លោក ហ្វ្រង់ស្វ័រ ប៉ុងហ្សូ ជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រខ្មែរក្រហម ឈ្មោះ "កម្ពុជាឆ្នាំសូន្យ"។ នៅថ្ងៃទី១០ ខែមេសា លោកត្រូវបានភាគីព្រះរាជអាជ្ញា និងមេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន និង នួន ជា សួរដេញដោលអំពីខ្លឹមសារក្នុងសៀវភៅរបស់លោក ដែលរៀបរាប់អំពីការជម្លៀស ការរស់នៅ និងការស្លាប់រង្គាលរបស់ពលរដ្ឋខ្មែរនៅក្នុងរបបខ្មែរក្រហម, និងការភៀសខ្លួនរបស់ពលរដ្ឋខ្មែរខ្លះទៅប្រទេសថៃ ហើយត្រូវថៃធ្វើបាប និងសម្លាប់បន្ថែមទៀត។
ក្រុមមេធាវីការពារក្ដីបានហៅការបំភ្លឺរបស់លោក ហ្វ្រង់ស្វ័រ ប៉ុងហ្សូ ភាគច្រើនធ្វើឡើងបន្តពីសាក្សីផ្សេងទៀត ដែលគាត់បានសម្ភាសប៉ុណ្ណោះ៖ «តាមពិតសាក្សីគាត់មិនដែលនិយាយអ្វីដែលគាត់ឃើញដោយខ្លួនឯងទេ។ គ្រាន់តែនិយាយឡើងវិញនូវអ្វីដែលគេប្រាប់គាត់នោះទេ។ អ៊ីចឹង ដើម្បីឱ្យបានច្បាស់លាស់ក្នុងប្រតិចារឹក ត្រូវបញ្ជាក់ឱ្យច្បាស់នៅក្នុងសំណួររបស់ព្រះរាជអាជ្ញានោះ ព្រោះថា សំណួរនេះឃើញដដែលៗ។ និយាយទៅហាក់ដូចជាសាក្សី ប៉ុងហ្សូ នេះបានឃើញអ្វីសព្វបែបយ៉ាងហ្នឹងខ្លួនឯងតែម្ដង។ តែតាមការពិត គឺគាត់បានឮពីគេប្រាប់ទេ គ្រាន់តែប៉ុណ្ណឹងទេ។ អ៊ីចឹងសុំឱ្យក្នុងសំណួរ ព្រះរាជអាជ្ញាបញ្ជាក់នេះឱ្យច្បាស់»។
សវនាការស្ដាប់សាក្សី ហ្វ្រង់ស្វ័រ ប៉ុងហ្សូ នៅមិនទាន់បញ្ចប់ទេ ហើយនឹងត្រូវបន្តនៅថ្ងៃព្រហស្បតិ៍ ទី១១ មេសា ទៀត។ លោកចៅក្រម និល ណុន ថ្លែងថា សវនាការបន្តស្ដាប់សាក្សីរូបនេះ ទំនងជានឹងចប់ត្រឹមមួយព្រឹកទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
