សាលា​ក្ដី​ខ្មែរ​ក្រហម​បញ្ចប់​ការ​ស្ដាប់​សាក្សី​ពី​ការ​ប្រមូល​អ្នក​រដ្ឋការ​យក​ទៅ​សម្លាប់

សវនាការ​របស់​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​អង្គារ ទី៣០ ខែ​មេសា បាន​បញ្ចប់​ការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី អ៊ុង ឆាត់ ដែល​ជា​អតីត​យោធា​ខ្មែរ​ក្រហម​ហើយ។ សាក្សី​រូប​នេះ គឺ​ជា​អ្នក​យាម​ទាហាន លន់ នល់ នៅ​ខេត្ត​ពោធិ៍សាត់ មុន​គេ​យក​ទៅ​សម្លាប់។

0:00 / 0:00

សវនាការ​នៅ​ថ្ងៃ​អង្គារ ទី៣០ ខែ​មេសា សាក្សី អ៊ុង ឆាត់ ត្រូវ​បាន​ភាគី​ក្នុង​សំណុំ​រឿង​០០២ សួរ​ដេញដោល​ជុំវិញ​ព្រឹត្តិការណ៍​ដែល​ទាហាន​ខ្មែរ​ក្រហម​ប្រមូល​អ្នក​រដ្ឋការ និង​ទាហាន លន់ នល់ យក​ទៅ​សម្លាប់​នៅ​ទួល​ពោធិ៍ជ្រៃ នា​ខេត្ត​ពោធិ៍សាត់ កាល​ពី​ឆ្នាំ​១៩៧៥។

សាក្សី អ៊ុង ឆាត់ ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា នៅ​ពេល​ដែល​បាន​ទទួល​ជ័យ​ជម្នះ​ភ្លាមៗ លោក​ទទួល​បញ្ជា​ពី​មេ​បញ្ជាការ​អនុសេនាធំ​របស់​លោក​ឈ្មោះ សមមិត្ត សារឹម សមមិត្ត ថើយ ឱ្យ​យាម​នៅ​ឯ​សាលា​ខេត្ត​ពោធិ៍សាត់ ពេល​ដែល​អ្នក​រដ្ឋការ និង​ទាហាន លន់ នល់ ដែល​ប្រជុំ​គ្នា​នៅ​ទី​នោះ៖ «ដោយ​ថ្ងៃ​១៩ មេសា ហ្នឹង ឡើង​ដល់​ពោធិ៍សាត់ ខ្ញុំ​ក៏​ឡើង​តាម​បទ​បញ្ជា គឺ​មក​តាម​តំបន់​៧។ ខ្ញុំ​គ្រប់គ្រង​អង្គភាព​ខ្ញុំ គឺ​តិច​ទេ តែ​បទ​បញ្ជា​ហ្នឹង គឺ​សមមិត្ត​ទាំង​ពីរ​រូប​គេ​ជា​បញ្ជាការ ហើយ​ឱ្យ​ខ្ញុំ​មក​ទទួល​នៅ​សាលា​ខេត្ត​ហ្នឹង គ្រាន់​តែ​យាម​កាម​តាម​របង និង​ច្រក​ទ្វារ​ទេ គឺ​ទទួល​បទ​បញ្ជា​តែ​ប៉ុណ្ណឹង។ តែ​ឱ្យ​ខ្ញុំ​ទៅ​ប្រមូល​ទាហាន​ស៊ីវិល​មក​ប្រជុំ​អី គឺ​ខ្ញុំ​ពុំ​បាន​ដឹង​ទេ គឺ​ទទួល​បន្ទុក​គ្រាន់​តែ​ឈរ​យាម​ឱ្យ​ប្រជារាស្ត្រ ឬ​នរណា​ចេញ​ចូល​បាន»

លោក​បញ្ជាក់​ថា អតីត​អ្នក​រដ្ឋការ និង​ទាហាន លន់ នល់ ទាំង​នោះ ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​ប្រមូល​ផ្ដុំ និង​ប្រាប់​ឱ្យ​ឡើង​ឡាន​ថា ទៅ​រៀន​សូត្រ និង​ទទួល​សម្ដេចឪ នៅ​ទួល​ពោធិ៍ជ្រៃ ដែល​ជា​បន្ទាយ​ទាហាន លន់ នល់៖ «គឺ​ចេញ​មក​វិញ​ហើយ​ទេ ដែល​គេ​តម្រង់​ឡើង​ឡាន​ទៅ​ស្រួល គេ​សួរ​គ្នា គេ​ទៅ​ណា​មក​ណី ដែល​ឡើង​ចេញ​ពី​សាលា​ខេត្ត​មក​ដល់​ថ្នល់​ហ្នឹង ស្រែក​សួរ​បង​ប្អូន​គេ។ ដូច​ខ្ញុំ​បាន​ប្រាប់​អ៊ីចឹង​ថា លោក​ទៅ​ខាង​ណា​ខាង​ណី ថា​ទៅ​រៀន។ ផ្ដាំ​ទៅ​ប្រពន្ធ​កូន​ថា​ទៅ​រៀន ទៅ​ជួប​សម្ដេចឪ​អី គឺ​ខ្ញុំ​បាន​ឮ​តែ​ប៉ុណ្ណឹង»

សាក្សី អ៊ុង ឆាត់ ថ្លែង​ថា ទោះ​បី​ជា​លោក​ជា​អ្នក​យាម​នៅ​ឯ​សាលា​ខេត្ត​ក្ដី លោក​មិន​បាន​ឃើញ​ហេតុការណ៍​ដែល​គេ​សម្លាប់​ទាហាន​ទាំង​នោះ​នៅ​ទួល​ពោធិ៍ជ្រៃ ដោយ​ផ្ទាល់​ទេ។ លោក​គ្រាន់​តែ​អាច​បញ្ជាក់​បាន​ថា លោក​គ្រាន់​តែ​ឃើញ​ឡាន​ដឹក​ទាហាន​ទាំង​នោះ​ទៅ​បន្ទាយ​ទួល​ពោធិ៍ជ្រៃ ហើយ​ក្រោយ​មក​ឃើញ​សាកសព​ជាច្រើន​នាក់​នៅ​ទី​នោះ។

ទួល​ពោធិ៍ជ្រៃ ក្លាយ​ជា​កន្លែង​សម្លាប់​មនុស្ស​មួយ​កន្លែង​ដែល​សាក្សី​មួយ​ចំនួន​និយាយ​ថា មាន​អតីត​ទាហាន លន់ នល់ រាប់​ពាន់​នាក់​ត្រូវ​ពួក​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់​នៅ​ទី​នោះ។

ទាក់ទង​នឹង​ទួល​ពោធិ៍ជ្រៃ នេះ​ដែរ មាន​អ្នក​ស្រាវជ្រាវ​ម្នាក់​ឈ្មោះ ថេត សម្បត្តិ បាន​សម្ភាស​សាក្សី​ជាច្រើន​នាក់​អំពី​ហេតុការណ៍​នា​ពេល​នោះ ហើយ​ក្នុង​សវនាការ​ថ្ងៃ​ទី៣០ មេសា សហ​ព្រះរាជ​អាជ្ញា​បាន​លើក​យក​ការ​បញ្ជាក់​ពី​សាក្សី​ខ្លះ​ក្នុង​វីដេអូ របស់​លោក ថេត សម្បត្តិ មក​បញ្ជាក់​បន្ថែម​លើ​សាក្សី អ៊ុង ឆាត់៖ «លាក់​ការណ៍​ថា​សម្លាប់​ទម្លាក់​តែ​ក្នុង​ស្រះ​នោះ​ទាំងអស់​ទេ។ ប៉ុន្តែ​រក​កន្លែង​ដាក់​មិន​បាន បាន​ដាក់​នៅ​ក្រៅ ព្រោះ​ក្នុង​ស្រះ​ដាក់​វា​ពេញ។ ខ្ញុំ​ឈរ​អ៊ីចឹង មុន​ដំបូង​គេ​រៀប​ដាក់​បែរ​មុខ​ទៅ​ឯ​ណោះ។ ឱ្យ​លុត​ជង្គង់​បែរ​មុខ​ទៅ​នោះ។ អា​ខ្លះ​ក៏​បែក​ក្បាល ខ្លះ​រយះរយាយ ចុះ​គ្រាប់​កាំភ្លើង​ពិបាក​មើល​ណាស់ ហើយ​នៅ​ឈរ​ទី​ហ្នឹង​ឆ្អាប ឈរ​មើល​អត់​បាន​យូរ​ទេ ទាល់​តែ​ដើរ​ទៅ​ខាង​នោះ។ បើ​នៅ​ពី​លើ​ខ្យល់​គ្រាន់។ បើ​ថា​នៅ​ជិត ឆ្អាប​នៅ​អត់​បាន​ទេ»

កន្លែង​សម្លាប់​មនុស្ស​នៅ​ទួល​ពោធិ៍ជ្រៃ នេះ បាន​ក្លាយ​ជា​ទីតាំង​សំខាន់​មួយ​ទាក់ទង​នឹង​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម តាម​អនុសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ ដែល​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​សម្រេច​ដាក់​បញ្ចូល​ក្នុង​សំណុំ​រឿង​លេខ​០០២ វគ្គ​ទី១ សម្រាប់​ការ​ជំនុំ​ជម្រះ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

បន្ទាប់​ពី​សវនាការ​ស្ដាប់​សាក្សី អ៊ុង ឆាត់ នេះ​ទៅ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​ធ្វើ​សវនាការ​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២ ឧសភា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។