមិនចាំបាច់ឱ្យមានទេ។ លោកពន្យល់ថា ហេតុផលនេះ គឺព្រោះតែការសម្រេចដោយឯករាជ្យរបស់តុលាការ ជាការប្រឆាំង ឬផ្ទុយនឹងគោលនយោបាយរបស់បក្ស។
ផលវិបាកនៃប្រព័ន្ធអនុវត្តន៍ដែលមិនមានតុលាការនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានលោក ហ្វ៊ីលីព ហ្សត ពន្យល់ថា ជាប្រព័ន្ធដែលកើតចេញពីមនោគមវិជ្ជាបក្សកុម្មុយនិស្តកម្ពុជា ដែលមានមនុស្សមួយក្រុមតូចជាអ្នកសម្រេច។
សវនាការស្ដាប់សក្ខីកម្មអ្នកជំនាញ ហ្វ៊ីលីព ហ្សត នឹងបន្តនៅព្រឹកថ្ងៃពុធ ទី៨ ខែឧសភា ទៀត ដែលនឹងត្រូវបញ្ចប់ការសួរដេញដោលរបស់សហព្រះរាជអាជ្ញា និងមេធាវីដើមបណ្ដឹងរដ្ឋប្បវេណី ហើយនៅពេលរសៀលជាវេនរបស់មេធាវីការពារក្ដីជនជាប់ចោទ នួន ជា និង ខៀវ សំផន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
