អង្គជំនុំជម្រះសាលាដំបូង នៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២២ កញ្ញា បានបញ្ចប់ការស្ដាប់សាក្សីអតីតជាកងការពារប្រធានភូមិភាគពាយ័ព្យ ទាក់ទងនឹងការដឹកសម្ភារៈពីព្រំដែនវៀតណាមទៅខេត្តបាត់ដំបង។ សាក្សីដែលមិនសូវនិយាយស្ដីរូបនេះ នៅលាក់អត្តសញ្ញាណនៅឡើយ ព្រោះលោកឋិតនៅក្រោមការស៊ើបអង្កេតក្នុងសំណុំរឿងផ្សេង។ បន្ទាប់ពីសាក្សីរូបនេះ អង្គជំនុំជម្រះនឹងលើកសវនាការទៅក្រោយបុណ្យភ្ជុំបិណ្ឌ។
អង្គជំនុំជម្រះសាលាដំបូងនៅថ្ងៃទី២២ កញ្ញា ប្រកាសផ្អាកសវនាការរហូតដល់ក្រោយថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌហើយ មុននឹងជជែកដេញដោលលើភស្តុតាងរបស់ដើមបណ្ដឹងរដ្ឋប្បវេណីថ្មីមួយរូប។
សំឡេង៖ « សវនាការលើកទៅធ្វើនៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ ២០១៦ ចាប់ពីម៉ោង ៩ព្រឹកទៅ » ។
ការប្រកាសផ្អាកនេះ គឺធ្វើឡើងតាមការស្នើសុំរបស់មេធាវីការពារក្ដីទាំងពីរក្រុមរបស់ជនជាប់ចោទ។ មេធាវីអន្តរជាតិការពារក្ដីជនជាប់ចោទ នួន ជា អ្នកស្រី ដូរីន ចិន (Doreen Chen) លើកហេតុផលថា ខ្លឹមសារឯកសាររបស់ដើមបណ្ដឹងរដ្ឋប្បវេណីសំខាន់មួយរូប ដែលនឹងមកផ្ដល់សក្ខីកម្មបន្ទាប់នោះ មិនទាន់បានបកប្រែគ្រប់ជាភាសាបារាំង និងអង់គ្លេសនៅឡើយ។ ក្រុមមេធាវីបញ្ជាក់ថា បញ្ហានេះ ធ្វើឲ្យភាគីអន្តរជាតិមិនអាចក្ដាប់ព័ត៌មានបានអស់៖ «យើងខ្ញុំយល់ឃើញថា ដើមបណ្ដឹងរដ្ឋប្បវេណីនេះ គឺមានសារសំខាន់ណាស់។ ជាពិសេស ពាក់ព័ន្ធទៅនឹងប្រវត្តិសាវតាររបស់ដើមបណ្ដឹងរដ្ឋប្បវេណីរូបនេះ។ ពាក់ព័ន្ធការផ្អាកការសួរចម្លើយនោះ គឺវាពាក់ព័ន្ធទៅនឹងឯកសារនៅក្នុងសំណុំរឿង។ យើងខ្ញុំយល់ថា វាសមហេតុសមផលដែរ ដែលដើមបណ្ដឹងរដ្ឋប្បវេណីតែក្រោយពេលណាព័ត៌មានទាំងនេះ ត្រូវភាគីទទួលបានគ្រប់ជ្រុងជ្រោយជាមុនសិន។ ជាពិសេស បើសិនណាអាចធ្វើទៅបាន គឺក្រែងលោថាវាមានភាពខុសគ្នានូវប្រការណាមួយ » ។
មេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន អ្នកស្រី អង់តា ហ្គីហ្សេ (Anta Gusse) គាំទ្រសំណើសុំរបស់មេធាវីជនជាប់ចោទ នួន ជា ព្រោះថាភាគីខ្លួនខ្វះពេលវេលា។
សំឡេង៖ «យើងតែងតែលើកជាបញ្ហា នៅពេលណាមានដើមបណ្ដឹងរដ្ឋប្បវេណី ឬសាក្សី ដែលមកពីសំណុំរឿងផ្សេង ហើយពេលខ្លះ យើងតែដឹងព័ត៌មានយឺតពេលទៅហើយ។ អ៊ីចឹង វាធ្វើឲ្យយើងពិបាករៀបចំខ្លួន។ ករណីនេះជាករណីពិសេស។ អ៊ីចឹងហើយ យើងគាំទ្រឲ្យមានការដាក់ឯកសារនេះជាភស្តុតាង ព្រោះវាជាចម្លើយពីមុនរបស់ដើមបណ្ដឹងរដ្ឋប្បវេណី។ ខ្ញុំមិនដឹងថាភាគីផ្សេងយល់យ៉ាងម៉េចទេ តែមេធាវីការពារក្ដី ត្រូវការពេលវេលា ដើម្បីត្រៀមខ្លួនចំពោះភស្តុតាងថ្មីនេះ » ។
ដើមបណ្ដឹងរដ្ឋប្បវេណីថ្មី ដែលមានលេខកូដថា 2-PTCCP-1064 ត្រូវបានគ្រប់ភាគីក្នុងសំណុំរឿង ០០២ វគ្គ ២ ចាត់ទុកថា មានសារសំខាន់ទាក់ទងនឹងបញ្ជានៃការរៀបអាពាហ៍ពិពាហ៍។
មេធាវីនាំមុខដើមបណ្ដឹងរដ្ឋប្បវេណី គឺលោក ពេជ អង្គ មិនបានជំទាស់នឹងការស្នើសុំរបស់ក្រុមមេធាវីជនជាប់ចោទទេ ព្រោះភាគីលោក ក៏យល់ថា ព័ត៌មានរបស់ដើម បណ្ដឹងរដ្ឋប្បវេណីថ្មីនេះ ពិតជាពាក់ព័ន្ធនឹងសំណុំរឿង៖ « យើងក៏បានពិនិត្យត្រួសៗ អំពីឯកសារនេះដែរ ដែលឯកសារនេះមានភាពពាក់ព័ន្ធ ហើយដើមបណ្ដឹងខ្លួនឯង ក៏គាត់និយាយថា គាត់ធ្លាប់បានអញ្ជើញមកផ្ដល់សម្ភាសន៍នៅ ឌីស៊ីខែម ( មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ផងដែរ។ ដូច្នេះ ចំពោះសំណើសុំនេះ យើងខ្ញុំមិនមានការជំទាស់ទេ » ។
ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម យ៉ា សុខន ប្រកាសថា សវនាការនៅអង្គារ ទី៤ ខែតុលា អង្គជំនុំជម្រះនឹងស្ដាប់អ្នកជំនាញមួយរូបទៀត ពាក់ព័ន្ធនឹងអង្គហេតុបទបញ្ជានៃការរៀបអាពាហ៍ពិពាហ៍នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សវនាការនៅថ្ងៃទី២២ កញ្ញា លោកចៅក្រម យ៉ា សុខន ប្រកាសពីសេចក្ដីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងដែរ ទាក់ទងការជជែកដេញដោលគ្នាកាលពីថ្ងៃទី១៥ សីហាដែលថា អង្គជំនុំជម្រះនឹងកោះហៅសាក្សីបន្ថែមមួយរូបទៀត ក្នុងអង្គហេតុជម្លោះប្រដាប់អាវុធ។ អង្គជំនុំជម្រះនឹងស្ដាប់សាក្សីរូបនេះរយៈពេលពីរថ្ងៃ នៅពាក់កណ្ដាលខែតុលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
