បុគ្គលិកខាងភាគីកម្ពុជា ដែលធ្វើកូដកម្មនោះ ធ្លាប់ព្រមានថា ពួកគាត់នឹងមិនចូលធ្វើការវិញទេ ប្រសិនបើមិនបានទទួលដំណឹងពីផ្នែករដ្ឋបាលជាថ្មីថា ពួកគាត់នឹងទទួលបានប្រាក់ខែនោះទេ។
មន្ត្រីនាំពាក្យផ្នែកព័ត៌មាននៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ឯក ថា មានប្រសាសន៍ថា ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានយល់ព្រមបង្វិលជំនួយថវិកាមួយចំនួនដែលបានជួយទៅខាងភាគីអន្តរជាតិ មកផ្ដល់ឱ្យភាគីកម្ពុជា ដើម្បីដោះស្រាយបញ្ហាដែលកំពុងមាននៅចំពោះមុខ។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងតាមការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងជំនួបគ្នាមួយរវាងលោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ក្នុងទិសដៅបង្ការកុំឱ្យរាំងស្ទះដំណើរការរបស់សាលាក្ដីខ្មែរក្រហម ដែលគ្រោងនឹងធ្វើសេចក្ដីសន្និដ្ឋានបិទបញ្ចប់សំណុំរឿង ០០២ វគ្គ ១ នៅខែតុលា ចុងឆ្នាំ២០១៣ នេះ។
បញ្ហាអស់ថវិកាខាងភាគីកម្ពុជា បានកើតមានជារៀងរាល់ឆ្នាំ ចាប់តាំងពីសាលាក្ដីនេះចាប់ដំណើរការតាំងពីឆ្នាំ២០០៦ មក។ ការជំនុំជម្រះក្ដីឧក្រិដ្ឋកម្មនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានសាធារណជនរិះគន់ថា អូសបន្លាយពេលវេលាយូរ ដែលរហូតមកដល់ពេលនេះ មានជនជាប់ចោទ ជនរងគ្រោះ និងអ្នកពាក់ព័ន្ធខ្លះស្លាប់បាត់បង់ជីវិតមុនពេលរកឃើញការពិត។ នៅថ្ងៃទី៣ ខែកញ្ញា នេះ អង្គភាពគាំពារការការពារក្ដី បានជូនដំណឹងថា មេធាវីជនជាតិបារាំង វ័យ ៨៨ឆ្នាំ ដែលការពារក្ដីឱ្យជនជាប់ចោទ ខៀវ សំផន គឺលោក ហ្សក់ វ៉ែហ្សែស (Jarques Verges) បានទទួលមរណភាពហើយ កាលពីថ្ងៃទី១៥ ខែសីហា កន្លងទៅនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
