សវនាការរបស់សាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅព្រឹកថ្ងៃទី២៩ ខែមេសា ដែលស្ដាប់សក្ខីកម្មដើមបណ្ដឹងរដ្ឋប្បវេណី ស សារិន បានតែជាង ២ម៉ោង ត្រូវបានបញ្ចប់ទៅវិញពាក់កណ្ដាលទី ដោយសារតែគាត់សុំផ្អាកការផ្ដល់សក្ខីកម្ម ព្រោះភ័យខ្លាចអំពីបញ្ហាអសន្តិសុខផ្ទាល់ខ្លួន និងគ្រួសារ។
ការសុំផ្អាករបស់ដើមបណ្ដឹងរដ្ឋប្បវេណី ស សារិន គឺធ្វើឡើង នៅពេលដែលសហព្រះរាជអាជ្ញាសាកសួរគាត់អំពីខ្លឹមសារ និងពាក្យពេចន៍របស់ជនជាប់ចោទ នួន ជា និង ខៀវ សំផន ក្នុងវគ្គបង្រៀនកម្មាភិបាលនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
មុនដំបូងដើមបណ្ដឹងរដ្ឋប្បវេណី ស សារិន បានទាមទារលក្ខខណ្ឌឱ្យអង្គការសហប្រជាជាតិ និងរដ្ឋាភិបាល ជួយផ្ដល់កិច្ចការពារសន្តិសុខផ្ទាល់ខ្លួន និងគ្រួសារ មុននឹងលោកផ្ដល់សក្ខីកម្មបន្ត។ បន្ទាប់មកលោកសុំឱ្យមានកម្លាំងការពារជានគរបាល ឬកងរាជអាវុធហត្ថពីរដ្ឋាភិបាល ហើយលោកសន្យានឹងជួយផ្ដល់ព័ត៌មានដល់តុលាការវិញ។
លោក ស សារិន បានបដិសេធមិនផ្ដល់សក្ខីកម្មទេ ទោះជាភាគីក្នុងសវនាការស្នើសុំឱ្យធ្វើសវនាការអសាធារណៈក្ដី។
ដើមបណ្ដឹងរដ្ឋប្បវេណី ស សារិន ជាអតីតអ្នកឃោសនាសិល្បៈនៅខេត្តកំពង់ចាម និងជាអ្នកបើកបររថយន្តដឹកភ្ញៀវបរទេស និងកម្មាភិបាលខ្មែរក្រហម នៅទីក្រុងភ្នំពេញ នៅឆ្នាំ១៩៧៥។ មេធាវីនាំមុខការពារដើមបណ្ដឹងរដ្ឋប្បវេណីជម្រាបអង្គជំនុំជម្រះថា ដើមបណ្ដឹងរដ្ឋប្បវេណីមានព័ត៌មានសំខាន់ៗ ដែលមានប្រយោជន៍ដល់សំណុំរឿង ០០២។
ទោះជាដូច្នេះក្ដី ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន បានសម្រេចប្រកាសបញ្ចប់សវនាការដោយសារតែមិនអាចផ្ដល់ការធានាតាមការស្នើសុំរបស់ដើមបណ្ដឹងរដ្ឋប្បវេណី ស សារិន បាន៖ «សំណើរបស់លោកចាប់ពីពេលនេះរហូតអស់ជីវិត មិនមានហេតុផលច្បាស់លាស់ទេ ហើយក៏គ្មានយុត្តាធិការសម្រេចរឿងនេះបានដែរ»។
ក្រោយការប្រកាសបញ្ចប់សក្ខីកម្មរបស់ដើមបណ្ដឹងរដ្ឋប្បវេណី ស សារិន សវនាការបន្តស្ដាប់សាក្សីអតីតកងទ័ពខ្មែរក្រហម នៅខេត្តពោធិ៍សាត់ មួយរូបទៀត ឈ្មោះ អ៊ុង ឆាត់។ សាក្សី អ៊ុង ឆាត់ អាយុ ៦២ឆ្នាំ ជាអ្នកបានឃើញព្រឹត្តិការណ៍ប្រមូលអតីតអ្នករដ្ឋការ និងទាហាន លន់ នល់ ដឹកទៅទួលពោធិ៍ជ្រៃ។ ទួលពោធិ៍ជ្រៃ គឺជាកន្លែងសម្លាប់មនុស្សមួយកន្លែងដែលត្រូវសាលាក្ដីខ្មែរក្រហមដាក់បញ្ចូលក្នុងសំណុំរឿងលេខ ០០២ វគ្គទី ១ បច្ចុប្បន្ននេះ។
សវនាការស្ដាប់សាក្សី អ៊ុង ឆាត់ នៅមិនទាន់បញ្ចប់ទេ ហើយអង្គជំនុំជម្រះសាលាដំបូងនឹងបន្តសវនាការ នៅថ្ងៃអង្គារ ទី៣០ ខែមេសាទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
