អតីត​យោធា​ជើង​ទឹក​មួយ​រូប​និយាយ​ពី​ការ​សម្លាប់​ជនជាតិ​វៀតណាម​នៅ​សមុទ្រ

0:00 / 0:00

រឿងរ៉ាវ​សម្លាប់​ជនជាតិ​វៀតណាម ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ នៅ​តែ​ជា​អង្គហេតុ​ដែល​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ធ្វើ​សវនាការ​ស្ដាប់​សាក្សី​នៅ​ឡើយ។ សាក្សី​ដែល​មក​ផ្ដល់​សក្ខីកម្ម នៅ​ថ្ងៃ​ទី​៥ មករា ជា​អតីត​យោធា​ជើង​ទឹក​មួយ​រូប នៅ​ក្នុង​កង​នាវា​ប្រដេញ​នៃ​កងពល​ខ្មែរ​ក្រហម លេខ​១៦៤។

សាក្សី​ដែល​នៅ​លាក់​អត្ត​សញ្ញាណ ហើយ​បង្ហាញ​តែ​លេខ​កូដ​ថា 2TCW-1000 ថ្លែង​បញ្ជាក់​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​៥ មករា អំពី​ហេតុការណ៍​សម្លាប់​ជនជាតិ​វៀតណាម នៅ​កោះ​ពូលូវ៉ៃ៖ «ក្រុម​កង​ពិសេស វីរសេនា​តូច​ហ្នឹង​ទេ ជា​អ្នក​ធ្វើឃាត ហើយ​កាល​នោះ​ខ្ញុំ​ក៏​នៅ​ជិត​ហ្នឹង​ដែរ ហើយ​ឃើញ​រូបភាព​នេះ​ពិត​ប្រាកដ​មែន។ តែ​ខ្ញុំ​មិន​នៅ​ចងចាំ​ឈ្មោះ​ទេ ប្រហែល​ជា​អ្នក​ទាំង​នោះ​ភាគ​ច្រើន​បាត់បង់​ជីវិត​ដែរ។ បញ្ជាការ​វរសេនា​តូច​នោះ ឈ្មោះ​បង យឺន ហើយ​នៅ​ប្រធាន​ក្រុម​ពិសេស​នោះ ឈ្មោះ ហាន»

អតីត​យោធា​ជើង​ទឹក​រូប​នេះ ជម្រាប​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ថា ជន​បរទេស​ទាំង​ឡាយ​ណា ដែល​ចូល​មក​ក្នុង​ដែន​ទឹក​របស់​កម្ពុជា គឺ​ត្រូវ​តែ​ដេញ​ចាប់​ឱ្យ​បាន។ ក្នុង​នោះ​មាន​ជនជាតិ​ថៃ ជា​អ្នក​នេសាទ និង​ជនជាតិ​វៀតណាម ដែល​ជា​អ្នក​នេសាទ និង​អ្នក​រត់​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ។

សាក្សី​រូប​នេះ​បញ្ជាក់​ទៀត​ថា មាន​ជនជាតិ​វៀតណាម ជា​ច្រើន ត្រូវ​បាន​កងទ័ព​ជើង​ទឹក​ខ្មែរក្រហម​ចាប់​បាន និង​បញ្ជូន​មក​ក្រុង​កំពង់សោម។ លោក​ថា ពេល​ចាប់​បាន​ជន​ជាតិ​វៀតណាម ច្រើន​នាក់ គឺ​ធ្វើ​តាម​បញ្ជា​ឱ្យ​បញ្ជូន​មក​ដី​គោក តាម​ផែ​រាម និង​អូរ​ឈើទាល។ ឯ​ពេល​ខ្លះ​ទៀត ជន​ជាតិ​វៀតណាម តិច ត្រូវ​កងទ័ព​ជើង​ទឹក​សម្លាប់​នៅ​តាម​កោះ៖ «អ្វី​ក៏​បញ្ជា​តាម​ជាន់​ថ្នាក់​មក។ បញ្ជា​តាម​ជាន់​ថ្នាក់ បាន​ខាង​យោធា​ធ្វើ។ អ៊ីចឹង​មិន​មែន​ធ្វើ​ម្ចាស់ការ​ប្រធាន​វរសេនា​តូច​ហ្នឹង​អត់​ទេ។ ទាល់​តែ​បញ្ជា​ពី​លើ​មក​បាន​គេ​ហ៊ាន​ធ្វើ។ បើ​គេ​អត់​បញ្ចា​មក មាន​តែ​បញ្ជូន​ទៅ​ដី​គោក។ បញ្ជា​វរសេនា​តូច ឈ្មោះ តា យឺន គាត់​អ្នក​បញ្ជា​ផ្ទាល់ ព្រោះ​ខាង​លើ​បាន​អនុញ្ញាត​ឱ្យ​​ហើយ បាន​គាត់​បញ្ជា​ឱ្យ​យោធា​ធ្វើ»

លោក​ឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម ដែល​កងទ័ព​ជើង​ទឹក​ខ្មែរក្រហម​ចាប់​បាន​ច្រើន គឺ​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៧។

លោក​អះអាង​ថា លោក​ជា​អ្នក​បាញ់​ទម្លាក់​យន្ត​សហរដ្ឋអាមេរិក នៅ​លើ​កោះ​តាង ក្នុង​ពេល​ប្រយុទ្ធ​គ្នា និង​ចាប់​កប៉ាល់​ម៉ាយ៉ាហ្គេស (Mayaguez)។ កងទ័ព​ជើង​ទឹក​ក្នុង​កងពល​លេខ ១៦៤ ជា​កងទ័ព​របស់​មជ្ឈិម​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​មាន​ឈ្មោះ មាស មុត ជា​មេបញ្ជាការ។ ទាក់ទង​នឹង​ការ​សម្លាប់​មនុស្ស​ដោយ​កងទ័ព​ជើងទឹក​នេះ លោក មាស មុត ត្រូវ​បាន​សហ​ចៅក្រម​អន្តរជាតិ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត ក្នុង​សំណុំរឿង ០០៣។

ក្រោយ​ការ​បញ្ចប់​សក្ខីកម្ម​សាក្សី 2TCW-1000 អង្គ​ជំនុំជម្រះ​បន្ត​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប​ទៀត ទាក់ទង​នឹង​ការប្រព្រឹត្ត​ចំពោះ​ជនជាតិ​វៀតណាម នៅ​ខេត្ត​ព្រៃវែង ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

សាក្សី ថេង ផល កើត​នៅ​ភូមិ​ពោធិ៍​ចិនដាំ ឃុំ​ស្វាយអន្ទ ស្រុក​ព្រៃវែង ខេត្ត​ព្រៃវែង។ សព្វថ្ងៃ​នៅ​ខេត្ត​ព្រៃវែង។ សាក្សី​រូប​នេះ ជម្រាប​អង្គ​ជំនុំជម្រះ​ថា ក្នុង​របប​ខ្មែរក្រហម​គ្រប់គ្រង​អំណាច មាន​ពលរដ្ឋ​ជា​ជនជាតិ​វៀតណាម ៣​ឃុំ នៅ​ក្នុង​ឃុំ​របស់​លោក៖ «ប្ដី​ប្រពន្ធ​ទី​មួយ គឺ ឡាច នី មាន​ប្រពន្ធ​ជា​វៀតណាម។ ទី​ពីរ អឿន មាន​ប្ដី​ជា​វៀតណាម​ម្ដង។ ឈ្មោះ ជុយ ប្ដី។ ឡាច នី ខ្ញុំ​មិន​សូវ​ស្គាល់​បាន​ទេ​ប្រពន្ធ ខ្ញុំ​មិន​សូវ​ស្គាល់​ឈ្មោះ​ទេ។ មួយ​ទៀត ង៉ាង ត្រូវ​ជា​ប្ដី​របស់​យាយ តិច នៅ​ភូមិ​ជាមួយ​គ្នា​ហ្នឹង»

សក្ខីកម្ម​របស់​សាក្សី ថេង ផល ទើប​តែ​ចាប់​ផ្ដើម​បាន​បន្តិច​ទេ។ ប្រធាន​អង្គ​ជំនុំជម្រះ​លោក​ចៅក្រម និល ណុន ប្រកាស​ថា អង្គ​ជំនុំជម្រះ​នឹង​ស្ដាប់​សាក្សី ថេង ផល បន្ត​ទៀត នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៦ មករា។ បន្ទាប់​ពី​លោក ថេង ផល អង្គ​ជំនុំជម្រះ​គ្រោង​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប​ទៀត ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​លើ​ក្រុម​គោលដៅ​ជាក់លាក់ គឺ​ក្រុម​ជនជាតិ​ចាម​វិញ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។