សាលាក្ដី​ខ្មែរ​ក្រហម​កាត់​បន្ថយ​បុគ្គលិក​១០%

ភាគី​កម្ពុជា នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​សម្រេច​ចិត្ត​កាត់​បន្ថយ​បុគ្គលិក​ផ្នែក​ជាតិ​ប្រហែល ១០% ក្នុង​ចំណោម​បុគ្គលិក​សរុប ២៦០​នាក់ ដោយសារ​បញ្ហា​ខ្វះ​ថវិកា។ បុគ្គលិក ១០% គឺ​ស្មើ​ចំនួន ៣០​នាក់​នេះ ត្រូវ​សាលា​ក្ដី​ខ្មែរ​ក្រហម​ផ្ដាច់​កិច្ចសន្យា​ការងារ​ចាប់​តាំង​ពី​ថ្ងៃ​ទី១ កក្កដា នេះ​ត​ទៅ ដើម្បី​ទុក​ប្រាក់​ប្រហែល ១​លាន​ដុល្លារ ដើម្បី​រក្សា​និរន្តរភាព​នៃ​ដំណើរ​ការ​ក្ដី​កាត់​ទោស​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​បន្ត​ទៅ​ទៀត។

0:00 / 0:00

បុគ្គលិក​ខាង​ភាគី​ជាតិ​ដែល​កាត់​នោះ​មាន​ស្ទើរ​គ្រប់​អង្គភាព​នៃ​ភាគី​ជាតិ ឬ​ភាគី​រដ្ឋាភិបាល​កម្ពុជា មាន​ដូចជា ផ្នែក​កិច្ចការ​សាធារណៈ ផ្នែក​ផ្ដល់​សេវា​ទូទៅ អ្នក​បើក​ឡាន អ្នក​បកប្រែ​ជាដើម។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៤ កក្កដា ថា ការ​កាត់​បុគ្គលិក​នេះ គឺ​ស្ថិត​ក្នុង​គម្រោង​ពិនិត្យ​ឡើង​វិញ​ការ​កែ​សម្រួល​រចនាសម្ព័ន្ធ​ការងារ​ប្រចាំ​ឆ្នាំ​របស់​តុលាការ​ជា​ធម្មតា។ តែ​លោក​បាន​រំលេច​ថា ការ​កាត់​បន្ថយ​ចំនួន​បុគ្គលិក​នេះ ក៏​ទាក់ទង​ចំណុច​បី​សំខាន់​ដែរ។

លោក នេត្រ ភក្ត្រា៖ «ការ​កាត់​បន្ថយ​នេះ​មាន​មូលហេតុ​បី​សំខាន់ គឺ​ទី១ យើង​ត្រូវ​ពិនិត្យ​ឡើង​វិញ​គម្រោង​ថវិកា​ដែល​ត្រូវ​ប្រើប្រាស់​ប្រចាំ​ឆ្នាំ​ផង។ ទី២ គឺ​ជាមួយ​បញ្ហា​ប្រឈម​មុខ​ទៅ​នឹង​កង្វះ​ថវិកា​ដែល​តុលាការ​បាន និង​កំពុង​ជួប​ប្រទះ។ ដូច្នេះ​ហើយ ត្រូវ​ការ​កាត់​បន្ថយ​មន្ត្រី​បុគ្គលិក និង​កែ​សម្រួល​រចនាសម្ព័ន្ធ​ទំហំ​មាន​ធំ បុគ្គលិក​ច្រើន​ដែល​ប្រើប្រាស់​លុយ​ច្រើន​មក​ជា​រចនាសម្ព័ន្ធ​មួយ​ដែល​មានប្រសិទ្ធភាព​ចំណាយ​លុយ​តិច។ ទីបី គឺ​ដោយសារ​ចំនួន​ជន​ជាប់​ចោទ​ត្រូវ​បាន​កាត់​បន្ថយ​បន្ទាប់​ពី​ទី១ សំណុំ​រឿង​០០១ ត្រូវ​បាន​បិទ​បញ្ចប់។ ទី២ ករណី​លោក អៀង សារី បាន​ស្លាប់។ ហើយ​ទី៣ លោកស្រី អៀង ធីរិទ្ធ ត្រូវ​បាន​បំបែក​ចេញ​ពី​សំណុំ​រឿង ហើយ​ដោះលែង​គាត់។ អ៊ីចឹង ធ្វើ​ឲ្យ​តម្រូវ​ការ​កិច្ចការ​របស់​យើង នឹង​ចុះ។ អ៊ីចឹង​យើង​នឹង​មិន​អាច​រក្សា​នូវ​រចនាសម្ព័ន្ធ​ការងារ​ដែល​ធំ​ចំណាយ​ច្រើន​ហ្នឹង​ត​ទៅ​ទៀត​ទេ។ យើង​ត្រូវ​ធ្វើ​ការ​កែ​ទម្រង់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ជាក់ស្ដែង​ដែល​យើង​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ថវិកា​នេះ»

លោក​បន្ត​ថា បុគ្គលិក​ដែល​កាត់​នោះ​មាន​ដូចជា បុគ្គលិក​រដ្ឋបាល​សាធារណៈ អ្នក​បើកបរ​រថយន្ត អ្នក​បកប្រែ​ភាសា ហើយ​ការ​កាត់​បន្ថយ​បុគ្គលិក​នេះ​នឹង​អាច​សន្សំ​ប្រាក់​បាន​ខ្លះ​សម្រាប់​ភាគី​កម្ពុជា អាច​បន្ត​ដំណើរ​ការ​ក្ដី​ទៅ​មុខ​ទៀត​បាន​សម្រាប់​ឆ្នាំ​២០១៣ នេះ។

លោក​ថា បុគ្គលិក​តុលាការ​ខ្មែរ​ក្រហម​សរុប​ទាំង​ភាគី​កម្ពុជា និង​ភាគី​អន្តរជាតិ មាន​សរុប ២៦០​នាក់។

លោក ឡុង បញ្ញាវុឌ្ឍ មន្ត្រី​កម្មវិធី​ផ្នែក​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា និង​ជា​អ្នក​តាម​ដាន​ដំណើរ​ការ​សាលា​ក្ដី​ខ្មែរ​ក្រហម មាន​ប្រសាសន៍​ថា លោក​មិន​ភ្ញាក់​ផ្អើល​ទេ​ចំពោះ​ដំណឹង​កាត់​បុគ្គលិក​នេះ តែ​លោក​ព្រួយ​ខ្លាច​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ស្លាប់​មុន​សាលា​ក្ដី​បញ្ចប់ និង​ភាគី​រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​បន្ត​ករណី​០០៣ និង​០០៤។

បញ្ហា​ខ្វះ​ថវិកា​នេះ បាន​លេច​ឮ​យូរ​ណាស់​មក​ហើយ ហើយ​កាល​ពី​ខែ​ឧសភា ឆ្នាំ​នេះ បុគ្គលិក​ខ្មែរ​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ​ពីរ​បី​ដង​មក​ហើយ ដោយសារ​សាលា​ក្ដី​មិន​មាន​លុយ​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។