សាលា​ក្តី​ខ្មែរ​ក្រហម​នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​០០២​វគ្គ​២​នៅ​ថ្ងៃ​១៧​តុលា

ដោយ ម៉ៅ សុធានី
2014.10.15
នួន ជា ខៀវ សំផន ៨៥៥ អតីត​មេដឹកនាំ​នៅ​របប​ខ្មែរ​ក្រហម នួន ជា (ឆ្វេង) និង ខៀវ សំផន
Photo courtesy of ECCC

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលា​ក្តី​ខ្មែរ​ក្រហម នឹង​បើក​សវនាការ​លើ​អង្គ​សេចក្តី​នៃ​សំណុំ​រឿង​០០២ វគ្គ​២ ប្រឆាំង​នឹង​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម នួន ជា និង​ខៀវ សំផន។ សវនាការ​លើ​អង្គ​សេចក្តី​នេះ នឹង​មាន​រយៈពេល ២​ខែ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៤។

បទ​ចោទ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ផ្ដោត​លើ​ឧក្រិដ្ឋកម្ម​មួយ​ចំនួន ក្នុង​នោះ​មាន​បទ​ប្រល័យ​ពូជ​សាសន៍​ផង។ ទោះ​ជា​យ៉ាង​ណា មេធាវី​របស់​ជន​ជាប់​ចោទ ខៀវ សំផន នឹង​ស្នើ​តុលាការ​សុំ​ពន្យារ​សវនាការ​នៅ​ថ្ងៃ​សុក្រ ខាង​មុខ​នេះ។

សវនាការ​សំណុំ​រឿង​០០២ វគ្គ​២ លើ​ជន​ជាប់​ចោទ នួន ជា និង​ខៀវ សំផន គឺ​ជា​ការ​ជំនុំ​ជម្រះ​ក្តី​ដាច់​ដោយ​ឡែក​លើ​បទ​ចោទ​មួយ​ចំនួន​ផ្សេង​ទៀត ដែល​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ទាំង​ពីរ ជាប់​ពាក់ព័ន្ធ​កាល​ពី​ខ្លួន​កាន់​អំណាច​ក្នុង​អំឡុង​ពេល​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា មូលដ្ឋាន​សំខាន់​នៃ​សំណុំ​រឿង​០០២ វគ្គ​២ នេះ គឺ​ពាក់ព័ន្ធ​នឹង​ទីតាំង​ឧក្រិដ្ឋកម្ម ដែល​បាន​ចោទ​ប្រកាន់​ទៅ​តាម​អង្គ​ហេតុ​មួយ​ចំនួន​ផ្សេង​ទៀត៖ «រួម​មាន​បទ​ប្រល័យ​ពូជ​សាសន៍​ចំពោះ​ជនជាតិ​ចាម និង​វៀតណាម ការ​បង្ខំ​ឲ្យ​រៀបការ និង​បទ​រំលោភ​សេពសន្ថវៈ ការ​បោស​សម្អាត​ផ្ទៃ​ក្នុង​មន្ទីរ​សន្តិសុខ ស​២១ មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់ មន្ទីរ​សន្តិសុខ​អូរ​កន្សែង មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល ការដ្ឋាន​ទំនប់​១​មករា ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ​ខេត្ត​កំពង់ឆ្នាំង ការដ្ឋាន​ទំនប់​ត្រពាំងថ្ម សហករណ៍​ត្រាំកក់ និង​អង្គ​ហេតុ​មួយ​ទៀត ការ​ប្រព្រឹត្ត​ចំពោះ​ពុទ្ធសាសនិកជន ការ​ប្រព្រឹត្ត​លើ​អ្នក​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ជាដើម។ ទាំងអស់​នេះ ជា​អង្គ​ហេតុ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី​សំណុំ​រឿង​០០២ វគ្គ​២»

សវនាការ​អង្គ​សេចក្តី​លើ​សំណុំ​រឿង​០០២ វគ្គ​២ ប្រឆាំង​នឹង​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម នួន ជា និង​ខៀវ សំផន មាន​រយៈពេល ២​ខែ គិត​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា នេះ​ទៅ និង​ប្រព្រឹត្ត​ទៅ ៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ សហ​ព្រះរាជ​អាជ្ញា នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​សេចក្តី​សន្និដ្ឋាន​លើ​បទ​ចោទ​ប្រកាន់​ចំពោះ​ជន​ជាប់​ចោទ​ដោយ​សង្ខេប ហើយ​ជន​ជាប់​ចោទ និង​មេធាវី​ការពារ​ក្តី នឹង​ត្រូវ​ផ្តល់​ឱកាស​ក្នុង​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​តប​ដោយ​សង្ខេប​ដែរ មុន​នឹង​សាក្សី​ទី​១​ត្រូវ​បាន​កោះ​ហៅ​ដើម្បី​ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ខាង​មុខ ទាក់ទង​នឹង​អង្គ​ហេតុ​ចោទ​ប្រកាន់​នៅ​សហករណ៍​ត្រាំកក់ និង​ការ​ប្រព្រឹត្ត​លើ​ពុទ្ធសាសនិក និង​នៅ​មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់។

ក៏ប៉ុន្តែ មេធាវី​ការពារ​ក្តី​ឲ្យ លោក ខៀវ សំផន គឺ​លោក គង់ សំអុន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក​នឹង​ស្នើ​អោយ​តុលាការ​ពន្យារ​សវនាការ​អង្គ​សេចក្តី​លើ​សំណុំ​រឿង​០០២ វគ្គ​២​នេះ ដោយសារ​កំពុង​ជាប់​ប្ដឹង​សារទុក្ខ​លើ​សាលក្រម​សំណុំ​រឿង​០០២ វគ្គ​១ ហើយ​គ្មាន​ពេល​រៀបចំ​ឯកសារ​សម្រាប់​វគ្គ​២​នេះ៖ «កំពុង​តែ​ចាត់​ការ​រៀបចំ​ធ្វើ​បណ្ដឹង​សារទុក្ខ បែរ​ជា​តុលាការ​បង្គាប់​ឲ្យ​យើង​ចូលរួម​សវនាការ។ ដូច្នេះ យើង​អត់​អាច​ប្រើ​ពេល​វេលា​ដើម្បី​រៀបចំ​ធ្វើ​បណ្ដឹង​សារទុក្ខ​ផង និង​ចូលរួម​សវនាការ ៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ផង​បាន​ទេ ពីព្រោះ​យើង​ត្រូវ​ការ​ពេល​វេលា​ជួប​ជាមួយ​កូន​ក្តី ការ​ពិភាក្សា ការ​សិក្សា​ស្រាវជ្រាវ​ផ្សេងៗ​ទៀត ដូច​យើង​ដឹង​ថា សំណុំ​រឿង​នេះ​ស្មុគស្មាញ និង​មាន​អង្គ​ហេតុ​ច្រើន»

ចំណែក​លោក​មេធាវី សួន វីសាល ទីប្រឹក្សា​ច្បាប់​នៃ​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ លោក នួន ជា វិញ មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក​នឹង​សម្រេច​ចិត្ត​នៅ​ថ្ងៃ​សុក្រ ទី​១៧ ខែ​តុលា ថ្ងៃ​បើក​សវនាការ​នោះ៖ «ចំណែក​មេធាវី​ចំនួន ២​នាក់ គឺ​លោក ស៊ុន អារ៉ុន និង​មេធាវី​បរទេស​ម្នាក់​ទៀត​រាប់​ទាំង​រូប​លោក យើង​នឹង​ទៅ​ទាំងអស់​គ្នា ប៉ុន្តែ​នៅ​ពេល​ចាប់​ផ្ដើម យើង​នឹង​ពិនិត្យ​មើល​ផ្លូវ​ច្បាប់ ប្រសិន​បើ​តុលាការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ យើង​នឹង​បន្ត​ទៀត បើ​សិន​បើ​តុលាការ​មាន​កំហុស​ផ្លូវ​ច្បាប់ យើង​នឹង​សម្រេច​នៅ​ពេល​ហ្នឹង​តែ​ម្តង»

កាល​ពី​ដើម​ខែ​សីហា កន្លង​មក​នេះ សាលា​ដំបូង​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម បាន​កាត់​ទោស​ពិរុទ្ធជន នួន ជា និង​ខៀវ សំផន ឱ្យ​ជាប់​គុក​អស់​មួយ​ជីវិត​ក្នុង​សំណុំ​រឿង​០០២ វគ្គ​១ ពី​បទ​ចោទ​លើ​ការ​ជម្លៀស​ដោយ​បង្ខំ និង​ការ​សម្លាប់​អតីត​អ្នក​រដ្ឋការ​របប​សាធារណរដ្ឋ​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។