ព្រះមហាក្សត្របានតែងតាំងចៅក្រមអន្តរជាតិថ្មីចំនួន ២រូប សម្រាប់ការងារសាលាក្ដីខ្មែរក្រហម។ ការតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីមានការចាត់តាំងពី លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ និងមានការអនុម័តយល់ព្រមពីឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា បានសរសេរថា ព្រះមហាក្សត្រទ្រង់បានតែងតាំងចៅក្រម ប៊ែក កាងជីន (BAIK Kang Jin) ជាជនជាតិកូរ៉េខាងត្បូង ឲ្យកាន់តួនាទីជំនួសចៅក្រម រ៉ូវ៉ាន់ ដោននីង (Rowan Downing) ជាជនជាតិអូស្ត្រាលី ដែលបានលាលែងពីតំណែងកាលពីដើមឆ្នាំ២០១៥ នេះ។
កាលពីពេលថ្មីៗនេះ លោក ប៊ែក កាងជីន បានបំពេញការងារជាចៅក្រមនៅតុលាការកំពូលទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ តាំងពីឆ្នាំ២០១៣ មក លោកបានបំពេញការងារជាតំណាងពិសេសនៃក្រុមប្រឹក្សាទទួលខុសត្រូវផ្នែកកម្មសិទ្ធិបញ្ញា និងជាសមាជិកមិនអចិន្ត្រៃយ៍នៃគណៈកម្មការការពារព័ត៌មានផ្ទៃក្នុងរដ្ឋាភិបាលកូរ៉េ។ ក្រៅពីនេះ លោកត្រូវបានតែងតាំងជាចៅក្រមលើកដំបូងនៅឆ្នាំ១៩៩៤ ហើយគាត់បានចូលរួមជំនុំជម្រះក្ដីលើសំណុំរឿងឧក្រិដ្ឋកម្មមួយចំនួន នៅក្នុងតុលាការថ្នាក់ក្រោម ៣ផ្សេងគ្នាក្នុងប្រទេសកំណើតរបស់លោក។
ដោយឡែកសាលាក្ដី ក៏បានប្រកាសឲ្យដឹងដែរថា លោកសាស្ត្រាចារ្យ ម៉ៃឃើល បូលេនឌើ (Michael Bohlander) ជាជនជាតិអាល្លឺម៉ង់ ត្រូវបានតែងតាំងជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុងថ្មី ជំនួសចៅក្រម អូលីវ័រយ៉េ បូវ៉ាលេ (Olivier Beauvallet) ជនជាតិបារាំង ដែលត្រូវបានតែងតាំងជាចៅក្រមអន្តរជាតិនៃអង្គបុរេជំនុំជម្រះកាលពីពេលកន្លងមកក្នុងឆ្នាំនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
