សាលា​ក្ដី​ខ្មែរ​ក្រហម​បន្ត​ស្ដាប់​សក្ខីកម្ម​អតីត​យោធិន​ខ្មែរ​ក្រហម​នៅ​ពោធិ៍សាត់

0:00 / 0:00

សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី២ ខែ​ឧសភា បន្ត​ធ្វើ​សវនាការ​ដោយ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ថ្មី​មួយ​រូប​ទៀត ឈ្មោះ លឹម សាត។ សាក្សី លឹម សាត បច្ចុប្បន្ន​មាន​អាយុ ៥៤​ឆ្នាំ ជា​អតីត​យោធិន​ខ្មែរ​ក្រហម ដែល​ដឹង​អំពី​ការ​សម្លាប់​អតីត​ទាហាន និង​ប៉ូលិស​របប លន់ នល់ នៅ​ទួល​ពោធិ៍ជ្រៃ ក្នុង​ខេត្ត​ពោធិ៍សាត់។

អតីត​យោធិន​ខ្មែរ​ក្រហម​ម្នាក់​ក្នុង​កងវរសេនាតូច​លេខ​២០២ នៅ​តំបន់​៧ ក្នុង​ខេត្ត​ពោធិ៍សាត់ ឈ្មោះ លឹម សាត ដែល​មក​ធ្វើ​ជា​សាក្សី​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម ថ្លែង​ថា នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ នៅ​ពេល​ដែល​កងទ័ព​ខ្មែរ​ក្រហម​ចូល​កាន់​អំណាច លោក​ជា​អ្នក​ទទួល​បញ្ជា​ឱ្យ​ប្រមូល​អតីត​ទាហាន និង​ប៉ូលិស​ក្នុង​របប លន់ នល់ ឱ្យ​ទៅ​ប្រជុំ​នៅ​សាលា​ខេត្ត ហើយ​បន្ទាប់​មក​គេ​ដឹក​យក​ទៅ​សម្លាប់​នៅ​ទួល​ពោធិ៍ជ្រៃ ក្នុង​ខេត្ត​នោះ៖ «បាទ! ខ្ញុំ​ប្រមូល​ទៅ ខ្ញុំ​មិន​ចាប់​អារម្មណ៍​ថា​គេ​សម្លាប់​ចោល​ទេ ព្រោះ​អី​ខ្ញុំ​ទទួល​នាទី​នៅ​យាម​ចាំ​ឡាន​តាម​ផ្លូវ។ ឡាន​ហ្នឹង​ពួក​ឡាន​ទាហាន ហ្សេ.អឹម.សេ (GMC) ហើយ​ពួក​ឡាន​សំណាញ់ ដឹក​បាន​មនុស្ស ៣០​នាក់។ ដឹក​ទៅ​ទួល​ពោធិ៍ជ្រៃ តែ​ម្ដង»

សាក្សី លឹម សាត ដូច​គ្នា​សាក្សី អ៊ុង ឆាត់ កាល​ពី​ដើម​សប្ដាហ៍​នេះ​ដែរ បាន​ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា ពួក​អតីត​ទាហាន ប៉ូលិស របប លន់ នល់ ទាំង​នោះ​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​បោក​បញ្ឆោត​ថា យក​ទៅ​រៀន​សូត្រ ហើយ​ដឹក​ទៅ​ទួល​ពោធិ៍ជ្រៃ នោះ៖ «បាទ! គេ​និយាយ​ប្រាប់​ថា ជួបជុំ​ទាហាន​អី​ហ្នឹង គេ​ថា ឱ្យ​រៀន​សូត្រ ហើយ​រៀន​សូត្រ​ហើយ ត្រឡប់​មក​វិញ គេ​ថា​អ្នក​ណា​ធ្វើ​ការ​អី ឱ្យ​ធ្វើ​ខាង​ហ្នឹង​វិញ»

លោក​ថា មេ​បញ្ជា​ការ​របស់​លោក ប្រាប់​លោក​អំពី​មូលហេតុ​ដែល​គេ​យក​អតីត​ទាហាន និង​ប៉ូលិស​ក្នុង​របប លន់ នល់ ទាំង​នោះ​មក​រៀន​សូត្រ​ថា បើ​ទុក​ឱ្យ​ពួក​គេ​នៅ ពួក​គេ​អាច​នឹង​រើ​បម្រះ​ឡើង​វិញ៖ «ខ្ញុំ​ដឹង​ពី​បញ្ជាការ​វរៈ​ខ្ញុំ ប្រាប់​ខ្ញុំ​ថា ប្រមូល​ប៉ូលិស​ទៅ​រៀន​សូត្រ​នេះ ដើម្បី​ថា​ពួក​ទាហាន​ប៉ូលិស​នៅ​ខ្លាច​គេ​រើ​បម្រះ។ ថ្នាក់​បញ្ជាការ​វរៈ​ខ្ញុំ​ឈ្មោះ ហួន អនុវរៈ​ឈ្មោះ ម៉ុល»

លោក​បន្ត​ថា បញ្ជា​ដែល​លោក​បាន​ទទួល​នោះ គឺ​មេ​បញ្ជាការ​របស់​លោក​ទទួល​ពី​ថ្នាក់​ដឹក​នាំ​នៅ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ទៅ។ សាក្សី​ថ្លែង​ថា ជន​ជាប់​ចោទ ខៀវ សំផន ជា​អ្នក​កាន់​ទ័ព​ម្នាក់​នៅ​ប្រទេស​កម្ពុជា ពេល​នោះ។

សាក្សី លឹម សាត រៀបរាប់​ទៀត​ថា វិធី​ដែល​គេ​យក​ទាហាន​នោះ​ទៅ គឺ​មាន​ប្រធាន​ភូមិ​ភាគ​ឈ្មោះ តា ញឹម និង​ប្រធាន​គណៈ​បញ្ជាការ​កងទ័ព​ភូមិ​ភាគ​ឈ្មោះ តា ខ្លែង ដែល​បញ្ជា​ឱ្យ​ដឹក​យក​ទៅ​ម្ដង​ពីរ​ឡាន ហើយ​ក្នុង​មួយ​ឡានៗ​មាន​មនុស្ស​ប្រហែល ៣០​នាក់។ លោក​ប៉ាន់​ស្មាន​ថា អតីត​ទាហាន និង​ប៉ូលិស​របប លន់ នល់ ដែល​គេ​យក​ទៅ​សម្លាប់​នៅ​ទួល​ពោធិ៍ជ្រៃ នោះ មាន​ចំនួន​ប្រហែល​ជា ២​ពាន់​នាក់។

ទោះ​ជា​ដូច្នេះ​ក្ដី សាក្សី​ថ្លែង​ថា លោក និង​ក្រុម​របស់​លោក​មិន​បាន​ចូលរួម​សម្លាប់​អ្នក​ទាំង​នោះ​ទេ ហើយ​លោក​ត្រូវ​បញ្ជា​ឱ្យ​នៅ​យាម​ឡាន​ដែល​ដឹក​ទៅ​នោះ។ ទីតាំង​ដែល​លោក​ទទួល​បញ្ជា​ឱ្យ​យាម​ឡាន​ដែល​ដឹក​ទៅ​នោះ គឺ​មាន​ចម្ងាយ​ប្រមាណ ១០​គីឡូ​ម៉ែត្រ ពី​ទីតាំង​សម្លាប់​ទួល​ពោធិ៍ជ្រៃ។ ប៉ុន្តែ លោក​ដឹង​ថា កម្លាំង​អ្នក​សម្លាប់​ដែល​នៅ​ទួល​ពោធិ៍ជ្រៃ នោះ អាច​មាន​ចំនួន ៥០​នាក់។

ការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី លឹម សាត នៅ​មិន​ទាន់​បញ្ចប់​ទេ គឺ​អង្គ​ជំនុំ​ជម្រះ​នឹង​បន្ត​ស្ដាប់​សាក្សី​រូប​នេះ​ទៀត​នៅ​ថ្ងៃ​សុក្រ ទី៣ ខែ​ឧសភា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។