អ្នក​ពាក់ព័ន្ធ​សំណុំ​រឿង​០០២​វគ្គ​២​ពិភាក្សា​ពី​គម្រោង​សំណង

0:00 / 0:00

ភាគី​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ របស់​សាលា​ក្ដី​ខ្មែរ​ក្រហម ប្រមាណ ១០០​នាក់ ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ទី​១១ មិថុនា តាម​ការ​គ្រោង​ទុក ដើម្បី​ពិភាក្សា​គ្នា​អំពី​គម្រោង​សំណង​សម្រាប់​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម។

អ្នក​ពាក់ព័ន្ធ​សំណុំ​រឿង​លេខ​០០២ នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ប្រមាណ ១០០​នាក់ រួម​មាន​មន្ត្រី​តុលាការ មេធាវី សមាគម​ជន​រងគ្រោះ ដើម​បណ្ដឹង​រដ្ឋប្បវេណី ស្ថាប័ន​រដ្ឋាភិបាល និង​ម្ចាស់​ជំនួយ​នានា ជួប​ពិភាក្សា​គ្នា​លើ​គម្រោង​សំណង​ដែល​នឹង​ដាក់​ទៅ​តុលាការ។

ប្រធាន​អង្គភាព​គាំពារ​ជន​រងគ្រោះ លោក ហង្ស វណ្ណៈ ថ្លែង​ថា ការ​ជួប​គ្នា​នេះ គឺ​ដើម្បី​ពិភាក្សា​គ្នា​លើ​គម្រោង​សំណង ដោយ​សហការ​ជាមួយ​ដៃគូ​នានា ដើម្បី​ឱ្យ​អនុវត្ត​ចេញ​ជា​ដុំ​កំភួន និង​ជា​ការ​ចងចាំ។

សហ​មេធាវី​នាំ​មុខ​សម្រាប់​ដើម​បណ្ដឹង​រដ្ឋប្បវេណី លោក ពេជ អង្គ មាន​ប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា​ថា ការ​ពិភាក្សា​នេះ គឺ​ជា​ការ​ចាប់​ផ្ដើម​ត្រៀម​គិតគូរ​អំពី​គម្រោង​សំណង ដែល​ត្រូវ​ដាក់​ទៅ​តុលាការ​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ខាង​មុខ។

«សំឡេង»

អតីត​ជន​រងគ្រោះ​មួយ​រូប គឺ​លោក ជុំ ម៉ី មាន​ប្រសាសន៍​ថា លោក​ពេញ​ចិត្ត​នឹង​ការ​ពិភាក្សា​គ្នា​លើ​គម្រោង​សំណង​សម្រាប់​ប្រយោជន៍​ជន​រងគ្រោះ។ ក្នុង​ចំណោម​សំណង​ទាំង​ឡាយ លោក​ចង់​ឱ្យ​មាន​ការ​សង់​ស្តូប​រំឭក​ដល់​ជន​រងគ្រោះ​នៅ​តាម​វត្ត​នានា។

«សំឡេង»

លោក​មាន​ប្រសាសន៍​ថា ជន​រងគ្រោះ​មួយ​ចំនួន​ក៏​ចង់​ឱ្យ​មាន​ជា​មន្ទីរពេទ្យ ក៏ប៉ុន្តែ​លោក​យល់​ជា​ការ​លំបាក​ក្នុង​ការ​ថែ​រក្សា និង​ផ្គត់ផ្គង់។

មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប គឺ​លោក ហុង គឹមសួន ថ្លែង​ថា គម្រោង​ទាមទារ​សំណង​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​១ ប្រឈម​នឹង​ការ​លំបាក។

«សំឡេង»

ការ​ចាប់​ផ្ដើម​ពិភាក្សា​គ្នា​អំពី​គម្រោង​សំណង​សម្រាប់​សំណុំ​រឿង​០០២ វគ្គ​២ គឺ​ផ្អែក​តាម​លំនាំ​គម្រោង​សំណង​ចំនួន ១៣​ចំណុច ដែល​ធ្វើ​ឡើង​ដោយ​អង្គភាព​គាំពារ​ជន​រងគ្រោះ និង​ក្រុម​សហ​មេធាវី​នាំ​មុខ សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដទៃ​ទៀត នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​១ កន្លង​មក។

គម្រោង​សំណង ១៣​គម្រោង​នោះ គឺ​គម្រោង​បង្កើត​ឱ្យ​មាន​ទិវា​ចងចាំ ការ​ផ្ដួច​ផ្ដើម​ការ​ចងចាំ​ជា​សាធារណៈ ការ​សង់​ស្តូប​រំឭក​ដល់​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​នៅ​ភ្នំពេញ និង​ប្រទេស​បារាំង ការ​ព្យាបាល​ផ្លូវ​ចិត្ត ចងក្រង​ក្រុម​ជួយ​គ្នា​សម្រាប់​ស្ដារ​នីតិសម្បទា ការ​តាំង​ពិព័រណ៍​ស្ដីពី​ការ​ជម្លៀស​ដោយ​បង្ខំ ការ​ចង​ក្រង​មេរៀន​ស្ដីពី​ការ​ជម្លៀស​ដោយ​បង្ខំ​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​របស់​រដ្ឋ ការ​សាងសង់​មជ្ឈមណ្ឌល​សិក្សា​សន្តិភាព​នៅ​វត្ត​សំរោង​ក្នុង ក្នុង​ខេត្ត​បាត់ដំបង ការ​ចង​ក្រង​សៀវភៅ​ស្ដី​អំពី​ដើម​បណ្ដឹង​រដ្ឋប្បវេណី ការ​បោះ​ពុម្ព និង​ចែក​ចាយ​សាលក្រម​ក្នុង​សំណុំ​រឿង​០០២ វគ្គ​១ និង​ការ​បោះ​ពុម្ព​ឈ្មោះ​ជន​រង​គ្រោះ​នៅ​ក្នុង​គេហទំព័រ​សាលា​ក្ដី​ខ្មែរ​ក្រហម។

មន្ត្រី​អង្គភាព​គាំពារ​ជន​រងគ្រោះ​ថ្លែង​ថា គម្រោង​សំណង​ទាំង​នេះ នឹង​ត្រូវ​តុលាការ​សម្រេច​ដោយ​ចេញ​សាលក្រម​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ខាង​មុខ។ ក៏ប៉ុន្តែ នៅ​ពេល​នេះ​មាន​គម្រោង​ខ្លះ​រក​បាន​ម្ចាស់​ជំនួយ​សម្រាប់​អនុវត្ត​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។