លោក ខៀវ សំផន សំពះ​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម

ជន​ជាប់​ចោទ​នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម លោក ខៀវ សំផន បាន​ឆ្លើយ​សំណួរ​ដើម​បណ្ដឹង​រដ្ឋប្បវេណី នៅ​ថ្ងៃ​ទី​២៩ ឧសភា ថា លោក​មិន​បាន​ដឹង​រឿង​ហេតុ​ការ​ធ្វើ​បាប​ប្រជាពលរដ្ឋ​កើត​ឡើង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​កាន់​អំណាច​កាល​ពី​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩ ទេ។
ដោយ កែវ និមល
2013.05.29
ខៀវ សំផន ៣០៥ អតីត​មេដឹកនាំ​នៃ​របប​ខ្មែរ​ក្រហម ខៀវ សំផន (ឆ្វេង) នៅ​ក្នុង​សវនាការ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១១
Photo courtesy of ECCC

លោក ខៀវ សំផន បាន​លើក​ដៃ​សំពះ​គោរព​ឧទ្ទិស​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​តាម​ការ​ស្នើ​សុំ​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​ឈ្មោះ អ្នកស្រី ធុច ផាន់ដារា បាន​ជំរុញ​ឲ្យ​លោក ខៀវ សំផន ជា​អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​ក្នុង​របប​ខ្មែរ​ក្រហម​ឆ្លើយ​សំណួរ​ឲ្យ​បាន​ក្បោះក្បាយ​អំពី​ការ​បែង​ចែក​ឋានៈ​ប្រជាជន​ថ្មី​និង​ចាស់ និង​អំពី​ការ​អនុវត្ត​គោលការណ៍​ស្វ័យ​ទិតៀន និង​ទិតៀន​នៅ​ក្នុង​របប​ខ្មែរ​ក្រហម និង​បាន​ជំរុញ​ឲ្យ​លោក ខៀវ សំផន លើក​ដៃ​សំពះ​ឧទ្ទិស​គោរព​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

នេះ​ជា​លើក​ទី​១​ហើយ​ដែល​លោក ខៀវ សំផន បាន​លើក​ដៃ​សំពះ​ឧទ្ទិស​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ប៉ុន្តែ​លោក ខៀវ សំផន បាន​ឆ្លៀត​និយាយ​លើក​តម្កើង​កងទ័ព​បដិវត្តន៍​របស់​របប​គាត់​ក្នុង​ការ​ឧទ្ទិស​នោះ​ផង​ដែរ៖ «ខ្ញុំ​រន្ធត់​ចិត្ត​ណាស់។ ព្រម​ជាមួយ​នេះ មិន​ភ្លេច​ចំពោះ​វិញ្ញាណក្ខន្ធ​របស់​យុទ្ធជន យុទ្ធ​នារី ដែល​លូន​ទៅ​វាយ​រំដោះ​ភ្នំពេញ ក្រោម​គ្រាប់​បែក បេ៥២ ក្រាល​ព្រំ។ អ្នក​ស្លាប់​ចេះ​តែ​ស្លាប់​ទៅ តែ​អ្នក​នៅ​ចេះ​តែ​ខំ​រុល​ទៅ ឲ្យ​ជិត​កងទ័ព លន់ នល់ ដូច្នេះ​ការ​តស៊ូ​ប្រយុទ្ធ​នេះ មាន​ពលី​ជីវិត​ច្រើន​ណាស់ ហើយ​ខ្ញុំ​សុំ​លើក​ដៃ​សំពះ​គោរព​ដោយ​សុភាព​រាបសា​ដល់​វិញ្ញាណក្ខន្ធ យុវយុទ្ធជន យុទ្ធ​នារី​ទាំង​អស់​នេះ។ ក៏​ដូច​ជា​ចំពោះ​វិញ្ញាណក្ខន្ធ​បង​ប្អូន​យើង​ទាំង​អស់ ដែល​បាន​ពលី​ជីវិត​ទៅ​ក្នុង​សភាពការណ៍​ប្រទេស​យើង ដែល​ត្រូវ​ជួប​ប្រទះ​អស់​ពី​សង្គ្រាម​អាមេរិក ដល់​សង្គ្រាម​វៀតណាម»

ចំពោះ​សំណួរ​ទាក់ទង​ជាមួយ​ការ​បែង​ចែក​ឋានៈ​ជា​ប្រជាជន​ចាស់​ជាមួយ​ប្រជាជន​ថ្មី និង​ការ​អនុវត្ត​ទិតៀន​ស្វ័យ​ទិតៀន​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ លោក ខៀវ សំផន បាន​លើក​ឡើង​ថា នោះ​ជា​ការ​តស៊ូ​វណ្ណៈ​នៅ​ក្នុង​ការ​កសាង​សង្គម​ថ្មី ប៉ុន្តែ​រូប​លោក​ផ្ទាល់​មិន​សូវ​បាន​យល់​ដឹង​ច្បាស់​ទេ ពីព្រោះ​រូប​លោក​មិន​មែន​ជា​អ្នក​មនោគមន៍​វិជ្ជា​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា​ទេ៖ «សំណួរ​លោកស្រី​ទាំង​ពីរ​ចំពោះ​ខ្ញុំ​វា​ទាក់ទង​គ្នា។ គឺ​វា​ទាក់ទង​ទៅ​មនោគមន៍​វិជ្ជា​ដែល​គេ​ហៅ​ថា មនោគមន៍​វិជ្ជា​នៃ​វណ្ណៈ និង​ការ​តស៊ូ​វណ្ណៈ។ ចំណែក​ខ្ញុំ​ជា​បញ្ញាជន​មិន​មែន​ជា​អ្នក​មនោគមន៍​វិជ្ជា​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា​ទេ។ គេ​បាន​ចាត់​ទុក​ខ្ញុំ​ថា ជា​មនុស្ស​ជើង​មិន​ជាប់​ដី ហើយ​គ្មាន​បាន​ការ​អី​ទេ»

លោក នួន ជា ជា​អតីត​ប្រធាន​រដ្ឋ​សភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ មាន​មុខ​ងារ​ជា​អតីត​អនុ​ប្រធាន​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ជា​ជន​ជាប់​ចោទ​នៅ​ក្នុង​សំណុំ​រឿង ០០២ វគ្គ​ទី​១ នេះ​ដែរ បាន​ចូល​រួម​ឆ្លើយ​សំណួរ​ទាក់ទង​ការ​បែង​ចែក​ឋានៈ​ប្រជាជន​ថ្មី និង​ចាស់​នេះ​ថា ជា​រឿង​មិន​ពិត៖ «ការ​ថា មាន​ការ​បែងចែក​ប្រជាជន ១៧ មេសា និង​ប្រជាជន​មូលដ្ឋាន​នោះ បើ​តាម​ខ្ញុំ​យល់ គោលដៅ​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា មិន​មាន​ការ​បែង​ចែក​អ្នក​ថ្មី និង​អ្នក​មូលដ្ឋាន​បន្តិច​ណា​សោះ។ ពីព្រោះ​យើង​ត្រូវ​ការ​រួបរួម​ជាតិ ឯកភាព​ជាតិ សាមគ្គី​ជាតិ​ទាំង​អស់ ដើម្បី​ការពារ​ប្រទេស​ឲ្យ​រួច​ផុត​ការ​ឈ្លាន​ពាន វាតទី លេប​ទឹក​ដី​របស់​ប្រទេស​ជិត​ខាង»

ចំណែក​ឯ​សំណួរ​ទាក់ទង​នឹង​ការ​អនុវត្ត​ទិតៀន​ស្វ័យ​ទិតៀន លោក ខៀវ សំផន បាន​ឆ្លើយ​ថា រូប​លោក​ចូល​រួម​អនុវត្ត​ក្នុង​សម័យ​នោះ​ដែរ ប៉ុន្តែ​រូប​លោក​ផ្ទាល់​មិន​អាច​ចោល​ធាតុ​វណ្ណៈអធន ដែល​ជា​វណ្ណៈ​ដើម​របស់​លោក​បាន​ទាំង​ស្រុង​ឡើយ។

ក្នុង​ចំណុច​នេះ លោក នួន ជា បាន​បន្ថែម​ដែរ​ថា ការ​អនុវត្ត​ការ​ប្រជុំ​ជីវភាព ទិតៀន​ស្វ័យ​ទិតៀន​នោះ គឺ​ជា​គោល​មាគ៌ា​នយោបាយ​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា ដើម្បី​កសាង​កម្មាភិបាល​ឲ្យ​មាន​ធាតុ​វណ្ណៈអធន និង​ស្នេហា​ជាតិ៖ «ការ​ទិតៀន​និង​ស្វ័យ​ទិតៀន​នោះ ដើម្បី​បំបាត់​ធាតុ​អាក្រក់​ដែល​មិន​ស្នេហា​ជាតិ​នៅ​ក្នុង​ខ្លួន​យើង​ឲ្យ​អស់ មិន​មែន​កម្ចាត់​បុគ្គល​ទេ។ កុំ​ច្រឡំ​សូម្បី​នៅ​ក្នុង​ផ្ទៃ​ក្នុង​យើង​ខ្ញុំ​ក៏​មាន​ការ​ភ័ន្តច្រឡំ​ដែរ ពី​មុន​មក​នោះ»

កន្លង​មក​លោក ខៀវ សំផន ជា​ជន​ជាប់​ចោទ​នៅ​ក្នុង​សំណុំ​រឿង ០០២ ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ដែល​តែង​តែ​បដិសេធ​មិន​និយាយ​រៀបរាប់​អំពី​ការ​ដឹក​នាំ និង​ការ​ដឹង​ឮ​ស៊ី​ជម្រៅ​អំពី​សកម្មភាព​នានា​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​របប​ខ្មែរ​ក្រហម​ចាប់​ពី​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩ ឡើយ។ ប៉ុន្តែ​លោក ខៀវ សំផន បាន​ចាប់​ផ្ដើម​ឆ្លើយ​បក​ស្រាយ​សកម្មភាព​មួយ​ចំនួន​ដែល​គាត់​បាន​ដឹង ឆ្លើយ​តប​សំណួរ​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី កាល​ពី​ថ្ងៃ​ទី​២៧ ឧសភា កន្លង​ទៅ។

កាល​ពី​ថ្ងៃ​ទី​២៧ ឧសភា កន្លង​ទៅ លោក ខៀវ សំផន បាន​បដិសេធ​ថា រូប​លោក​មិន​មែន​ជា​ខ្មែរ​ក្រហម​ទេ ហើយ​រូប​លោក​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​តែ​ម្នាក់​ឯង​ចំពោះ​អំពើ​នានា ដែល​គេ​ចោទ​ទៅ​លើ​របប​ខ្មែរ​ក្រហម​នោះ​ទេ។ លោក​បាន​និយាយ​ជា​ឧទាហរណ៍​ថា មិន​អាច​អ្នក​ណា​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​របស់​ខ្មែរ​ក្រហម​បាន​ឡើយ សូម្បី​តែ​លោក ហ៊ុន សែន ក៏ដោយ៖ «ជា​ដំបូង​បង្អស់​ខ្ញុំ​សូម​ជម្រាប​អស់​លោក​ថា ខ្មែរ​ក្រហម​មិន​មែន​ជា​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ក៏​មិន​អាច​ទទួល​ខុស​ត្រូវ​អំពើ​ដែល​គេ​ចោទ​នោះ​ដែរ។ ខ្ញុំ​យក​ឧទាហរណ៍​ដូច​ជា លោក ហ៊ុន សែន ជាដើម។ លោក ហ៊ុន សែន តើ​លោក​ទទួល​ខុស​ត្រូវ​អំពើ​របស់​ខ្មែរ​ក្រហម​ទេ ហើយ​ខ្ញុំ​វិញ រឹតតែ​មិន​ដូច​លោក ហ៊ុន សែន ទៅ​ទៀត។ ខ្ញុំ​អត់​ដឹង​អី​ទាំង​អស់ អ្វីៗ​ដែល​កើត​មាន​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩»

ចំពោះ​ការ​សំពះ និង​ចម្លើយ​របស់​លោក ខៀវ សំផន និង​លោក នួន ជា នៅ​ក្នុង​សវនាការ​នេះ លោក ឡាត់ គី អ្នក​សម្រប​សម្រួល​សាលាក្ដី​ខ្មែរ​ក្រហម​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​១ ដែល​គេ​បាន​ឃើញ​លោក ខៀវ សំផន ចេះ​សំពះ​គោរព​ឧទ្ទិស​ចំពោះ​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម ហើយ​លោក ខៀវ សំផន តែងតែ​ឆ្លើយ​បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ​រូប​គាត់​ផ្ទាល់​ជាមួយ​របប​ខ្មែរ​ក្រហម ដើម្បី​ដោះ​បន្ទុក​ការ​ចោទ​ប្រកាន់​នានា។ រី​ឯ​លោក នួន ជា វិញ ចម្លើយ​របស់​គាត់​ភាគ​ច្រើន​មិន​បាន​ធ្វើ​ឲ្យ​អ្នក​សួរ​អស់​ចម្ងល់​ទេ។

លោក ខៀវ សំផន និង​លោក នួន ជា គឺ​ជា​ជន​ជាប់​ចោទ​តែ ២​នាក់ នៅ​ក្នុង​សំណុំ​រឿង ០០២ វគ្គ​ទី​១ ដែល​បច្ចុប្បន្ន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​របស់​សាលាក្ដី​ខ្មែរ​ក្រហម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។