អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៣ ខែកុម្ភៈ ធ្វើសវនាការស្ដាប់ភាគីសហព្រះរាជអាជ្ញា និងសហមេធាវីនាំមុខដើមបណ្ដឹងរដ្ឋប្បវេណី លើកយកឯកសារគន្លឹះមកធ្វើជាភស្តុតាងដើម្បីជំនុំជម្រះនៅក្នុងសំណុំរឿង ០០២ វគ្គ ២។
ឯកសារគន្លឹះ ដែលភាគីសហព្រះរាជអាជ្ញា និងសហមេធាវីនាំមុខដើមបណ្ដឹងរដ្ឋប្បវេណី ដាក់បង្ហាញអង្គជំនុំជម្រះ នៅថ្ងៃទី២៣ ខែកុម្ភៈ គឺទាក់ទងនឹងការប្រព្រឹត្តរបស់ពួកខ្មែរក្រហមនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ទៅលើក្រុមមនុស្សដែលគេកំណត់ជាគោលដៅជាក់លាក់។ ក្រុមគោលដៅទាំងនោះ គឺមានជនជាតិចាម វៀតណាម និងអតីតអ្នករដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ។
សហមេធាវីនាំមុខរបស់ដើមបណ្ដឹងរដ្ឋប្បវេណី លោក ពេជ អង្គ បានលើកយកឯកសារជាចម្លើយរបស់ដើមបណ្ដឹងរដ្ឋប្បវេណីជាច្រើននាក់ ទាក់ទងនឹងហេតុការណ៍ធ្វើបាប និងការសម្លាប់ជនជាតិចាម នៅខេត្តកំពង់ចាម៖ «ចុងឆ្នាំ១៩៧៨ ខែ ៨ នៅខែទឹកឡើង បងប្អូនអ៊ីស្លាមក្នុងភូមិទី៥ ឃុំស្វាយឃ្លាំង បានធ្វើការតស៊ូជាមួយយោធាខ្មែរក្រហម ដោយសារតែយោធាខ្មែរក្រហមបានរឹតបន្តឹងពុំឱ្យគោរពប្រណិប័តន៍សាសនា។ ការសំពះយ៉ាំង ត្រូវបានហាមឃាត់ ហើយចាប់ប្រជាជននៅក្នុងភូមិយកទៅបាត់ជារៀងរាល់ថ្ងៃ»។
លោកក៏បានលើកយកចម្លើយសាក្សីនានា ទាក់ទងនឹងការសម្លាប់ជនជាតិវៀតណាម។ លើសពីនេះទៀត សហព្រះរាជអាជ្ញាអន្តរជាតិ លោក វីល្លាម ស្មីត (William Smith) លើកយកឯកសារពីមន្ទីរ ស-២១ មកធ្វើជាភស្តុតាង ស្ដីអំពីការសម្លាប់ជនជាតិវៀតណាមមកបង្ហាញដែរ៖ «ឯកសារដែលយើងលើកយកមកថ្ងៃនេះ គឺលើកឡើងអំពីបទចោទប្រល័យពូជសាសន៍ប្រឆាំងជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ធ្វើឡើងប្រឆាំងជនជាតិវៀតណាម និងបទចោទពីការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ដែលធ្វើឡើងចំពោះជនជាតិវៀតណាម នៅមន្ទីរ ស-២១»។
ក្រៅពីនេះ លោក វីល្លាម ស្មីត លើកយកការវាយប្រហារធ្ងន់ធ្ងរលើភូមិវៀតណាម នៅតាមព្រំដែន នៅខែមេសា ឆ្នាំ១៩៧៧ និងបទសម្ភាសន៍ប្រធានកងពលលេខ ១៦៤ ដែលបញ្ជាក់ពីការបញ្ជាសម្លាប់ជនភៀសខ្លួនជាតិវៀតណាម ដែលចាប់បាននៅតាមសមុទ្ទ។ លោកបញ្ជាក់ថា ការសម្លាប់ជនជាតិវៀតណាម នៅមន្ទីរសន្តិសុខ ស-២១ គឺជាការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវ៖ «ឯកសារបង្ហាញថា យុទ្ធជន និងជនស៊ីវិលវៀតណាម ត្រូវបានគេចាប់ខ្លួន ហើយបញ្ជូនទៅ ស-២១ ហើយចុងក្រោយត្រូវបានសម្លាប់ដោយមិនផ្ដល់ឱកាស ឬមិនបានផ្ដល់នូវមធ្យោបាយការពារជាអប្បបរមា តាមអនុសញ្ញាទីក្រុងហ្សឺណែវ នោះឡើយ»។
លោក វីល្លាម ស្មីត បង្ហាញសារទូរលេខរបស់ភូមិភាគពាយ័ព្យផ្ញើជូន ប៉ុល ពត ជនជាប់ចោទ នួន ជា និងអ្នកដទៃទៀត ទាក់ទងនឹងជនជាតិចារ៉ាយ ២០៩នាក់ ដែលមានសំនៀងជាវៀតណាម។
សវនាការបន្តនៅថ្ងៃទី២៤ កុម្ភៈ នឹងផ្ដល់ឱកាសឱ្យភាគីមេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន ដាក់ឯកសារគន្លឹះរបស់ខ្លួនម្ដង។
ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ប្រកាសឱ្យដឹងថា នៅថ្ងៃទី២៥ កុម្ភៈ អង្គជំនុំជម្រះនឹងមិនធ្វើសវនាការទេ គឺទុកឱ្យភាគីក្នុងរឿងក្ដីទាំងអស់ យកពេលវេលាត្រៀមរៀបចំសារណារបស់ខ្លួន ដើម្បីឆ្លើយតបចំពោះឯកសារគន្លឹះ ដែលភាគីដទៃទៀតលើកមកដាក់នៅក្នុងសវនាការពីថ្ងៃទី២៣ និង ២៤ កុម្ភៈ។ សវនាការផ្ដល់ការឆ្លើយតបនេះ អង្គជំនុំជម្រះសាលាដំបូងនឹងធ្វើឡើងនៅថ្ងៃទី២៦ កុម្ភៈ។ លោកចៅក្រម និល ណុន ឱ្យដឹងថា ភាគីជនជាប់ចោទ នួន ជា នឹងមិនដាក់ឯកសារគន្លឹះ ឬឆ្លើយតបណាមួយទេចំពោះឯកសារដែលបានដាក់ដោយភាគីសហព្រះរាជអាជ្ញា និងសហមេធាវីនាំមុខដើមបណ្ដឹងរដ្ឋប្បវេណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
