គ្រួសារ៖ ជន​ជាប់​ចោទ ខៀវ សំផន ជា​អ្នក​ស្អាតស្អំ

ប្រពន្ធ​និង​កូនប្រសា​លោក ខៀវ សំផន ផ្ដល់​សក្ខីកម្ម​ពី​ភាព​ស្អាត​ស្អំ​របស់ ខៀវ សំផន ក្នុង​តួនាទី​ជា​អ្នក​ដឹក​នាំ​​​មួយ​រូប​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ កាន់​អំណាច​ពី​​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ ក៏​ប៉ុន្តែ​អ្នក​តាមដាន​ដំណើរការ​ក្ដី​ខ្មែរ​ក្រហម​ថ្លែង​ថា ការ​ផ្ដល់​សក្ខីកម្ម​ដោយ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​ជាប់​ចោទ​ដូច្នេះ មិន​អាច​យក​ជា​ការ​បាន​ទេ​តាម​ផ្លូវ​ច្បាប់។

0:00 / 0:00

ប្រពន្ធ​លោក ខៀវ សំផន គឺ​លោកស្រី សូ សុជាតិ បាន​អះអាង​ប្រាប់​មន្ត្រី​តុលាការ​សាលាក្ដី​ខ្មែរ​ក្រហម​ នៅ​ថ្ងៃ​ទី​១០ ​មិថុនា ថា លោក ខៀវ សំផន ដែល​ត្រូវ​ជា​ប្ដី មិន​បាន​​ប្រព្រឹត្ត​អំពើ​អាក្រក់​កាប់​សម្លាប់​ប្រជាពលរដ្ឋ​​នៅ​ពេល​លោក ខៀវ សំផន ចូល​រួម​​​​ដឹក​នាំ​ប្រទេស​រយៈ​ពេល​ជាង​បី​ឆ្នាំ ដូច​ការ​ចោទ​ប្រកាន់​ទេ។

លោកស្រី សូ សុជាតិ ​អាយុ ៦២​ឆ្នាំ សម្បុរ​ជ្រះ រាង​​ស្ដើង ​​បាន​ថ្លែង​ថា លោកស្រី​បាន​រំលឹក​ប្រវត្តិ​អនុស្សាវរីយ៍​តស៊ូ​កម្សត់​​ធ្វើ​នយោបាយ​ក្នុង​ព្រៃ​ជាមួយ​ប្ដី ជួនកាល​អួល​ដើមក រលីងរលោង​ទឹក​ភ្នែក បាន​​ធានា​ចំពោះ​សវការ​ថា លោក ខៀវ សំផន ប្ដី​លោកស្រី ជា​កំពូល​​​ស្វាមី​ដ៏​ល្អ​លើស​ប្ដី​ដទៃ និង​​ជា​កំពូល​​អ្នក​ដឹក​នាំ​ស្អាត​ស្អំ ស្មោះ​​ត្រង់​ជាតិ​ក្នុង​ប្រវត្តិសាស្ត្រ មិន​ពុក​រលួយ មិន​លោភលន់​អំណាច ទ្រព្យ​សម្បត្តិ មិន​បំផ្លាញ​ប្រទេស​ជាតិ។

កូនប្រសា​លោក ខៀវ សំផន គឺ​លោក ទន់ សឿន ​ក៏​បាន​ចូល​ធ្វើ​ជា​សាក្សី​ក្នុង​​សវនាការ​នោះ​ដែរ ​នៅ​ថ្ងៃ​ទី​១០ មិថុនា ហើយ​​ក៏​បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា។

ទាក់ទង​ការ​ធ្វើ​សក្ខីកម្ម​របស់​លោក ខៀវ សំផន​ នេះ ​អ្នក​សម្របសម្រួល​សាលាក្ដី​ខ្មែរ​ក្រហម​នៃ​​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក​ ឡាត់​ គី បាន​ថ្លែង​ថា ជា​រឿង​មិន​ពិត និង​មិន​បាន​ការ។ លោក​ថា ​​ធម្មតា​​សង្គម​ខ្មែរ ប្ដី​ប្រពន្ធ​តែង​តែ​ការពារ​គ្នា​ដូច្នេះ​ហើយ ទោះ​បី​ជា​​​មាន​ទំនាស់​ធ្ងន់ធ្ងរ​ក្នុង​គ្រួសារ​​យ៉ាងណា​ក៏ដោយ។

សាលាក្ដី​ខ្មែរ​ក្រហម​កំពុង​ដំណើរ​ការ​សំណុំ​រឿង​ក្ដី​លេខ ០០២ ដែល​មាន​លោក ខៀវ សំផន និង នួន ​ជា ​ជា​ជន​ជាប់​ចោទ​ក្នុង​ការ​ទទួល​​ខុស​ត្រូវ​លើ​​​​ជីវិត​មនុស្ស​​ជិត​ពីរ​លាន​នាក់​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​កាន់​អំណាច ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​​១៩៧៩។

លោក ខៀវ សំផន (ហៅ​ក្រៅ ហែម) ប្រមុខ​រដ្ឋ (ប្រធាន​គណៈ​ប្រធាន​រដ្ឋ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆកា ឆ្នាំ​២០០៧។

លោក​​​ជាប់​បទ​ចោទ​ប្រកាន់​បី៖ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ​១៩៤៩ ឬ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ចាម​ និង​វៀតណាម។

ចំណែក​លោក នួន ជា (ឈ្មោះ​កំណើត ឡុង ប៊ុនរួត) អតីត​ជា​ប្រធាន​រដ្ឋសភា និង​អនុលេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា របប​ខ្មែរ​ក្រហម ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​១៩ កញ្ញា ឆ្នាំ​២០០៧ ជាប់​បទ​ចោទ​ប្រកាន់​បី​ដូច​គ្នា។

សាលាក្ដី​ខ្មែរក្រហម​ដែល​គេ​ហៅ​ជា​ផ្លូវការ​ថា​ អង្គជំនុំ​ជំរះ​វិសាមញ​ក្នុង​តុលាការ​កម្ពុជា នឹង​ដំណើរ​ការ​សក្ខីកម្ម​​ប្រពន្ធ​លោក ខៀវ សំផន នៅ​ថ្ងៃ​ទី​១១ មិថុនា ជា​បន្តទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។