សាក្សី ឯក ហេន ក្នុងវ័យ ៥៦ឆ្នាំ គឺជាសាក្សីមួយរូបដែលស្នើសុំឱ្យកោះហៅមកបំភ្លឺសាលាដំបូងដោយភាគីពីរ គឺទាំងភាគីសហព្រះរាជអាជ្ញាជាដើមចោទផង និងភាគីមេធាវីការពារជនជាប់ចោទ ដែលជាចុងចោទផង។ សាក្សីរូបនេះត្រូវបានគ្រប់ភាគីសួរដេញដោលរកការពាក់ព័ន្ធរបស់ជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅក្នុងវិសាលភាពនៃសំណុំរឿងលេខ ០០២ វគ្គ ១។
សាក្សី ឯក ហេន ថ្លែងប្រាប់អង្គជំនុំជម្រះថា ក្នុងពេលគាត់ធ្វើការនៅអង្គភាពកាត់ដេររដ្ឋ កាលពីក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គាត់បានរៀនសូត្រផ្នែកនយោបាយពីជនជាប់ចោទទាំងពីររូបនេះ ហើយនៅពេលនោះដែរ មានមនុស្សនៅក្នុងអង្គភាពរបស់គាត់ត្រូវគេហៅយកទៅ ហើយបាត់ខ្លួនរហូត។
ឆ្លើយទៅនឹងសំណួររបស់សហព្រះរាជអាជ្ញា លោកស្រី ឯក ហេន បញ្ជាក់ថា ជនជាប់ចោទ ខៀវ សំផន បានដឹងអំពីការចាប់ខ្លួនមនុស្សនៅពេលនោះ ជាពិសេស ការចាប់ខ្លួនកម្មាភិបាលឈ្មោះ ប៉ង់ នៅមន្ទីរលេខ ៨៧០ របស់គាត់៖ «គាត់អត់មានបានលើកថាថ្ងៃនេះៗ ផង... គាត់បានលើកឡើងថា ចង្កឹះមួយអាចកាច់បាក់ តែចង្កឹះមួយបាច់មិនអាចកាច់បាក់ទេ។ យើងត្រូវសាមគ្គីគ្នា មិនអាចបាក់ទេ។ គាត់លើកឡើងអ៊ីចឹងដែរ»។
ចំណុចត្រង់នេះ មេធាវីរបស់ជនជាប់ចោទ ខៀវ សំផន បានជំទាស់ថា សហព្រះរាជអាជ្ញាសួរសំណួរដឹកមុខចម្លើយ។
សវនាការស្ដាប់សាក្សី ឯក ហេន ត្រូវបានបញ្ចប់ ហើយសវនាការនឹងធ្វើបន្តនៅថ្ងៃទី ៤ កក្កដាទៀត ដែលអង្គជំនុំជម្រះសាលាដំបូងនឹងស្ដាប់សាក្សីមួយរូបទៀតឈ្មោះ ស៊ុំ អាឡាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
