ការបញ្ជាក់ជំហរគាំទ្រឱ្យពន្លឿនសវនាការសំណុំរឿង ០០២ វគ្គទី២ នេះ ត្រូវបានបញ្ជាក់ឡើងដោយជនរងគ្រោះ ២០០នាក់ នៅពេលដែលជួបនឹងមេធាវីការពារដើមបណ្ដឹងរដ្ឋប្បវេណីក្នុងកិច្ចប្រជុំថ្នាក់តំបន់មួយនៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ធ្នូ។
មេធាវីនាំមុខដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្ដីខ្មែរក្រហម លោក ពេជ្រ អង្គ មានប្រសាសន៍បញ្ជាក់ថា ជនរងគ្រោះជាដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ២០០នាក់ ក្នុងចំណោម ៣.៨៦៧នាក់ មិនចង់ឱ្យសាលាក្ដីរង់ចាំចេញសាលក្រមលើសំណុំរឿង ០០២ វគ្គទី ១ សិន ទើបចាប់ផ្ដើមវគ្គទី ២ ទេ។
ដើមបណ្ដឹងរដ្ឋប្បវេណីមកពីខេត្តកំពង់ធំ មួយរូប គឺលោកស្រី មាស ផល្លី ថ្លែងថា លោកស្រីរីករាយនៅពេលដែលបានឮដំណឹងពីមេធាវីដើមបណ្ដឹងរដ្ឋប្បវេណី បញ្ជាក់ក្នុងសិក្សាសាលានេះថា សាលាក្ដីខ្មែរក្រហមនឹងពន្លឿនសវនាការលើសំណុំរឿងលេខ ០០២ វគ្គទី២ ក្នុងពេលឆាប់ៗ ខាងមុខ។
ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្ដីខ្មែរក្រហម លោក ឌឹម សុវណ្ណារុំ មានប្រសាសន៍ថា កិច្ចប្រជុំថ្នាក់តំបន់នេះ ជាឱកាសមានប្រយោជន៍មួយដើម្បីឱ្យដើមបណ្ដឹងរដ្ឋប្បវេណីទទួលបានព័ត៌មានវិវត្តន៍ថ្មីៗ ពីមន្ត្រីសាលាក្ដី និងមេធាវីរបស់គាត់។
លោក ឌឹម សុវណ្ណារុំ បញ្ជាក់បន្ថែមថា ក្នុងពេលដែលរង់ចាំចេញសាលក្រមវគ្គទី១ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងដដែលនឹងធ្វើសវនាការលើសំណុំរឿងលេខ ០០២ វគ្គទី២ ដោយមិនចាំបាច់បង្កើតក្រុមប្រឹក្សាជំនុំជម្រះទី ២ សម្រាប់វគ្គទី ២ ទេ។
ស្របពេលដែលខាងសាលាក្ដីប្ដេជ្ញាចិត្តបន្តសវនាការលើសំណុំរឿងលេខ ០០២ វគ្គទី ២ ឱ្យបានឆាប់ ក៏ពេលកំណត់សម្រាប់សវនាការនៅមិនបានកំណត់ច្បាស់លាស់នៅឡើយទេរហូតមកដល់ពេលនេះ។
ដោយឡែក គម្រោងថវិកាសម្រាប់ចំណាយឆ្នាំ២០១៤ ដែលសាលាក្ដីខ្មែរក្រហមដាក់ជូនប្រទេសម្ចាស់ជំនួយពិនិត្យ កាលពីដើមខែវិច្ឆិកា ត្រូវបានលោក ឌឹម សុវណ្ណារុំ បញ្ជាក់ថា ក៏មិនទាន់បានទទួលដំណឹងឆ្លើយតបណាមួយដែរ។
ជនរងគ្រោះមកពីខេត្តក្រចេះ គឺលោក អ៊ុច ស៊ុនឡាយ ថ្លែងថា លោកគាំទ្រកិច្ចប្រឹងប្រែងរបស់សាលាក្ដីខ្មែរក្រហម ហើយលោកក៏អំពាវនាវដល់ម្ចាស់ជំនួយដែរ។
កិច្ចប្រជុំថ្នាក់តំបន់របស់ដើមបណ្ដឹងរដ្ឋប្បវេណី នៅថ្ងៃទី២៣ ធ្នូ គឺជាកិច្ចប្រជុំលើកទី ៨ និងជាកិច្ចប្រជុំចុងក្រោយសម្រាប់ឆ្នាំ២០១៣ ដើម្បីឱ្យជនរងគ្រោះជួប និងពិគ្រោះជាមួយមេធាវីរបស់ខ្លួន អំពីសំណុំរឿងក្ដីនៅសាលាក្ដីខ្មែរក្រហម។
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម គ្រោងចេញសាលក្រមលើសំណុំរឿង ០០២ វគ្គទី ១ នៅខែមិថុនា ឆ្នាំ២០១៤ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
