អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ធ្វើសវនាការបន្តរបស់ខ្លួន នៅថ្ងៃពុធ ទី១៦ ធ្នូ ដោយងាកមកស្ដាប់សាក្សីថ្មីមួយរូបទាក់ទងនឹងការសម្លាប់ជនជាតិវៀតណាម នៅប៉ែកខាងសមុទ្រក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សាក្សីរូបនេះ ជាអតីតយោធាជើងទឹកមួយរូប នៅកងពល ១៦៤ ដែលជាកងទ័ពរបស់មជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា។
សាក្សីមិនបង្ហាញឈ្មោះដែលបង្ហាញតែប្រវត្តិថា ជាអតីតយោធាជើងទឹកមួយរូប នៅថ្ងៃទី១៦ ធ្នូ បានជម្រាបអង្គជំនុំជម្រះសាលាដំបូងថា មានជនជាតិវៀតណាម ជាច្រើន ត្រូវបានពួកខ្មែរក្រហមសម្លាប់នៅលើកោះ និងនៅក្រុងកំពង់សោម៖ «ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ព្រឹត្តិការណ៍នេះកើតឡើងច្រើន ដែលចាប់បាននោះ ឃើញបញ្ជូនមកបន្តបន្ទាប់។ ពេលហ្នឹងប្រជាជនថៃ ជាជននេសាទត្រី ជនជាតិវៀតណាម ដែលរត់ឆ្លងដែនទៅប្រទេសថៃ ជាច្រើន (សម្ដែងការស្មោះត្រង់ដោយពិតប្រាកដ) ពេលនោះ យកទៅសម្លាប់ចោលតែម្ដង។ អត់មានបញ្ជូនទៅណាទេក្នុងពេលនោះ»។
សាក្សីដែលអតីតជានាវិកប្រដេញនៃយោធាជើងទឹកខ្មែរក្រហម ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ថ្លែងថា លោកបានឃើញហេតុការណ៍សម្លាប់ទាំងនេះ នៅពេលលោកប្រចាំការនៅកោះពូលូវ៉ៃ កោះតាង និងឆ្នេរអូរឈើទាល ក្រុងកំពង់សោម ជាពិសេស ពេលគេចាប់បានជនភៀសខ្លួនវៀតណាម ដែលឆ្លងកាត់ទៅប្រទេសថៃ។
សាក្សីរូបនេះបញ្ជាក់ថា ការសម្លាប់ជនជាតិវៀតណាម នៅពេលនោះ គឺមានទាំងកងទ័ព ជនស៊ីវិល និងកុមារ៖ «ខ្ញុំចាំ។ ពេលនោះពេលយកទៅដល់ឆ្នេរអូរឈើទាលនោះ ឃើញក្មេងនោះយំស្រែកយ៉ាងខ្លាំង ដោយម្ដាយវា (គេ) ចាប់ចង។ ក្រោយមក ក្មេងនោះហេវបឹម (បៅដោះ)។ ក្រោយមកក៏ឃើញយោធាចាប់ក្មេងនោះបោះទម្លាក់ទឹកចោលតែម្ដង។ ពេលនៅកោះពូលូវ៉ៃ គេចាប់បានជនជាតិវៀតណាម ពីរនាក់ប្ដីប្រពន្ធ និងកូនម្នាក់អាយុប្រហែលមួយឆ្នាំប៉ុណ្ណោះ។ យោធានៅកងពិសេស វរសេនាតូចរបស់វរសេនាធំ ៦២២ យកប្រជាជននោះចងដាក់នៅក្រោមដើមដូង។ ក្រោយមបានគេសម្លាប់។ ចងហើយឱ្យលុតជង្គង់វាយនឹងគល់ឫស្សី និងត្បូងចប ស្លាប់ទាំងប្ដី និងប្រពន្ធ។ លុះក្រោយមកទៀត ខ្ញុំឃើញជាក់ស្ដែង កូនង៉ែតអាយុប្រហែលមួយឆ្នាំតែប៉ុណ្ណោះ ពេលឃើញម្ដាយស្លាប់ហូរឈាមយ៉ាងខ្លាំង ហើយក៏វារមករកម្ដាយ ក្រោយមកបានយោធាចាប់បោកនឹងគល់ដូងស្លាប់តែម្ដង។ នេះជារឿងពិតប្រាកដ។ ទាំងបីនាក់នេះជាប្រជាជនធម្មតា»។
សាក្សីនេះបញ្ជាក់ទៀតថា ពេលណាពួកខ្មែរក្រហមចាប់បានជនជាតិវៀតណាម ច្រើននាក់ គេមិនធ្វើបាបនៅលើផែ ឬកោះទេ គឺមានបញ្ជាឱ្យដឹកមកដីគោក ហើយមានឡានដឹកចេញយកទៅក្រុងកំពង់សោម។ លោកបដិសេធថា លោកមិនដែលបានទទួលបញ្ជាឱ្យសម្លាប់ដោយផ្ទាល់ទេ។
សាក្សីដដែលឱ្យដឹងថា នៅចន្លោះឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ទាំងជនជាតិថៃ នេសាទត្រី និងវៀតណាម ដែលចាប់បាន គឺយកទៅសម្លាប់នៅក្រុងកំពង់សោម ទាំងអស់។ កន្លែងសម្លាប់ដែលលោកដឹង គឺមាននៅដូចជា ទីតាំងចម្ការក្រូច និងចម្ការធូរេន ហើយគេយកសាកសពនោះធ្វើជាជី។
អតីតយោធាជើងទឹកនេះ បន្តថា នៅកងទ័ពជើងទឹករបស់លោកក្រៅពីចាប់ជនជាតិវៀតណាម និងថៃ យកទៅសម្លាប់ ក៏មានយោធាពីភូមិភាគបូព៌ាមួយវរសេនាធំ និងប្រជាជនថ្មី ១៧ មេសា ដែរ៖ «មិត្តជាយោធានោះនិយាយប្រាប់ខ្ញុំច្បាស់ហើយថា ប្រជាជន ១៧ មេសា នោះ គេយកចំនួនពីរបីឡានទ្រុង យកទៅវាយចោលនៅលើចំណោត សេ.អ៊ី អស់ហើយ។ រឿងនេះជារឿងពិតប្រាកដ»។
លោកបញ្ជាក់បន្ថែមថា ការបាញ់សម្លាប់ជនភៀសខ្លួនវៀតណាម គឺមានបញ្ជាពីមេបញ្ជាការកងពល ឈ្មោះ មាស មុត។ ការសម្លាប់ជនជាតិវៀតណាម ដោយកងពល ១៦៤ គឺបន្ទាប់មានវគ្គសិក្សានយោបាយមួយ នៅឆ្នាំ១៩៧៦ ដែលប្រកាសថា វៀតណាម ជាសត្រូវសួពូជនឹងកម្ពុជា ហើយត្រូវសម្លាប់អត់មានទុក។
សវនាការស្ដាប់សាក្សី លេខ 2TCW-1000 នេះ នៅមិនទាន់បញ្ចប់ទេ ហើយអង្គជំនុំជម្រះសាលាដំបូងនឹងស្ដាប់សាក្សីនេះបន្តទៀត នៅថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០១៦ ខាងមុខ។ ប្រធានអង្គជំនុំជម្រះលោកចៅក្រម និល ណុន ប្រកាសថា ការមិនបង្ហាញឈ្មោះសាក្សីរូបនេះ ព្រោះសាក្សីឋិតនៅក្រោមការស៊ើបអង្កេតក្នុងសំណុំរឿងផ្សេងនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
