ជនជាប់​ចោទ អៀង សារី ទទួល​មរណភាព

លោក អៀង សារី អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​​ខ្មែរ​ក្រហម បាន​ទទួល​មរណភាព​នៅ​ម៉ោង ៨ និង ៤៥​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា នា​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត រាជធានី​ភ្នំពេញ។

0:00 / 0:00

សាច់ញាតិ​រៀបចំ​ធ្វើ​បុណ្យ​សព​លោក អៀង សារីOpens in new window ]

​លោក អៀង សារី ស្លាប់​ក្នុង​អាយុ ៨៨​ឆ្នាំ និង​ក្នុង​​ពេល​លោក​មាន​ឋានៈ​ជា​ជន​ជាប់​ចោទ​របស់​សាលាក្ដី​ខ្មែរ​ក្រហម។ លោក​បាន​ចូល​សម្រាក​ពេទ្យ​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​៤ មីនា កន្លង​ទៅ ហើយ​ស្នាក់​នៅ​ព្យាបាល​រហូត​ដល់​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ។

សាកសព​លោក អៀង សារី បាន​ដឹក​ចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត វេលា​ម៉ោង​ជិត ៣​រសៀល ទៅ​ធ្វើ​បុណ្យ​នៅ​ផ្ទះ​គាត់​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ តាម​ការ​ចាត់ចែង​របស់​សាច់ញាតិ​គ្រួសារ​នៃ​សព ក្រោយ​ពី​សហ​ព្រះរាជអាជ្ញា​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​យល់​ព្រម។

លោកស្រី ជា លាង សហ​ព្រះរាជអាជ្ញា​សាលាក្ដី​ខ្មែរ​ក្រហម មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​១៤ មីនា នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ថា តាម​ព័ត៌មាន​ពី​ខាង​គ្រូពេទ្យ​ព្យាបាល និង​ការ​ពិនិត្យ​សាកសព​ពី​មន្ត្រី​សាលាក្ដី គឺ​លោក អៀង សារី ស្លាប់​ដោយសារ​ជំងឺ និង​ចុះ​ខ្សោយ​កម្លាំង​បេះ​ដូង។

លោកស្រី ជា លាង៖ «គ្រូពេទ្យ​ព្យាបាល​លោក អៀង សារី បាន​បញ្ជាក់​ថា មូល​ហេតុ​នៃ​មរណភាព​របស់​លោក គឺ​អស់​សមត្ថភាព​នៃ​បេះដូង។ ក្នុង​រយៈពេល ១​ឆ្នាំ​ចុង​ក្រោយ​នេះ លោក អៀង សារី បាន​ចូល​មក​សម្រាក​ពេទ្យ​ជា​ច្រើន​ដង។ លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​៤ មីនា ឆ្នាំ​២០១៣ ដោយសារ​អាការ​ក្អួត​ចង្អោរ និង​ចុះ​ខ្សោយ​បេះដូង»

លោកស្រី ជា លាង បាន​ឲ្យ​ដឹង​បន្ថែម​ថា តាម​សំណូមពរ​ពី​ខាង​គ្រួសារ និង​មេធាវី​ការពារ​លោក អៀង សារី គួបផ្សំ​ជាមួយ​ប្រវត្តិ​មាន​ជំងឺ​កន្លង​មក​របស់​លោក អៀង សារី នោះ សហ​ព្រះរាជអាជ្ញា​សាលាក្ដី​ខ្មែរ​ក្រហម​សម្រេច​មិន​ធ្វើ​ការ​វះកាត់​សាកសព ពិនិត្យ​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ទេ ហើយ តាម​មាត្រា ៧ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​អនុវត្ត​នៅ​ប្រទេស​កម្ពុជា ការ​ស្លាប់​របស់​លោក អៀង សារី នេះ គឺ​បញ្ចប់​ការ​ចោទ​ប្រកាន់​នានា​ទៅ​លើ​រូប​លោក ដែល​ពាក្យ​ច្បាប់​ហៅ​ថា ការ​រំលត់​នៃ​បណ្តឹង​អាជ្ញា។

លោកស្រី ជា លាង៖ «អនុ​លោម​តាម​វិធាន ៣២​ស្ទួន នៃ​វិធាន​ផ្ទៃក្នុង​នៃ អ.វ.ត.ក ការិយាល័យ​សហ​ព្រះរាជអាជ្ញា​មាន​ភារកិច្ច​កំណត់​មូលហេតុ​នៃ​មរណភាព​នៃ​ជន​ជាប់​ចោទ​ដែល​កំពុង​ជាប់​ឃុំឃាំង។ ក្រោយ​ពេល​លោក អៀង សារី ទទួល​មរណភាព​នៅ​ព្រឹកមិញ​នេះ មន្ត្រី​បុគ្គលិក​នៃ​ការិយាល័យ​សហ​ព្រះរាជអាជ្ញា បាន​ចូល​រួម​ដើម្បី​កំណត់​អំពី​មូលហេតុ​នៃ​មរណភាព។ ការិយាល័យ​សហ​ព្រះរាជអាជ្ញា​សង្ឃឹម​ថា នឹង​ចេញ​ផ្សាយ​សេចក្ដី​សន្និដ្ឋាន​មួយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ»

មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​លោក អៀង សារី ស្លាប់​ហើយ​ក៏​ដោយ តែ​សំណុំ​រឿង ០០២ នៃ​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​តែ​បន្ត​ដំណើរ​ការ​ជា​ធម្មតា ជាមួយ​ជន​ជាប់​ចោទ​ដែល​នៅ​រស់។ ជន​ជាប់​ចោទ​ដែល​នៅ​រស់​ក្នុង​សំណុំ​រឿង ០០២ មាន​លោក ខៀវ សំផន អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​របស់​របប​ខ្មែរ​ក្រហម លោក នួន ជា អតីត​ប្រធាន​រដ្ឋ​សភា​នៃ​របប​ខ្មែរ​ក្រហម។

កាល​ពី​នៅ​រស់ លោក អៀង សារី ជា​ជន​ជាប់​ចោទ​របស់​សាលាក្ដី​ខ្មែរ​ក្រហម ហើយ​ត្រូវ​ឃុំ​ខ្លួន​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម។ សហ​ព្រះរាជអាជ្ញា​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ចោទ​លោក អៀង សារី ពី​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩។

លោក អាង ឧត្តម សហ​មេធាវី​ការពារ​ក្តី​លោក អៀង សារី បាន​ឲ្យ​ដឹង​ថា ព័ត៌មាន​ពី​ប្រភព​គ្រួសារ​លោក អៀង សារី បាន​និយាយ​ថា ការ​ស្លាប់​របស់​លោក អៀង សារី នេះ ក្រុម​គ្រួសារ​សាច់​ញាតិ​នៅ​លាក់​សិន មិន​ទាន់​ឲ្យ​លោកស្រី អៀង ធីរិទ្ធ ជា​ភរិយា​ដឹង​នៅ​ឡើយ​ទេ ដោយសារ​លោកស្រី​មាន​ជំងឺ​ខាង​ស្មារតី។

ចំពោះ​ការ​ស្លាប់​របស់​លោក អៀង សារី ដោយ​មិន​ទាន់​មាន​សាលក្រម​ផ្ដន្ទាទោស​ពី​សំណាក់​សាលាក្ដី​ខ្មែរ​ក្រហម​នេះ មាន​មនុស្ស​ជា​ច្រើន​នាក់​ដែល​ធ្លាប់​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​គ្រប់គ្រង​កាល​ពី​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩ បណ្ដាល​ឲ្យ​មនុស្ស​ជិត ២​លាន​នាក់​ស្លាប់​នោះ មាន​ការ​សោកស្ដាយ ដោយសារ​ពួកគេ​មិន​ទាន់​ដឹង​ថា តើ​កំហុស​លោក អៀង សារី នោះ ត្រូវ​មាន​ទោស​របៀប​ណា?

ជន​រង​គ្រោះ​មួយ​រូប​ក្នុង​របប​ខ្មែរ​ក្រហម ហើយ​ជា​អ្នក​ធ្លាប់​ជាប់​ឃុំ​ក្នុង​គុក​ទួលស្លែង គឺ​លោក ជុំ ម៉ី មាន​យោបល់​ថា ការ​កាត់​ក្តី​របស់​សាលាក្ដី​ខ្មែរ​ក្រហម​នេះ​យឺត​ពេក បាន​ជា​ធ្វើ​ឲ្យ​ជន​ជាប់​ចោទ​ស្លាប់​ដោយ​មិន​ទាន់​មាន​សាលក្រម​ផ្ដន្ទាទោស។

លោក ជុំ ម៉ី៖ «ការ​ស្លាប់​របស់​លោក អៀង សារី ដូច​ជា​ការ​បរាជ័យ​របស់​សាលាក្ដី អ.វ.ត.ក អ៊ីចឹង។ បាន​ជា​ខ្ញុំ​ថា​អ៊ីចឹង មក​ពី​ការ​កាត់​ទោស​នោះ​វា​យូរ​ពេក ហួស​ការ​ស្មាន ការ​សន្និដ្ឋាន​របស់​ខ្ញុំ មិន​ដឹង​ថា នីតិវិធី​វា​អូស​បន្លាយ​ពេល​ច្រើន​ឆ្នាំ​អ៊ីចឹង​ទេ។ ឯកសារ​មាន​គ្រប់គ្រាន់​ទាំង​អស់ ឯកសារ​រស់​មាន​គ្រប់គ្រាន់​ទាំង​អស់ ហេតុ​អ្វី​ធ្វើ​មិន​កើត? យើង​ត្រូវ​រក​ពី​មូលហេតុ តើ​មូលហេតុ​ខ្វះ​អី»?

លោក អៀង សារី ជា​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម។ លោក​ធ្លាប់​ត្រូវ​តុលាការ​របស់​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា កាត់​ទោស​ប្រហារ​ជីវិត​កាល​ពី​ខែ​សីហា ឆ្នាំ​១៩៧៩។ ប៉ុន្តែ​ក្រោយ​មក នៅ​ឆ្នាំ​១៩៩៦ លោក​បាន​ទទួល​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ ដោយសារ​លោក​បាន​ដឹកនាំ​កងទ័ព​អតីត​ទាហាន​ខ្មែរ​ក្រហម​ជា​ច្រើន​ពាន់​នាក់ ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល។ ក្រោយ​ពេល​តុលាការ​កូន​កាត់​ខ្មែរ និង​អង្គការ​សហប្រជាជាតិ​បង្កើត​ឡើង​ដែល​គេ​ហៅ​ថា សាលាក្ដី​ខ្មែរ​ក្រហម ដើម្បី​កាត់​ទោស​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០០៧ លោក អៀង សារី បាន​ត្រូវ​ចាប់ ហើយ​ឃុំ​ខ្លួន​តាំង​ពី​ពេល​នោះ​មក​រហូត​ដល់​ស្លាប់​ក្នុង​មន្ទីរពេទ្យ៕

សូម​ស្ដាប់​ជីវប្រវត្តិ​សង្ខេប​របស់​លោក អៀង សារី ដែល​រាយការណ៍​ជូន​ដោយ​លោក ជី វិតា៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។