អ្នក​ភូមិ​នៅ​រតនគិរី​ទាមទារ​ការ​​ផ្ដន្ទាទោស​និង​សំណង​ជំងឺ​ចិត្ត​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម

0:00 / 0:00

សាលាក្ដី​ខ្មែរក្រហម​កំពុងតែ​ដំណើរការ​រឿង​ក្ដី​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​សំណុំ​រឿង​ ០០២ វគ្គ​ទី​២។ ស្រប​គ្នា​នេះ​ដែរ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​មួយ​ក្រុម​នៅ​ខេត្ត​រតនគិរី បាន​ជួប​ពិគ្រោះ​យោបល់​គ្នា​ដើម្បី​ទាមទារ​ឲ្យ​ការ​កាត់​ក្ដី​នេះ​មាន​យុត្តិធម៌​ចំពោះ​ជនរងគ្រោះ​ទាំង​អស់​ក្នុង​របប​វាល​ពិឃាដ​នេះ។

ការ​ទាមទារ​ឲ្យ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ផ្ដល់​សំណង​ផ្លូវ​ចិត្ត​ចំពោះ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​ត្រូវ​រំលោភ​យ៉ាង​សាហាវ​ឃោរឃៅ​ក្នុង​របប​ខ្មែរ​ក្រហម គឺ​ជា​បំណង​ប្រាថ្នា​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​សហគមន៍​នៅ​ខេត្ត​រតនគិរី។

ការ​ទាមទារ​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​សហគមន៍​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា នា​ទីស្នាក់ការ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត បន្ទាប់ពី​តំណាង​សហគមន៍​និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មាន​គ្នា​សរុប​ជាង ៤០​នាក់ ទស្សនា​ខ្សែ​វីដេអូ​ខ្លី បង្ហាញ​ពី​សក្ខីកម្ម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ ថ្លែង​បង្ហាញ​ពី​ឧក្រិដ្ឋកម្ម​ទាក់ទិន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ព្រះពុទ្ធ​សាសនា ការ​រំលោភ​សេពសន្ថវៈ និង​ការ​ចាប់​រៀបការ​ដោយ​បង្ខំ​អំពើ​ប្រល័យ​ពូជ​សាសន៍​ទៅ​លើ​ជនជាតិ​ចាម និង​វៀតណាម អំពើ​ប្រព្រឹត្ត​ជាក់លាក់​ទៅ​លើ​មន្ត្រី​រដ្ឋការ​របប លន់ នល់ និង​ការ​បោសសំអាត​ផ្ទៃក្នុង​​នា​សវនាការ​សំណុំរឿង ០០២ វគ្គ ២ កន្លង​ទៅ​នេះ៖ «ចាប់​រំលោភ​ទាំង​អស់​នៅ​សាលា​ឃុំ​ស្រែបូរ បំពាន​មិត្តភ័ក្ដិ​ខ្ញុំ​ពីរ​នាក់។ ឈ្លប​ភូមិ​ពីរ​នាក់​គេ​យក​សំបុត្រ​តែ​មាន​ខុស​គេ​យក​ដាក់​ហ្នឹង គណៈ​ឃុំ​ពួក​អ្នកធំ​នៅ​ហ្នឹង​គេ​រំលោភ​ហើយ​មិន​ដឹង​យក​ទៅ​ទុក​កន្លែង​ណា ដាក់​គុក​ណា​បាត់​រហូត។ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា គេ​ផ្សឹក​លោក អត់​មាន​លោក​គេ​យក​វត្ត​ទៅ​ដាក់​ទីតាំង​ពេទ្យ​ទី​តាំង​ចិញ្ចឹម​ជ្រូក ឬ​ដាក់​ធ្វើ​​ជា​គុក​ខ្ញុំ​ដឹង​តែ​ប៉ុណ្ណឹង​ទេ»

ចូល​រួម​ពិគ្រោះ​យោបល់​នេះ​ដែរ តំណាង​សហគមន៍​ភូមិ​តឺន ឃុំ​តឺន ស្រុក​កូនមុំ លោក ប៊ុន ស្រួច ចាប់​អារម្មណ៍​ថា អ្នក​ភូមិ​គាំទ្រ​សក្ខីកម្ម​ជា​ច្រើន​ដែល​ដើម​បណ្ដឹង​រដ្ឋប្បវេណី សាក្សី និង​មេធាវី​ជនរងគ្រោះ​បាន​បង្ហាញ​ជូន​អង្គ​សវនាការ​ថា ជា​តឹកតាង​ដាក់​បន្ទុក​ជាក់លាក់​ទៅ​លើ​ជនជាប់ចោទ។ លោក​បន្ត​ថា អ្នក​ភូមិ​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា អង្គ​សវនាការ​បាន​ផ្ដល់​សក្ខីកម្ម​ពិតៗ​ដែល​បាន​កើត​មាន​ក្នុង​របប​ខ្មែរក្រហម ជាពិសេស​នៅ​ខេត្ត​រតនគិរី ផ្ទាល់៖ «នៅ​សម័យ​នោះ​ការ​សម្លាប់​ធ្វើ​បាប​មែន​ទែន​មាន​តែ​ដាក់​គុក ហើយ​គេ​ដាក់​ច្រវាក់។ នៅ​ចង្កេះ​គេ​ចង​ជើង​ចងដៃ​ខ្នោះ​គេ​ដាក់​ជើង។ ខ្ញុំ​ឃើញ ព្រោះ​ខ្ញុំ​ទៅ​កង​ពល ខ្ញុំ​ឃើញ​គេ​ចាប់​ដាក់​ណែន​ហ្នឹង​ហើយ ខ្ញុំ​ដឹក​ជញ្ជូន​ដំឡូង​មក​ពី​សហករណ៍»

សមាគម​អាដហុក ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​អន្តរជាតិ​បាន​រៀបចំ​កម្មវិធី​សំឡេង​នៃ​ការ​ផ្សះផ្សា និង​បាន​បញ្ចាំង​ខ្សែ​វីដេអូ​ខ្នាត​ខ្លី របស់​ក្រុមហ៊ុន​មេគង្គ ហ្វៀម (Mekong Firm) នេះ​ជូន​សហគមន៍​ស្វែង​​យល់​ពី​ដំណើរការ​កាត់​ទោស​ជន​ជាប់ចោទ​ជា​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​បំផុត​នៃ​របប​ខ្មែរក្រហម គឺ​លោក ខៀវ សំផន និង​លោក នួន ជា ក្នុង​សំណុំរឿង ០០២ វគ្គ ២។

ប្រធាន​កម្មវិធី​ថ្នាក់​តំបន់​នៃ​សមាគម​អាដហុក លោក ហេង ភារៈ ថ្លែង​ថា កម្មវិធី​នេះ​មាន​គោលបំណង​ព្យាបាល​ផ្សះផ្សា​ផ្លូវ​ចិត្ត​ជនរងគ្រោះ​ទាំង​អស់​មាន​សាច់ញាតិ បងប្អូន ក្រុម​គ្រួសារ ឪពុកម្ដាយ ​ដែល​ត្រូវ​បាន​រំលោភ​បំពាន​ក្នុង​របប​ខ្មែរ​ក្រហម ពិសេស​ចាត់​ទុក​ការ​ពិគ្រោះ​យោបល់​របស់​​សហគមន៍​ជនជាតិ​ដើម​ថា ជា​កត្តា​សំខាន់​ជួយ​ឲ្យ​ជនជាតិ​ដើម​ភាគតិច​មាន​ការ​យល់ដឹង​ពី​សិទ្ធិ​របស់​​ខ្លួន​ទាក់ទិន​ទៅ​នឹង​ការ​តាំង​ខ្លួន​ជាដើម​បណ្ដឹង​សម្រាប់​ការពារ​ផលប្រយោជន៍​យុត្តិធម៌​ទៅ​ថ្ងៃ​អនាគត៖ «គាត់​យល់​ដឹង​ពី​ដំណើរ​ការ​ កាត់​ទោស​នេះ​មាន​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន។យើង​បាន​បន្ត​ព័ត៌មាន​វិវត្តន៍​ការ​កាត់​ទោស​នេះ​ចាប់​ពី​សវនាការ​ សំណុំរឿង ០០២ វគ្គ ១ គឺ​យើង​បង្ហាញ​ពី​លទ្ធផល​ថា នួន ជា និង ខៀវ សំផន ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​ហើយ។បច្ចុប្បន្ន​ យើង​បន្ត​ចំណេះដឹង​ជូន​គាត់​ឲ្យ​គាត់​ស្វែង​យល់​សំណុំ​រឿង ០០២ វគ្គ ២ បន្ត​ទៀត ដើម្បី​កាត់​យល់​ថា តើ​គាត់​បាន​ទទួល​យុត្តិធម៌​កម្រិត​ណា ដើម្បី​គាត់​ឈាន​ទៅ​សះ​ជា​ផ្លូវ​ចិត្ត»

នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ២ នេះ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មាន​ជិត ៤​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស។ ក្នុង​​នោះ​ដែរ​នៅ​ខេត្ត​រតនគិរី សហគមន៍​ជនជាតិ​ដើម​ភាគតិច ២៧​នាក់ ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ទាំង​ពីរ​រូប​ដើម្បី​សុំ​ឲ្យ​សាលាក្ដី​ខ្មែរក្រហម​កាត់​ក្តី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ ​និង​ក្រុម​គ្រួសារ​ពួកគេ។

​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប​កំណើត​ជនជាតិ​ដើម​ទំពួន ឃុំ​យក្សឡោម លោក សេង ថង់ កត់សំគាល់​ថា ការ​ព្យាបាល​ផ្លូវចិត្ត​ជនរងគ្រោះ​គឺជា​កត្តា​សំខាន់​ណាស់ ខណៈ​ក្រុម​គ្រួសារ ​និង​ជនរងគ្រោះ​ទាំង​ឡាយ​មិន​ទាន់​ឃើញ​ការ​កាត់​ទោស​ឧក្រិដ្ឋជន​នៃ​របប​ខ្មែរក្រហម​ឈាន​ដល់​ទី​បញ្ចប់ និង​មាន​ភាព​យុត្តិធម៌។ លោក​ថ្លែង​ថា រាជរដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​សំណង​ជួសជុល​ផ្លូវ​ចិត្ត​បន្ថែម​ទៀត ដូចជា​ការ​ធ្វើ​ស្តូប​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​តាម​បណ្ដា​ខេត្ត ដូច​ដែល​រាជរដ្ឋាភិបាល​បាន​កសាង​ស្តូប​នេះ​នៅ​ទួល​ជើងឯក នា​រាជធានី​ភ្នំពេញ ផង​ដែរ៖ «សំណង​អ្វី​ក៏​អត់​ទាន់​ឃើញ ​ដែរ​នេះ ខ្ញុំ​គិត​ថា អត់​ទាន់​មាន​យុត្តិធម៌។ ទៅ​មុខ​ទៀត​ខ្ញុំ​សង្ឃឹម​ថា តុលាការ​ខ្មែរ​ក្រហម​នឹង​រក​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ បើ​មិន​បាន​ផ្លូវ​ចិត្ត​ក៏​សមូហភាព​ដែរ។ ពួក​ខ្ញុំ​ក៏​មិន​ទាន់​អស់​ចិត្ត​ដែរ តាម​ខេត្ត​ក៏​ត្រូវ​តែ​មាន​ស្តូប​ក្នុង​មួយ​ខេត្ត​ស្តូប​មួយ សំណង​ជា​បុគ្គល​ក៏​សំខាន់​ដែរ ពួក​ខ្ញុំ​កំពុង​តែ​សហការ​គ្នា​ពួក​ខ្ញុំ​មាន​គ្នា​ច្រើន​ដែរ»

លោក ខៀវ សំផន និង​លោក នួន ជា រង​បទ​ចោទ​ប្រកាន់​ពី​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ជា​ច្រើន​ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ក្នុង​សំណុំរឿង ០០២ វគ្គ ១ ជាពិសេស​ការ​បង្ខំ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​ក្រុង​ភ្នំពេញ និង​តំបន់​ផ្សេង​ទៀត រួម​ទាំង​ការ​សម្លាប់​មន្ត្រី និង​ទាហាន​របប លន់ នល់ នៅ​ទួល​ពោធិ៍ជ័យ ខេត្ត​ពោធិ៍សាត់។ លោក​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត ក៏ប៉ុន្តែ​មេធាវី​ជន​ជាប់​ចោទ​ទាំង​ពីរ​បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ពី​ការ​សម្រេច​ទោស​​នេះ។

​ក្នុង​សំណុំរឿង​០០២ វគ្គ ១ សំណង​ជួសជុល​ផ្លូវ​ចិត្ត​ដែល​សហគមន៍​ទាមទារ​រួម​មាន​សំណង​បូជនីយដ្ឋាន​ជា​ទី​សក្ការ​សម្រាប់​ការ​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាន​ស្លាប់ និង​បណ្ណាល័យ​ប្រវត្តិសាស្ត្រ ​ជា​សារមន្ទីរ​តម្កល់​វត្ថុតាង​ដែល​បាន​បន្សល់ទុក​ពី​របប​ខ្មែរ​ក្រហម។

តុលាការ​ខ្មែរ​ក្រហម​ក៏​បាន​រក​ឃើញ​មន្ទីរ​ឃុំឃាំង​បឹង​កន្សែង​ក្នុង​ខេត្ត​រតនគិរី ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ រួម​ទាំង​ការ​ទទួល​ខុសត្រូវ​របស់​មន្ត្រី​កងពល ៨០១ នៅ​តំបន់​នោះ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​​សហ​ព្រះរាជអាជ្ញា​សាលាក្ដី​ខ្មែរ​ក្រហម​ក្នុង​សំណុំរឿង ០០៣ និង ០០៤។ បច្ចុប្បន្ន​រឿង​ក្តី​នេះ​កំពុង​ឋិត​ក្នុង​ចំណាត់​ការ​ចៅក្រម​ស៊ើប​អង្កេត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។