បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​មរណភាព​លោក អៀង សារី

0:00 / 0:00

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហ​ព្រះរាជ​អាជ្ញា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ​២០១៣ បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា មរណភាព​របស់​ជន​ជាប់​ចោទ អៀង សារី ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាល​ពី​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០១៣ គឺ​ដោយសារ​មូលហេតុ​ធម្មជាតិ។

មន្ត្រី​នាំ​ពាក្យ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា បញ្ជាក់​បន្ថែម​ថា សហ​ព្រះរាជ​អាជ្ញា​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ​ថា មរណភាព​របស់​ជន​ជាប់​ចោទ អៀង សារី គឺ​បណ្ដាល​មក​ពី​ការ​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​មិន​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​បាន និង​ការ​ស្ពៀត​សរសៃ​ឈាម​ចិញ្ចឹម​បេះដូង ដែល​មាន​តាំង​ពី​មុន​ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​ម្ល៉េះ៖ «ការ​រក​ឃើញ​នេះ ត្រូវ​បាន​បញ្ជាក់​អះអាង​ដោយ (១) ….រហូត​ដល់​គាត់​ទទួល​មរណភាព​នៅ​ពេល​ក្រោយ​មក​នា​ព្រឹក​នោះ»

នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នោះ សហ​ព្រះរាជ​អាជ្ញា​ពុំ​បាន​រក​ឃើញ​មាន​កាលៈទេសៈ​គួរ​ឱ្យ​សង្ស័យ​ណា​មួយ ដែល​ទាក់ទង​នឹង​មរណភាព​របស់​ជន​ជាប់​ចោទ អៀង សារី ទេ។

សហ​ព្រះរាជ​អាជ្ញា បញ្ជាក់​ថា ដោយសារ​មាន​ភស្តុតាង​ច្បាស់​លាស់ និង​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ចំពោះ​មូលហេតុ​នៃ​មរណភាព​នេះ ទើប​ការ​វះ​កាត់​សាកសព​ជន​ជាប់​ចោទ អៀង សារី ដើម្បី​ពិនិត្យ គឺ​ពុំ​ចាំបាច់​ឡើយ ហើយ​ការ​ធ្វើ​ពិសោធន៍​រក​ជាតិ​ពុល​ក្នុង​ឈាម ក៏​ពុំ​ចាំបាច់​ដែរ។ ម្យ៉ាង​ទៀត ក្រុម​គ្រួសារ និង​មេធាវី​របស់​គាត់ ក៏​មិន​មាន​បំណង​ការ​វះកាត់​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។