ជន​ជាប់​ចោទ ខៀវ សំផន បដិសេធ​ដំណឹង​ជន​រងគ្រោះ

អង្គ​ជំនុំ​ជម្រះ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី២៣ ឧសភា សួរ​ដេញដោល​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ខ្មែរ​កម្ពុជា​ក្រោម ឈ្មោះ ចៅ នី បន្ថែម បន្ទាប់​ពី​លោក​ធ្លាប់​មក​បំភ្លឺ​ម្ដង កាល​ពី​ចុង​ឆ្នាំ​២០១២។

ទាំង​នៅ​ឆ្នាំ​មុន និង​ថ្ងៃ​ទី២៣ ខែ​ឧសភា លោក ចៅ នី តែង​តែ​ទទូច​ឱ្យ​ជន​ជាប់​ចោទ ខៀវ សំផន ប្រាប់​លោក​អំពី​ជោគ​វាសនា​របស់​ឪពុក​មា​លោក ឈ្មោះ ចៅ សៅ ដែល​អតីត​ជា​ប្រធាន​ធនាគារ​ឥណទាន​ជាតិ។ លោក ចៅ នី ជម្រាប​អង្គ​ជំនុំ​ជម្រះ លោក​មាន​ព័ត៌មាន​ថា ជន​ជាប់​ចោទ ខៀវ សំផន ផ្ញើ​សំបុត្រ​ទៅ​លោក ចៅ សៅ ឱ្យ​ត្រឡប់​ចូល​ភ្នំពេញ​វិញ នៅ​ឆ្នាំ​១៩៧៥។

ឆ្លើយ​តប​បញ្ហា​នេះ ជន​ជាប់​ចោទ ខៀវ សំផន ថ្លែង​ថា គាត់​សោកស្ដាយ​ដែល​គាត់​មិន​មាន​ដំណឹង​អំពី​លោក ចៅ សៅ ព្រោះ​គាត់​ទាំង​ពីរ​បែក​គ្នា​តាំង​ពី​ឆ្នាំ​១៩៦៧៖ «ខ្ញុំ​មិន​មាន​មធ្យោបាយ​អី ផ្ញើ​សំបុត្រ​ទៅ​អ៊ំ​របស់​លោក​ទាល់​តែ​សោះ។ ខ្ញុំ​មិន​ដែល​មាន​គំនិត​អី​នឹក​ភ្នក​ទៅ​រក​អ៊ំ​របស់​លោក អញ្ជើញ​អ៊ំ​របស់​លោក​ឱ្យ​មក​ភ្នំពេញ​វិញ​ក៏​អត់​សោះ។ អត់​ទាល់​តែ​សោះ។ នេះ​ដោយសារ​តែ​មនោសញ្ចេតនា​របស់​ខ្ញុំ​គោរព និង​យល់​ច្បាស់​នូវ​ទុក្ខ​សោក​សង្រេង​របស់​លោក និង​គ្រួសារ​របស់​លោក នឹក​រលឹក​ដល់​របស់​លោក​នេះ​ហើយ ដែល​ខ្ញុំ​ត្រូវ​ការ​ជួប​លោក​ដោយ​ផ្ទាល់ ដើម្បី​ជម្រាប​លោក​ដោយ​ផ្ទាល់​មាត់ ឱ្យ​អស់​ពី​ថ្លើម​ពី​ចិត្ត​របស់​ខ្ញុំ ដើម្បី​យើង​ទាំង​ពីរ​នាក់​ជ្រះ​ស្រឡះ​ជាមួយ​គ្នា។ ខ្ញុំ​ស្ដាយ​ណាស់ ដោយ​ខ្ញុំ​គ្មាន​មធ្យោបាយ​រួម​ចំណែក​បំពេញ​សំណូមពរ​របស់​លោក។ ខ្ញុំ​សង្ឃឹម​ថា លោក​យល់ និង​អធ្យាស្រ័យ​ដល់​ខ្ញុំ»

ទោះ​ជា​ដូច្នេះ​ក្ដី លោក ចៅ នី នៅ​តែ​មិន​អស់​ចិត្ត ព្រោះ​លោក ចៅ សៅ និង ខៀវ សំផន ស្គាល់​គ្នា​ជិតស្និទ្ធ​ណាស់។

សាលា​ដំបូង​នឹង​ធ្វើ​សវនាការ​បន្ត នៅ​ថ្ងៃ​ច័ន្ទ ទី២៧ ខែ​ឧសភា ទៀត ដែល​ប្រធាន​អង្គ​ជំនុំ​ជម្រះ គឺ​លោក​ចៅក្រម និល ណុន ប្រកាស​ថា សាលា​ដំបូង​គ្រោង​ស្ដាប់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​ចំនួន ដែល​នឹង​ថ្លែង​អំពី​ការ​ខូចខាត និង​ទុក្ខ​សោក​វេទនា​របស់​ពួក​គាត់ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។