តើបញ្ហានេះមានដំណោះស្រាយឬទេ?
ក្រុមប្រតិចារឹករបស់សាលាក្តីខ្មែរក្រហមចំនួន ៧នាក់ បានចូលរួមជាមួយក្រុមអ្នកប្រែភាសានៅសាលាក្ដីខ្មែរក្រហម ដើម្បីទាមទារប្រាក់ខែដែលមិនទាន់បើកអស់រយៈពេល ៣ខែមកហើយ។ ការតវ៉ារបស់ក្រុមអ្នកបកប្រែ បានឈានចូលដល់សប្ដាហ៍ទី២ហើយ ក៏ប៉ុន្តែនៅមិនទាន់មានសញ្ញាអំពីដំណោះស្រាយណាមួយនៅឡើយទេ រហូតមកដល់ពេលនេះ។
អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ដ្រា ថ្លែងឱ្យដឹងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ ថា នេះជាការបន្ថែមក្រុមអ្នកតវ៉ាថ្មីមួយទៀត៖ «បាទ! រហូតមកដល់ពេលនេះ គឺជាថ្ងៃទី១១ ហើយ ដែលមន្ត្រីបុគ្គលិកជាតិនៃអ្នកបកប្រែ ក៏ដូចជាខាងអ្នកប្រតិចារឹកហ្នឹង សរុបទាំងអស់ប្រមាណ ៣០រូប ដែលបន្តធ្វើពហិការមិនបំពេញការងារ។ ក៏ប៉ុន្តែ អ្វីដែលខ្ញុំទទួលបានព័ត៌មានថ្មីៗនេះ គឺក្រុមអ្នកបកប្រែមួយចំនួនបានចូលមកបំពេញការងារជាធម្មតាវិញហើយ ដោយពួកគាត់បានទុកពេលវេលានេះឱ្យខាងរដ្ឋបាលបំពេញការងារជាមួយក្រុមប្រទេសម្ចាស់ជំនួយ ដើម្បីអាចទទួលបានថវិកាជំនួយបន្ថែម ក៏ដូចជាដោះស្រាយបញ្ហាថវិកាប្រចាំខែធ្នូ ដែលពួកគាត់មិនទាន់បើកនៅឡើយនោះ»។
លោកឱ្យដឹងដែរថា ចំពោះបុគ្គលិកបកប្រែផ្សេងទៀត នឹងចូលមកបន្តការងារវិញ នៅពេលណាពួកគេទទួលបានប្រាក់ខែសម្រាប់ខែធ្នូ ឆ្នាំ២០១២។ លោក នេត្រ ភក្ដ្រា បញ្ជាក់ថា ប្រាក់ខែសម្រាប់ខែធ្នូ ឆ្នាំ២០១២ ប្រាកដជាបាន ព្រោះថវិកានោះជាថវិកាសល់ពីការសន្យាចាស់របស់សហគមន៍អឺរ៉ុប ហើយឥឡូវនេះ កំពុងដោះស្រាយបញ្ហានីតិវិធីផ្ទេរ ដែលមានភាពស្មុគស្មាញ។
ការធ្វើពហិការរបស់ក្រុមអ្នកបកប្រែ គួបផ្សំនឹងបញ្ហាសុខភាពចុះខ្សោយរបស់ជនជាប់ចោទ អៀង សារី បានក្លាយជាឧបសគ្គដែលធ្វើឱ្យដំណើរការសវនាការរបស់សាលាក្ដីខ្មែរក្រហម មិនអាចបន្តទៅមុខបាន ចាប់តាំងពីថ្ងៃទី៤ មីនា មក។
កាលពីថ្ងៃទី៤ ខែមីនា ជនជាប់ចោទ អៀង សារី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ដោយសារតែគាត់មានបញ្ហាក្អួតទទួលទានអាហារមិនបាន។ មេធាវីការពារក្ដី គឺលោក អាង ឧត្ដម ថ្លែងថា លោកមិនមានព័ត៌មានអ្វីពីស្ថានភាពសុខភាពរបស់កូនក្តីលោកទេ នៅថ្ងៃពុធ ទី១៣ មីនា។ លោកមេធាវីថ្លែងថា ពេលវេលាដែលលោកជួបកូនក្ដីលោកចុងក្រោយ គឺនៅម៉ោង ៩ព្រឹក ថ្ងៃទី១២ មីនា ហើយពេលរសៀលលោកមិនត្រូវបានគេអនុញ្ញាតឱ្យជួបទេ៖ «អត់បានទាក់ទងគ្នាទេ គឺគ្រាន់តែឃើញ។ យើងឃើញគាត់ មើលឃើញគាត់ មិនដឹងថា គាត់ឃើញខ្ញុំដែរឬយ៉ាងម៉េច។ ប្រហែលជាគាត់អាចដឹងថាខ្ញុំមើលទៅ។ និយាយទៅ ខ្ញុំជួបគាត់តែត្រឹមម៉ោង៩ ប៉ុណ្ណឹងទេ តែក្រោយទៀត ខ្ញុំអត់ដឹងទេ។ ខ្ញុំទៅដែរ តែគេអត់ឱ្យជួបទេ។ ពេទ្យអត់ឱ្យជួបទេ»។
ស្របពេលដែលសាលាដំបូងនៅមិនទាន់មានសវនាការ ផ្នែកអង្គភាពគាំពារជនរងគ្រោះនៃសាលាក្ដីខ្មែរក្រហម គ្រោងរៀបចំវេទិកាថ្នាក់តំបន់មួយ នៅថ្ងៃសុក្រ ទី១៥ មីនា។
ប្រធានអង្គភាពគាំពារជនរងគ្រោះ លោក អ៊ឹម សុភា បញ្ជាក់ថា វេទិកាថ្នាក់តំបន់នេះ គឺជាការជួបគ្នាឡើងវិញរវាងមេធាវី និងជនរងគ្រោះ ដែលតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង ០០២ ចំនួន១៥០ ដើម្បីទទួលព័ត៌មានបន្ថែមអំពីដំណើរការវិវឌ្ឍន៍នៃសាលាក្ដីកូនកាត់នេះ។
លោក អ៊ឹម សុភា៖ «នេះជួបបន្ថែមទៀត កុំឱ្យថា ដាច់សាច់រឿងក្នុងការអត់មានឱកាសនឹងស្ដាប់ផ្ទាល់ ពីព្រោះគាត់មានសិទ្ធិ និងការដឹងពីការវិវឌ្ឍ ហើយយើងធ្វើកន្លងមកហ្នឹង មានការផ្ដល់ជាវិទ្យុឱ្យគាត់តាមដានស្ដាប់ ឬក៏មេធាវីពិគ្រោះយោបល់អីអ៊ីចឹងដែរ។ ប៉ុន្តែ នេះជាពេលវេលាមួយទៀតដែលយើងគិតថា ដោយសារពុំមានសវនាការនៅតុលាការ យើងបង្កឱកាសឱ្យគាត់ជួបបន្ថែមទៀតតែម្ដងទៅ ចំពោះអ្នកអត់ទាន់បានមកចូលរួមដោយផ្ទាល់។ នៅក្នុងសំណុំរឿង០០២ មានមេធាវី ១១ក្រុម»។
លោក អ៊ឹម សុភា ថ្លែងបន្តថា វេទិកានេះក៏មានគោលបំណងឱ្យមេធាវីពន្យល់ដើមបណ្ដឹងរដ្ឋប្បវេណីអំពីដំណើរការបំបែកសំណុំរឿង០០២ និងដើម្បីឱ្យដើមបណ្ដឹងរដ្ឋប្បវេណីយល់អំពីការប្រើប្រាស់សិទ្ធិរបស់ខ្លួន។ លោក អ៊ឹម សុភា ឱ្យដឹងថា ជនរងគ្រោះដែលតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២ ហើយតុលាការទទួលស្គាល់នោះ មានចំនួន ៣.៨៦៦នាក់។ ក្នុងចំនួននេះ មានដើមបណ្ដឹងរដ្ឋប្បវេណីមួយចំនួនធ្លាប់បានមកចូលរួមស្ដាប់សវនាការដោយផ្ទាល់ហើយ ហើយមួយចំនួនទៀតនៅមិនទាន់បានចូលរួមនៅឡើយ។
វេទិកាថ្នាក់តំបន់នៅថ្ងៃសុក្រ ទី១៥ មីនា នឹងប្រព្រឹត្តទៅនៅសណ្ឋាគារខេមរាបាត់ដំបង១ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ល្ងាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
