សាលាក្ដីខ្មែរក្រហម នៅថ្ងៃទី១៨ កុម្ភៈ តែងតាំងសហមេធាវីការពារក្ដីអន្តរជាតិមួយរូប ដើម្បីតំណាងឱ្យជនសង្ស័យម្នាក់ដែលមានឈ្មោះនៅក្នុងដីកាសន្និដ្ឋាននៃសំណុំរឿងក្ដីឧក្រិដ្ឋកម្មខ្មែរក្រហមលេខ ០០៤។
អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា បញ្ជាក់ថា សហមេធាវីការពារក្ដីអន្តរជាតិ ដែលសាលាក្ដីតែងតាំងនេះ គឺអ្នកស្រី ស៊ូហ្សាណា តូម៉ាណូវីក (Suzana Tomanovic) មកពីប្រទេស បូស្នី ហ៊ើស៊ីហ្គោវីណា (Bosnia Herzegovina) ដែលនឹងត្រូវធ្វើរួមគ្នាជាមួយសហមេធាវីជាតិ គឺលោក សូ មូស្សេន្នី ដែលសាលាក្ដីតែងតាំងកាលពីខែធ្នូ ឆ្នាំ២០១៣។
លោក នេត្រ ភក្ត្រា ថ្លែងថា សំណុំរឿង ០០៣ និង ០០៤ កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ ហើយសហចៅក្រមស៊ើបអង្កេត គ្រោងបញ្ចប់ការស៊ើបអង្កេតនៅពាក់កណ្ដាលឆ្នាំ២០១៤នេះ។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា ក្រោយការបញ្ចប់ការស៊ើបអង្កេត សាលាក្ដីខ្មែរក្រហមនឹងប្រកាសដល់សាធារណជនថា តើជនសង្ស័យទាំងនោះ ជាប់ក្នុងយុត្តាធិការរបស់សាលាក្ដី ឬមិនជាប់ជាមេដឹកនាំជាន់ខ្ពស់ ឬជាអ្នកទទួលខុសត្រូវខ្ពស់បំផុត។
លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា សំណុំរឿង ០០៣ និង ០០៤ នេះមិនអាចវិនិច្ឆ័យមុនបានទេ ព្រោះឱ្យប៉ះពាល់ការស៊ើបអង្កេត។ ក៏ប៉ុន្តែលោកឱ្យដឹងថា ជនសង្ស័យអាចមានចំនួនប្រាំនាក់។
សេចក្ដីប្រកាសរបស់សាលាក្ដីខ្មែរក្រហមសរសេរថា អ្នកស្រី ស៊ូហ្សាណា តូម៉ាណូវីក ដែលត្រូវតែងតាំងជាមេធាវីសម្រាប់ជនសង្ស័យក្នុងសំណុំរឿងក្ដី លេខ ០០៤ នេះ មានបទពិសោធន៍ជាមេធាវីជាង ២៧ឆ្នាំ។ អ្នកស្រី ស៊ូហ្សាណា ជាអ្នកជំនាញការពារក្ដីព្រហ្មទណ្ឌអន្តរជាតិ ហើយមុននឹងត្រូវតែងតាំងជាមេធាវីការពារក្ដីជនសង្ស័យក្នុងសំណុំរឿងក្ដីលេខ ០០៤ អ្នកស្រីធ្លាប់ជាអ្នកជំនាញច្បាប់ នៅក្នុងក្រុមមេធាវីការពារក្ដីជនជាប់ចោទ អៀង សារី ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
