តាមសេចក្ដីប្រកាសផ្ទាល់របស់លោក អេនឌ្រូ ខេលី ដែលចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា បានសរសេរថា លោកនឹងចាកចេញបន្ទាប់ពីបានដាក់លិខិតលាលែងជូនអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីខែសីហា។ លោកបញ្ជាក់ហេតុផលចំពោះការលាលែងនេះថា ដោយសារមូលហេតុផ្ទាល់ខ្លួន។ លោក អេនឌ្រូ ខេលី ជាជនជាតិអង់គ្លេស ត្រូវបានតែងតាំងជាសហព្រះរាជអាជ្ញានៅសាលាក្ដីខ្មែរក្រហម ចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៩។
លោក អេនឌ្រូ ខេលី រំពឹងថា សហព្រះរាជអាជ្ញាអន្តរជាតិបម្រុងឈ្មោះ នីកូឡាស គូមចៀន (Nicholas Koumjian) នឹងមកដល់ប្រទេសកម្ពុជា នៅខែតុលា ឆ្នាំ២០១៣។
ការចាកចេញរបស់លោក អេនឌ្រូ ខេលី គឺនៅក្នុងពេលដែលសាលាក្ដីខ្មែរក្រហមខាងភាគីជាតិ កំពុងជួបប្រទះវិបត្តិខ្វះថវិកាបើកប្រាក់ខែឱ្យបុគ្គលិកចំនួន ២៥០នាក់ រយៈពេល ៣ ខែមកហើយ។
អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា ឱ្យដឹងថា បច្ចុប្បន្ននេះមានមន្ត្រីបុគ្គលិកចំនួន ១៤០នាក់ ក្នុងចំណោម ២៥០នាក់ នាំគ្នាព្យួរការងារជាបណ្ដោះអាសន្នអស់រយៈពេល ២សប្ដាហ៍ហើយ ដោយសារតែមិនបានទទួលប្រាក់ខែចាប់តាំងពីខែមិថុនា មក។
លោក នេត្រ ភក្ត្រា បញ្ជាក់បន្ថែមថា ការលាលែងពីតំណែងរបស់លោកសហព្រះរាជអាជ្ញា អេនឌ្រូ ខេលី មិនពាក់ព័ន្ធនឹងបញ្ហាវិបត្តិថវិការបស់សាលាក្ដីទេ គឺដោយសារមូលហេតុផ្ទាល់ខ្លួន ដូចក្នុងសេចក្ដីប្រកាសរបស់លោកផ្ទាល់។
អង្គជំនុំជម្រះសាលាដំបូងគ្រោងបិទបញ្ចប់ការសួរដេញដោលលើសំណុំរឿង ០០២ វគ្គ ១ (០០២/០១) នៅថ្ងៃទី១៦ ខែតុលា ដែលមានជនជាប់ចោទ នួន ជា និង ខៀវ សំផន ហើយនឹងប្រកាសសាលក្រមនៅដើមត្រីមាសទី២ ឆ្នាំ២០១៤។ ប្រសិនបើបញ្ហាវិបត្តិថវិកានៅតែអូសបន្លាយយូរ អាចនឹងប៉ះពាល់ដល់ការចេញសាលក្រមដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
