សាលាក្ដី​ខ្មែរក្រហម​បន្ត​សួរ​ដេញដោល​អតីត​អ្នក​ថតរូប​នៅ​គុក​ទួលស្លែង

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​២០ ខែ​មេសា បាន​បន្ត​ការ​ស្ដាប់​សក្ខីកម្ម​លោក ញ៉ែម អេន អតីត​អ្នក​ថតរូប​នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង។ លោក ញ៉ែម អេន ជម្រាប​អង្គ​ជំនុំជម្រះ​ថា ការ​ដាក់​ឈ្មោះ និង​លេខ​រៀង​អ្នក​ទោស​ពេល​ថតរូប គឺ​ដើម្បី​ងាយ​មើល​ប្រវត្តិរូប។

សាក្សី ញ៉ែម អេន បញ្ជាក់​នៅ​ថ្ងៃ​ទី​២០ មេសា ថា ការងារ​ថតរូប​អ្នកទោស​ដែល​មាន​ដាក់​ឈ្មោះ និង​លេខរៀង​ដែល​បន្សល់​មក​ដល់​សព្វថ្ងៃ​នេះ គឺ​ជា​ការ​សម្រេច​របស់​ប្រធាន​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស គឺ​លោក សុន សេន។

ទោះ​ជា​ដូច្នេះ​ក្ដី លោក​ថ្លែង​ថា មាន​កុមារ​ជា​ច្រើន​នាក់ គេ​មិន​បាន​ថតរូប​ទុក​ទេ លើកលែង​តែ​កុមារ​ជា​កូន​របស់​អ្នក​ទោស​ជា​កម្មាភិបាល ឬ​អ្នក​មាន​ឋានៈ​ខ្ពស់ ដែល​ត្រូវ​គេ​ចាប់​បញ្ជូន​មក​គុក​ទួល​ស្លែង៖ «កូន​ក្មេង​ដែល​ខ្ញុំ​បាន​ឃើញ​ដឹក​មក​ទាំង​ឡានៗ ដែល​ដឹក​ឪពុកម្ដាយ​មក​ហើយ គែ​ចាប់​កូន។ និយាយ​រួម​ទៅ ទាំង​មួយ​ពូជៗ ក៏​មាន ប្រហែល​មិន​ក្រោម​មួយ​ពាន់​នាក់​ជាង ឬ​ពីរ​ពាន់​នាក់។ កាល​សម័យ​នោះ ឱ្យ​តែ​ចាប់​ម្ដាយ​ឪពុក​ហើយ គឺ​ក្មេង​អត់​រួច​ទេ។ ទាំង​ពូជៗ ប៉ុន្តែ​អត់​បាន​ថតរូប​ទេ»

លោក​ឱ្យ​ដឹង​ថា ក្រៅ​ពី​ការងារ​ថតរូប​អ្នក​ទោស​នៅ​ក្នុង​គុក​ទួលស្លែង និង​ព្រៃស លោក​ក៏​ត្រូវ​ទទួល​បញ្ជា​ទៅ​ថតកុន​អំពី​សកម្មភាព​លើក​ទំនប់​ជីក​ប្រឡាយ​របស់​កម្មករ នៅ​តាម​ភូមិ​ភាគ​ដែរ។ សក្ខីកម្ម​របស់​លោក ញ៉ែម អេន នៅ​ថ្ងៃ​ទី​២០ មេសា គឺ​ជា​សក្ខីកម្ម​ប្រឆាំង​ជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ២។

ទន្ទឹម​គ្នា​នេះ សាលាក្ដី​ខ្មែរក្រហម​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាក់ទង​នឹង​សំណុំរឿង ០០៤ គឺ​​មេធាវី​អន្តរជាតិ​មួយ​រូប ឈ្មោះ ចន ចូនស៍ (John R.W.D. Jones) បាន​ទទួល​មរណភាព។

លោក ចន ចូនស៍ ជា​ជនជាតិ​អង់គ្លេស ត្រូវ​បាន​អង្គភាព​គាំពារ​ការពារ​ក្ដី នៃ​សាលាក្ដី​ខ្មែរក្រហម ចាត់​តាំង​ជា​សហ​មេធាវី​អន្តរជាតិ ដើម្បី​តំណាង​ជនសង្ស័យ អ៊ឹម ចែម ក្នុង​សំណុំរឿង ០០៤ កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៤។ លោក​មាន​បទពិសោធន៍​ការពារ​រឿង​ក្ដី​នៅ​សាលាក្ដី​សំខាន់ៗ ព្រម​ទាំង​ធ្វើ​ជា​គ្រូ​ឧទ្ទេសនាម និង​បោះពុម្ព​ស្នាដៃ​និពន្ធ​ជា​ច្រើន។

មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា ថ្លែង​ថា តាម​នីតិវិធី​នៅ​សាលាក្ដី​ខ្មែរក្រហម ជន​សង្ស័យ អ៊ឹម ចែម ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​មេធាវី​ពីរ​រូប ដើម្បី​ការពារ​ក្ដី​របស់​ខ្លួន។ ដូច្នេះ អង្គភាព​គាំពារ​ការ​ការពារ​ក្ដី​ស្នើសុំ​ចាត់តាំង​មេធាវី​អន្តរជាតិ​មួយ​រូប​ថ្មី​ទៀត បន្ទាប់​ពី​ការ​រៀបចំ​ពិធី​កាន់​ទុក្ខ៖ «ប៉ុន្តែ​ត្រង់​ថា ឥឡូវ​នេះ​នីតិវិធី​យើង​មិន​ទាន់​ដឹង​ថា វិវឌ្ឍ​យ៉ាង​ម៉េច​ទេ គឺ​អង្គភាព​គាំពារ​ការ​ការពារ​ក្ដី គាត់​នឹង​ធ្វើ​ការងារ​ជា​មួយ​ជន​សង្ស័យ អ៊ឹម ចែម ក៏​ដូច​ជា​ក្រុម​ការងារ​ការពារ​ក្ដី​ឱ្យ​ជនសង្ស័យ​រូប​ហ្នឹង ដើម្បី​ស្នើសុំ​ជ្រើសរើស​ជា​ផ្លូវ​ការ មេធាវី​អន្តរជាតិ​មួយ​ជំនួស​អ្នក​ស្លាប់​បាត់បង់​ជីវិត​ហ្នឹង»។​

ករណី​ជន​សង្ស័យ អ៊ឹម ចែម នៅ​ក្នុង​សំណុំរឿង ០០៤ ត្រូវ​បាន​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត បិទ​បញ្ចប់​កិច្ច​ស៊ើបសួរ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥។ ជន​សង្ស័យ អ៊ឹម ចែម ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ ទាក់ទង​នឹង​បទ​ចោទ​រំលោភ​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ការ​រំលោភ​បំពាន​អនុសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ ហើយ​បទឧក្រិដ្ឋ​ទាំង​នោះ ត្រូវ​បាន​ប្រព្រឹត្ត​នៅ​មន្ទីរ​សន្តិសុខ​ភ្នំទ្រយោង និង​ការដ្ឋាន​ស្ពាន​ស្រែង ខេត្ត​សៀមរាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។