សាលា​ក្ដី​ខ្មែរ​ក្រហម​នឹង​បើក​សវនាការ​សំណុំ​រឿង​០០២​វគ្គ​២​នៅ​ថ្ងៃ​១៧​តុលា

ទាក់ទង​នឹង​រឿង​ក្ដី​របស់​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម សាលា​ក្ដី​ខ្មែរ​ក្រហម​ប្រកាស​នៅ​ថ្ងៃ​ទី​១៩ កញ្ញា ថា សាលា​ដំបូង​នឹង​ចាប់​ផ្ដើម​ធ្វើ​សវនាការ​លើ​ភស្តុតាង​ក្នុង​សំណុំ​រឿង​លេខ ០០២ វគ្គ ២ នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ខាង​មុខ​នេះ។

សេចក្ដី​ប្រកាស​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​បញ្ជាក់​ឱ្យ​ដឹង​ថា សាលា​ដំបូង​នឹង​ផ្ដល់​ឱកាស​ឱ្យ​ភាគី​សហ​ព្រះរាជ​អាជ្ញា ធ្វើ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ពេល​បើក​សវនាការ ហើយ​បន្ទាប់​មក នឹង​ផ្ដល់​ឱកាស​អោយ​ភាគី​ជន​ជាប់​ចោទ​វិញ​ម្ដង។

រីឯ​សាក្សី​វិញ សាលា​ដំបូង​នឹង​កោះ​ហៅ​ឱ្យ​ឡើង​បំភ្លឺ​ជូន​អង្គ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី​២០ តុលា។ សំណុំ​រឿង​លេខ ០០២ វគ្គ ២ មាន​ជន​ជាប់​ចោទ​ពីរ​រូប គឺ នួន ជា និង ខៀវ សំផន។ ជន​ជាប់​ចោទ​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​សាលា​ដំបូង​ផ្ដន្ទាទោស​ដាក់​គុក​មួយ​ជីវិត នៅ​ក្នុង​សំណុំ​រឿង​លេខ ០០១ វគ្គ ១។ ប៉ុន្តែ សំណុំ​រឿង​នេះ នៅ​ក្នុង​ដំណាក់​កាល​ប្ដឹង​សាទុក្ខ​ពី​ពិរុទ្ធជន នួន ជា និង ខៀវ សំផន នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។