អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី៨ ខែធ្នូ បញ្ចប់ការស្ដាប់សក្ខីកម្មដើមបណ្ដឹងរដ្ឋប្បវេណីជារងគ្រោះផ្ទាល់មួយរូបទៀត ទាក់ទងនឹងហេតុការណ៍សម្លាប់ជនជាតិវៀតណាម មួយកន្លែង នៅខេត្តកំពង់ឆ្នាំង។ ទាក់ទងនឹងអង្គហេតុនេះដែរ អង្គជំនុំជម្រះសាលាដំបូងបន្តស្ដាប់សាក្សីមួយរូបទៀតនៅខេត្តបាត់ដំបង។
សាក្សីវ័យ ៧៤ឆ្នាំ ឈ្មោះ ព្រំ សារុន មកពីខេត្តបាត់ដំបង ឆ្លើយក្នុងសវនាការសាលាដំបូង នៅរសៀលថ្ងៃទី៨ ធ្នូ ថា នៅក្នុងរបបខ្មែរក្រហម លោកបានឃើញពួកខ្មែរក្រហមចាប់ជនជាតិវៀតណាម យកទៅសម្លាប់នៅតំបន់របស់លោកក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ បាត់ដំបង។
សាក្សី ព្រំ សារុន៖ «មានជនជាតិវៀតណាម គេបញ្ជូនទៅវាយចោលនៅទួលតាត្រង់ជិតភ្នំកុយ។ ឃើញគេបណ្ដើរទៅលិច ដឹងថា មកវិញដៃទទេហើយ។ ទៅមើលតែក្បាលនៅទួលតាត្រង់ហ្នឹងឯង។ គេយកទៅពិឃាដតែត្រង់ហ្នឹងឯង។ បួននាក់ ហើមរលួយអស់ហើយ។ គេចាប់យកទៅសម្លាប់នៅទួលតាត្រង់ អាខ្លះខ្ញុំមិនដឹងទេ។ ឃើញតែខ្មោចឃើញតែលលាដក្បាលអីច្រើន មិនមែនតិចឯណា។ ខ្ញុំទាន់តែចាប់អាបួននាក់ហ្នឹងយកទៅទេ អាឯទៀតៗ ខ្ញុំមិនបានឃើញទេ ឃើញតែលលាដក្បាលនៅទីនោះ»។
លោក ព្រំ សារុន អតីតជាប្រធានកងតូច នៃកងវរលេខ១ សម្រាប់គ្រប់គ្រងមនុស្សឱ្យធ្វើការងារ។ លោកឱ្យដឹងថា មុនពេលដែលគេយកជនជាតិវៀតណាម ទៅសម្លាប់នោះ កម្មាភិបាលខ្មែរក្រហមថ្នាក់លើរបស់លោកឈ្មោះ ក្រុច បានសួររកជនជាតិវៀតណាម នៅក្នុងកងរបស់លោក៖ «សួរនៅកន្លែងវរៈហ្នឹងឯងកន្លែងបុកកិនស្រូវ។ ដើរមកសួរខ្ញុំតែម្នាក់ឯង។ ខ្ញុំរាយការណ៍ប្រាប់ថា កងខ្ញុំមិនមានយួនទេ មានតែចិន។ វរៈខ្ញុំអត់មាននរណាវាយចោលទេ។ វរៈផ្សេង។ វរៈ ២ វាយវៀតណាម ចោលនៅទួលតាត្រង់។ វរៈ ២ មានយួននៅច្រើន»។
ក្រៅពីការសម្លាប់ជនជាតិវៀតណាម សាក្សីរូបនេះថ្លែងទៀតថា នៅក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ លោកក៏បានឃើញពួកខ្មែរក្រហម បណ្ដើរទាហានរបបសាធារណរដ្ឋខ្មែរមួយចំនួនយកទៅសម្លាប់ដែរ៖ «កាត់ភូមិខ្ញុំហ្នឹង គេទៅនៅអូរពងមាន់ គេបញ្ជូនកាត់ភូមិខ្ញុំហ្នឹង ទាហានមួយខ្សែ ដឹងគេស្គាល់មានបណ្ដាសក្ដិអីទេដឹង បានតា រ៉ុម កេះយកទៅបាញ់ចោល។ ហើយមានអាមួយនោះបែបគេស្គាល់បណ្ដាសក្ដិអីដឹង បានគេចាប់ទៅបាញ់នៅភ្នំក្រពើ ច្រមុះក្រពើហ្នឹងឯង។ បាញ់ប្ដីងាប់ទៅ ប្រពន្ធយំពេក បាញ់ទាំងប្រពន្ធចោលត្រង់ហ្នឹងឯង។ ទៅមើលទៅឃើញនៅរងោកទាំងពីរនាក់ហ្នឹងឯង»។
លោក ព្រំ សារុន ថ្លែងអ្នកដែលចាប់មនុស្សយកទៅសម្លាប់នៅពេលនោះ គឺយោធាក្មេងៗ ដែលជាកូនកម្មាភិបាល មានជាអាទិ គឺកូនគណៈឃុំភ្នំសំពៅ ឈ្មោះ តារ៉ាក់ នៅតំបន់ច្រមុះភ្នំក្រពើ។
រឿងរ៉ាវនៃការសម្លាប់ជនជាតិវៀតណាម ជាអង្គហេតុចោទប្រកាន់មួយប្រឆាំងជនជាប់ចោទ នួន ជា និង ខៀវ សំផន ក្នុងសំណុំរឿង ០០២ វគ្គទី ២ ដែលអង្គជំនុំជម្រះសាលាដំបូងកំពុងជំនុំជម្រះ។
សាក្សី ព្រំ សារុន គឺជាមនុស្សទីបួនហើយ ដែលមកផ្ដល់សក្ខីកម្មដល់អង្គជំនុំជម្រះសាលាដំបូង អំពីហេតុការណ៍សម្លាប់ជនជាតិភាគតិចវៀតណាម នៅកម្ពុជា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អង្គជំនុំជម្រះគ្រោងកោះហៅសាក្សី និងដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ១០ រូប ទាក់ទងនឹងអង្គហេតុនេះ។ជំនុំជម្រះសាលាដំបូងនឹងបន្តស្ដាប់សក្ខីកម្មរបស់សាក្សី ព្រំ សារុន បញ្ចប់ នៅព្រឹកថ្ងៃពុធ ទី៩ ធ្នូ ហើយក៏នឹងចាប់ផ្ដើមស្ដាប់សាក្សីថ្មីម្នាក់ទៀត ដែលមានលេខសម្គាល់ថា 2TCW949៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
