ទាក់ទងនឹងរឿងរ៉ាវឧក្រិដ្ឋកម្មរបស់អតីតមេដឹកនាំខ្មែរក្រហម មានមជ្ឈដ្ឋានជាច្រើនចង់ដឹងពីការវិវឌ្ឍជឿនលឿននៃសំណុំរឿងលេខ ០០៣ និង ០០៤។ នៅថ្ងៃច័ន្ទ ទី២០ កក្កដា សាលាក្ដីខ្មែរក្រហមឲ្យដឹងថា សំណុំរឿងនេះកំពុងស្ថិតក្នុងការស៊ើបអង្កេត ប៉ុន្តែខ្វះកិច្ចសហការពីរដ្ឋាភិបាលប្រទេសជិតខាង។
ការិយាល័យសហចៅក្រមស៊ើបអង្កេតនៃសាលាក្ដីខ្មែរក្រហម ចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃច័ន្ទ ទី២០ កក្កដា ឲ្យដឹងថា សំណុំរឿង ០០៣ និង ០០៤ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ដ្រា ថ្លែងថា សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ដែលចេញសេចក្ដីថ្លែងការណ៍នេះ គឺដើម្បីបង្ហាញកិច្ចប្រឹងប្រែងក្នុងការស្វែងរកឯកសារពាក់ព័ន្ធពីរដ្ឋាភិបាលថៃ និងវៀតណាម ក៏ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាលប្រទេសទាំងពីរពុំបានសហការទេ៖ «ដើម្បីបង្ហាញការពិតនៃការចោទប្រកាន់នៅក្នុងសំណុំរឿង ០០៣ និង ០០៤ គឺសហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានផ្ញើលិខិតចាត់ឲ្យស៊ើបសួរជំនួសអន្តរជាតិចំនួន ៣ច្បាប់ ជូនសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយនិងប្រទេសថៃ កាលពីឆ្នាំ២០១៣ ក៏ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះ ពុំទទួលបានលទ្ធផលទេ។ យោងតាមវិធានផ្ទៃក្នុងនៃសាលាក្ដីខ្មែរក្រហម គឺការិយាល័យសហចៅក្រមស៊ើបអង្កេត អាចស្នើសុំឲ្យរដ្ឋមិនមែនជាភាគីនៃកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ការជួយជ្រោមជ្រែងតាមផ្លូវតុលាការជូនដល់ អ.វ.ត.ក បាន»។
នៅក្នុងសំណុំរឿង ០០៣ និង ០០៤ បច្ចុប្បន្ននេះមានជនសង្ស័យជាអតីតកម្មាភិបាលខ្មែរក្រហមចំនួន ៣រូប ត្រូវបានសាលាក្ដីខ្មែរក្រហម ដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេត ក្នុងនោះ គឺមាន លោក មាស មុត លោក អោ អាន និងអ្នកស្រី អ៊ឹម ចែម។
ឯកសារដែលសហចៅក្រមស៊ើបអង្កេតអន្តរជាតិស្វែងរកពីប្រទេសថៃ និងវៀតណាម គឺទាក់ទងនឹងការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភទៅលើច្បាប់មនុស្សធម៌អន្តរជាតិ និងទម្លាប់អន្តរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញាអន្តរជាតិនានា ដែលប្រទេសកម្ពុជា ទទួលស្គាល់។ ការរំលោភយ៉ាងធ្ងន់ធ្ងរទាំងនេះ ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តក្នុងអំឡុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
ដើម្បីជាផលប្រយោជន៍ក្នុងការស្វែងរកយុត្តិធម៌ ការិយាល័យសហចៅក្រមស៊ើបអង្កេត ជំរុញឲ្យសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រថៃ អនុវត្តឲ្យបានពេញលេញតាមសំណើសុំការជួយជ្រោមជ្រែងចាំបាច់ទាំងនេះ។ រដ្ឋាភិបាលប្រទេសទាំងពីរ នៅមិនទាន់ឆ្លើយតបយ៉ាងណាទេ ចំពោះសេចក្ដីថ្លែងការណ៍របស់សហចៅក្រមស៊ើបអង្កេតនៃសាលាក្ដីខ្មែរក្រហមនេះ។
ស្របពេលដែលសំណុំរឿង ០០៣ និង ០០៤ ស្ថិតក្រោមការស៊ើបអង្កេត អង្គជំនុំជម្រះសាលាដំបូងកំពុងដំណើរការនីតិវិធីជំនុំជម្រះលើសំណុំរឿង ០០២ វគ្គ២ ប៉ុន្តែសវនាការវគ្គ២ នេះ បានផ្អាកបណ្ដោះអាសន្នចាប់តាំងពីចុងខែមិថុនា មក។
លោក នេត្រ ភក្ដ្រា បញ្ជាក់ថា សាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នឹងបន្តសវនាការលើភស្តុតាងរបស់ខ្លួនក្នុងសំណុំរឿង០០២ វគ្គ២ តាមការគ្រោងទុកនៅថ្ងៃទី២៧ កក្កដា៖ «អង្គជំនុំជម្រះសាលាដំបូង នឹងផ្ដោតទៅលើការស្ដាប់សក្ខីកម្មទាក់ទងទៅនឹងការដ្ឋានការងារទំនប់អាងត្រពាំងថ្ម នៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាអង្គហេតុមួយនៅក្នុងចំណោមអង្គហេតុទាំង៣ ទាក់ទងជាមួយការដ្ឋានការងារ ហើយអង្គជំនុំជម្រះសាលាដំបូងបានស្ដាប់សក្ខីកម្មនៅក្នុងសំណុំរឿង០០២ វគ្គ២ នេះ ដែលទាក់ទងនឹងទំនប់ ១ មករា ហើយនិងការដ្ឋានព្រលានយន្តហោះខេត្តកំពង់ឆ្នាំង រួចមកហើយ។ អ៊ីចឹង គឺនៅថ្ងៃទី២៧ ខែកក្កដា អង្គជំនុំជម្រះនឹងស្ដាប់សក្ខីកម្មរបស់សាក្សី និងដើមបណ្ដឹងរដ្ឋប្បវេណី ទាក់ទងជាមួយនឹងការដ្ឋានការងារអាងត្រពាំងថ្ម»។
សំណុំរឿង០០២ វគ្គ២ មានជនជាប់ចោទ ២រូប គឺជនជាប់ចោទ នួន ជា អតីតជាអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជនជាប់ចោទ ខៀវ សំផន អតីតជាប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
