លោក អៀង សារី ធ្លាប់​មាន​លិខិត​ឆ្លង​ដែន​ចិន​និង​ការទូត​កម្ពុជា

អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក អៀង សារី ដែល​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី១៤ ខែ​មីនា កន្លង​ទៅ ធ្លាប់​មាន​លិខិត​ឆ្លង​ដែន​ចិន និង​ការទូត​កម្ពុជា។

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ លោក ហ៊ិនរ៉ី ឡូខាត (Henry Locard) ត្រូវ​បាន​សារព័ត៌មាន​ខេមបូឌា ដេលី (Cambodia Daily) ដក​ស្រង់​សម្ដី​កាល​ពី​ថ្ងៃ​អង្គារ ទី២ មេសា ថា លោក អៀង សារី ត្រូវ​បាន​រដ្ឋាភិបាល​ចិន ផ្តល់​លិខិត​ឆ្លង​ដែន​ក្រោយ​ពេល​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​កងទ័ព​វៀតណាម ផ្ដួល​រំលំ កាល​ពី​ឆ្នាំ​១៩៧៩។ លិខិត​ឆ្លង​ដែន​លោក អៀង សារី ចេញ​កាល​ពី​ថ្ងៃ​ទី២៧ មករា ឆ្នាំ​១៩៧៩ ដោយ​ក្រសួង​ការ​បរទេស​ចិន។ ក្នុង​លិខិត​ឆ្លង​ដែន​នោះ លោក អៀង សារី ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថ្មី​ថា ស៊ូ ហាវ (Su Hao) មាន​ទី​កន្លែង​កំណើត​នៅ​ទីក្រុង​ប៉េកាំង និង​កើត​នៅ​ថ្ងៃ​ទី១ មករា ឆ្នាំ​១៩៣០។

លោក ហ៊ិនរ៉ី ឡូខាត បន្ត​ថា រដ្ឋាភិបាល​ចិន កាល​នោះ​គាំទ្រ​ខ្មែរ​ក្រហម ដើម្បី​បង្ខំ​បណ្ដេញ​កងទ័ព​វៀតណាម ចេញ​ពី​កម្ពុជា។ លោក អៀង សារី បាន​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ចិន ធ្វើ​ដំណើរ​ជា​ញឹកញាប់ ក្នុង​នោះ​រួម​មាន​ប្រទេស​នៅ​តំបន់​អាស៊ី ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ថៃ ជាដើម។

បន្ទាប់​ពី​លោក អៀង សារី បាន​ចុះ​ចូល​នឹង​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ឆ្នាំ​១៩៩៦ រហូត​ដល់​ឆ្នាំ​២០០១ លោក​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ការទូត​កម្ពុជា ចេញ​ដោយ​ក្រសួង​ការ​បរទេស​កម្ពុជា។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា លោក​មិន​ដឹង​អំពី​មូលហេតុ​អ្វី​បាន​ជា​លោក អៀង សារី មាន​លិខិត​ឆ្លង​ដែន​ការទូត ពីព្រោះ​លិខិត​ឆ្លង​ដែន​ការទូត​ទុក​សម្រាប់​មន្ត្រី​រដ្ឋាភិបាល មិន​មែន​សម្រាប់​ជន​ជាប់​សង្ស័យ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ឡើយ។

លោក អៀង សារី ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សាលា​ក្តី​ខ្មែរ​ក្រហម នៅ​ឆ្នាំ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០០៧ ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​បទ​ប្រល័យ​ពូជ​សាសន៍ ដែល​កើត​ឡើង​ក្នុង​របប​ខ្មែរ​ក្រហម។

ក្រោយ​ពី​មរណភាព លោក អៀង សារី ក៏​មាន​ព័ត៌មាន​ស្ដីពី​ទ្រព្យ​សម្បត្តិ​លោក​នៅ​បរទេស ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។ សារព័ត៌មាន​បរទេស​កាល​ពី​សប្ដាហ៍​មុន​ផ្សាយ​ថា លោក អៀង សារី ធ្លាប់​មាន​លុយ​រក្សា​ទុក​ក្នុង​ធនាគារ​ហុងកុង ប្រមាណ ២០​លាន​ដុល្លារ ដែល​មួយ​ចំណែក​ត្រូវ​ផ្តល់​ដោយ​រដ្ឋាភិបាល​ចិន សម្រាប់​ខ្មែរ​ក្រហម​ប្រើប្រាស់ និង​មួយ​ចំណែក​បាន​មក​ពី​ការ​លក់​ត្បូង និង​ព្រៃឈើ​នៅ​តាម​ជួរ​ព្រំដែន​កម្ពុជា និង​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។