ដំណើរ​ការ​សាលា​ក្ដី​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង​០០២​ប្រចាំ​សប្ដាហ៍

សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​បញ្ចប់​សវនាការ​ប្រចាំ​សប្ដាហ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ មិថុនា។ សវនាការ​ក្នុង​សប្ដាហ៍​នេះ អង្គ​ជំនុំ​ជម្រះ​ស្ដាប់​ការ​ដាក់​បង្ហាញ​ឯកសារ​គន្លឹះ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចូលរួម​ចំណែក​របស់​ជន​ជាប់​ចោទ​នៅ​ក្នុង​ឧក្រិដ្ឋកម្ម ដែល​ត្រូវ​បាន​ចោទ​ដោយ​សាលា​ក្ដី​កូន​កាត់​ខ្មែរ​អន្តរជាតិ​មួយ​នេះ។

0:00 / 0:00

សវនាការ​ចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទ ទី២៤ មិថុនា សប្ដាហ៍​នេះ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ស្ដាប់​ការ​បង្ហាញ​របស់​សហ​ព្រះរាជ​អាជ្ញា ស្ដី​អំពី​ការ​ពាក់ព័ន្ធ​របស់​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន នៅ​ក្នុង​សំណុំ​រឿង​លេខ ០០២ វគ្គ ០១។

ការ​បង្ហាញ​ឯកសារ​អំពី​ការ​ពាក់ព័ន្ធ​របស់​ជន​ជាប់​ចោទ​នេះ គឺ​ជា​ការ​អនុវត្ត​គោលការណ៍​របស់​តុលាការ​ជំនុំ​ជម្រះ​បទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ តាម​ពាក្យ​បច្ចេកទេស​របស់​តុលាការ ដែល​ហៅ​ថា សហ​ឧក្រិដ្ឋកម្ម​រួម (Joint Criminal Enterprise (JCE)។

នៅ​ក្នុង​ពេល​បើក​សវនាការ​កាល​ពី​ថ្ងៃ​ច័ន្ទ ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ថា ជា​សវនាការ​មួយ​ដែល​អនុញ្ញាត​ឱ្យ​ភាគី​លើក​ពី​ឯកសារ​គន្លឹះ​ដាក់​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ពិចារណា និង​សម្រេច​លើ​ភស្តុតាង៖ «វា​ជា​សវនាការ​មួយ​ដែល​ភាគី​លើក​យក​ឯកសារ​សំខាន់ៗ ទាំង​ឯកសារ​ដាក់​បន្ទុក និង​ឯកសារ​ដោះ​បន្ទុក ដើម្បី​ជា​ជំនួយ​ដល់​អង្គ​ជំនុំ​ជម្រះ​ក្នុង​ការ​វាយ​តម្លៃ​លើ​តម្លៃ​នៃ​ភស្តុតាង នៅ​ពេល​ដែល​អង្គ​ជំនុំ​ជម្រះ​ធ្វើ​ការ​ថ្លឹងថ្លែង​លើ​ទម្ងន់​នៃ​ភស្តុតាង​ទាំង​នោះ បន្ទាប់​ពី​សវនាការ​ពិភាក្សា​លើ​ភស្តុតាង​ត្រូវ​បាន​បញ្ចប់។ ម្យ៉ាង​ទៀត សវនាការ​នេះ​ក៏​ជួយ​ដល់​សាធារណជន​យល់​បាន​កាន់​តែ​ច្បាស់​នូវ​ឯកសារ ដែល​បាន​ពិភាក្សា​ក្នុង​ពេល​កន្លង​មក ដោយសារ​តែ​សំណុំ​រឿង​ក្ដី​នេះ​មាន​ទំហំ​ធំ ហើយ​ស្មុគស្មាញ»

លោក​បញ្ជាក់​បន្ថែម​ថា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០១៣ ថា អង្គ​ជំនុំ​ជម្រះ​នឹង​បង្ហាញ​ឯកសារ​គន្លឹះ​សំខាន់ៗ ដែល​ភាគី និង​អង្គ​ជំនុំ​ជម្រះ​យល់​ថា ជាប់​ពាក់ព័ន្ធ​បំផុត​ទៅ​នឹង​សំណុំ​រឿង ០០២ វគ្គ ១ ហើយ​ឯកសារ​នោះ​ធ្លាប់​ជជែក​ដេញដោល​គ្នា​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​រួច​ហើយ។

កន្លង​មក សហ​ព្រះរាជ​អាជ្ញា និង​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​យល់​ថា ឯកសារ​ទាំង​នេះ​មាន​ប្រយោជន៍​ជា​ជំនួយ​ដល់​អង្គ​ជំនុំ​ជម្រះ​ក្នុង​ការ​វាយ​តម្លៃ​ភស្តុតាង។

ឯកសារ​គន្លឹះ​ដែល​លើក​ឡើង​ដោយ​សហ​ព្រះរាជ​អាជ្ញា ដើម្បី​បង្ហាញ​ពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​ជន​ជាប់​ចោទ​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​ឯកសារ​ទាក់ទង​នឹង​ផែន​ការ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ ទាំង​លើក​ទី​មួយ និង​ទី​ពីរ។ ឯកសារ​ទាំង​នេះ ជា​ឯកសារ​ផ្លូវ​ការ​បោះពុម្ព​ផ្សាយ​ដោយ​បក្ស​កុម្មុយនិស្ត​កម្ពុជា មាន​ដូច​ជា លក្ខន្តិកៈ​បក្ស និង​ទង់​បដិវត្តន៍ អត្ថបទ​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ និង​សេចក្ដី​ថ្លែង​ការណ៍​របស់​ជន​ជាប់​ចោទ​ផ្ទាល់។

សហ​ព្រះរាជ​អាជ្ញា​លើក​ឡើង​ថា ឯកសារ​ទាំង​នេះ​ហើយ​ដែល​ជា​មនោគម​វិជ្ជា​ស្នូល​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​ឈាន​ដល់​ការ​ចម្រាញ់​ខ្មាំង និង​ការ​ជម្លៀស​ពលរដ្ឋ​ស៊ីវិល។ ការ​ជម្លៀស​ដោយ​បង្ខំ ក៏​យោង​ទៅ​លើ​ការ​ជម្លៀស​នៅ​ខេត្ត​កំពង់ចាម ក្រចេះ សៀមរាប ភូមិភាគ​បូព៌ា និរតី ជា​ពិសេស​នៅ​ឧត្ដុង្គ ឆ្នាំ​១៩៧៣។ ក្នុង​នេះ ក៏​មាន​តេឡេក្រាម​ស្ដីពី​ការ​ជម្លៀស និង​សម្លាប់​ជន​ស៊ីវិល​នៅ​ចុង​ឆ្នាំ​១៩៧៤ និង​សន្ទរកថា​របស់​ជន​ជាប់​ចោទ ខៀវ សំផន ដែល​ឈាន​ទៅ​ដល់​ការ​ជម្លៀស​លើក​ទី​មួយ និង​ឯកសារ​ដែល​ថា គាត់​ក៏​នៅ​ក្នុង​ផែន​ការ​នោះ​ដែរ។

សវនាការ​នៅ​ក្នុង​សប្ដាហ៍​នេះ ភាគី​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ក៏​មាន​ឱកាស​បង្ហាញ​ឯកសារ​ស្ដី​អំពី​ការ​រង​ទុក្ខ​វេទនា​របស់​កូន​ក្ដី​ខ្លួន​ដែរ។ ឯកសារ​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាំង​នោះ បាន​រៀបរាប់​អំពី​ការ​រស់នៅ​ក្រោម​ការ​បង្ខិតបង្ខំ និង​ការ​បំបិទ​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង​ដោយ​របប​ខ្មែរ​ក្រហម រាប់​ទាំង​ការ​រៀបការ​ដោយ​បង្ខំ​ផង។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែ​មិថុនា សហ​ព្រះរាជ​អាជ្ញា​លើក​ឡើង​អំពី​ឯកសារ​នានា​ដែល​បង្ហាញ​អំពី​ការ​ពាក់ព័ន្ធ និង​តួនាទី​របស់​ជន​ជាប់​ចោទ នួន ជា នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ជា​ពិសេស គឺ​ការ​ពាក់ព័ន្ធ​របស់​ជន​ជាប់​ចោទ​រូប​នេះ​ទៅ​នឹង​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់​ខាង​ផ្នែក​សន្តិសុខ និង​យោធា។

សហ​ព្រះរាជ​បង្ហាញ​ជូន​អង្គ​ជំនុំ​ជម្រះ​នូវ​ឯកសារ​គន្លឹះ​មួយ​ចំនួន ដូច​ជា ឯកសារ​បង្ហាញ​អំពី​គោល​នយោបាយ​ដែល​ផ្ដោត​គោលដៅ​ទៅ​លើ​ការ​សម្លាប់​មន្ត្រី និង​ទាហាន​របស់​របប​សាធារណរដ្ឋ​ខ្មែរ លោក លន់ នល់។ ឯកសារ​បញ្ជាក់​អំពី​គោល​នយោបាយ​នោះ គឺ​បញ្ជី​ឈ្មោះ​អ្នក​ទោស​នៅ​មន្ទីរ ស២១ ឬ​គុក​ទួលស្លែង ដែល​បង្ហាញ​ថា អ្នក​ទោស​មួយ​ចំនួន​ធំ​ជា​មន្ត្រី និង​ទាហាន​របស់​របប លន់ នល់។

សហ​ព្រះរាជ​អាជ្ញា​បាន​លើក​យក​ឯកសារ​ស្ដី​អំពី​កិច្ច​ប្រជុំ​របស់​ជន​ជាប់​ចោទ នួន ជា និង​ឯកសារ​នៃ​កិច្ច​សម្ភាស​របស់​អ្នក​ស្រាវជ្រាវ​ឈ្មោះ ថេត សម្បត្តិ ដែល​បាន​ធ្វើ​សម្ភាស​ជាមួយ​ជន​ជាប់​ចោទ នួន ជា។ ទាក់ទង​នឹង​តួនាទី​សន្តិសុខ សហ​ព្រះរាជ​អាជ្ញា​បាន​បង្ហាញ​វីដេអូ​នៃ​កិច្ច​សម្ភាស​របស់ នួន ជា ដែល​ទទួល​ស្គាល់​ថា គាត់​បាន​អាន​ចម្លើយ​សារភាព​របស់​អ្នក​ទោស​នៅ​មន្ទីរ ស២១ ឬ​គុក​ទួលស្លែង។

នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​លោក ថេត សម្បត្តិ នេះ​ដែរ ជន​ជាប់​ចោទ នួន ជា បញ្ជាក់​ទៀត​ថា បើ​ទុក​អ្នក​ទោស​ទាំង​នោះ​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា បាត់​បង់​ជា​យូរ​មក​ហើយ ហើយ​ថា គាត់​មិន​សោកស្ដាយ​អ្នក​ដែល​ត្រូវ​សម្លាប់​ទាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​គាត់​សោកស្ដាយ គឺ​មាគ៌ា និង​គោល​ជំហរ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ភាគី​ជន​ជាប់​ចោទ នួន ជា ខៀវ សំផន និង​មេធាវី​របស់​ពួក​គាត់ នៅ​មិន​ទាន់​បាន​ឡើង​ឆ្លើយ​តប​ចំពោះ​ឯកសារ​លើក​ឡើង​ដោយ​ភាគី​សហ​ព្រះរាជ​អាជ្ញា និង​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដែល​ដាក់​បន្ទុក​លើ​ភាគី​ខ្លួន​នៅ​ឡើយ​ទេ។ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ទុក​រយៈពេល​មួយ​សប្ដាហ៍​ឱ្យ​ភាគី​ជន​ជាប់​ចោទ ដើម្បី​សិក្សា​អំពី​ឯកសារ និង​ត្រៀម​ខ្លួន​ឡើង​ឆ្លើយ​ទៅ​សហ​ព្រះរាជ​អាជ្ញា​វិញ។

នៅ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​នេះ សាលា​ដំបូង​នឹង​ងាក​មក​ធ្វើ​សវនាការ​ស្ដាប់​សាក្សី​វិញ នៅ​ថ្ងៃ​ច័ន្ទ ទី១ ខែ​កក្កដា សប្ដាហ៍​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។