សាក្សី​បញ្ជាក់​ពី​គោល​នយោបាយ​ខ្មែរ​ក្រហម​ចំពោះ​ជនជាតិ​ចាម

សាលា​ក្ដី​ខ្មែរ​ក្រហម បាន​បញ្ចប់​ការ​ស្ដាប់​សក្ខីកម្ម​របស់​អ្នក​ជំនាញ​ឈ្មោះ ហ្វ៊ីលីព ហ្សត (Philip Short) ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៩ ខែ​ឧសភា នេះ។

លោក ហ្វ៊ីលីព ហ្សត ត្រូវ​បាន​សួរ​បញ្ជាក់​អំពី​ព័ត៌មាន​ក្នុង​សៀវភៅ​របស់​លោក លើ​បញ្ហា​ជាច្រើន​ដែល​កើត​ឡើង​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ មាន​ជា​អាទិ៍ គឺ​បញ្ហា​ទាក់ទង​នឹង​មន្ទីរ​សន្តិសុខ ស២១ និង​ការ​ធ្វើ​សេចក្ដី​សម្រេច​ផ្សេងៗ​របស់​អ្នក​ដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ។ ការ​សួរ​ដេញដោល​នេះ គឺ​ដើម្បី​រក​ការ​ពាក់ព័ន្ធ​របស់​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន។

លោក ហ្វ៊ីលីព ហ្សត ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា លោក​មិន​ដែល​ឃើញ​មាន​ឯកសារ​ណា​មួយ​បញ្ជាក់​ថា ជន​ជាប់​ចោទ នួន ជា ស្ថិត​នៅ​ក្នុង​រចនាសម្ព័ន្ធ​កងទ័ព​ទេ។ រី​ឯ​ជន​ជាប់​ចោទ ខៀវ សំផន វិញ លោក​ថា​មាន​កម្មាភិបាល​ថ្នាក់​កណ្ដាល​ប្រាប់​ថា ខៀវ សំផន ធ្លាប់​អាន​ចម្លើយ​សារភាព​របស់​អ្នក​ទោស​នៅ​មន្ទីរ ស២១ ឬ​គុក​ទួលស្លែង។ ក៏ប៉ុន្តែ លោក​ថ្លែង​ថា ក្នុង​នាម​ជា​ប្រធាន​គណៈប្រធាន​រដ្ឋ ខៀវ សំផន ប្រាកដ​ជា​គ្មាន​អំណាច​ទេ ព្រោះ​អ្វីៗ​បក្ស​ជា​អ្នក​សម្រេច។

លោក ហ្វ៊ីលីព ហ្សត មាន​ប្រសាសន៍​ទៀត​ថា គោល​នយោបាយ​បក្ស​កុម្មុយនិស្ត​កម្ពុជា ពិត​ជា​មិន​បង្អត់​បាយ​ពលរដ្ឋ​ទេ ហើយ​ចង់​ឱ្យ​ពលរដ្ឋ​មាន​សុខភាព​ល្អ។ ប៉ុន្តែ កម្មាភិបាល​នៅ​ថ្នាក់​មូលដ្ឋាន​បង្អត់​បាយ​ពលរដ្ឋ ហើយ​ប្រើ​ភាព​អត់​ឃ្លាន​នោះ ដើម្បី​គាប​សង្កត់។ ទាក់ទង​នឹង​ការ​សម្លាប់​ជន​ជាតិ​ចាម លោក​ថា ខ្មែរ​ក្រហម​មិន​មាន​គោល​នយោបាយ​បំបាត់​ពូជ​សាសន៍​ទេ៖ «ខ្មែរ​ក្រហម​និយាយ​ថា ចាម គេ​ចង់​បញ្ជាក់​ថា មាន​ការ​ប្រល័យ​ពូជ​សាសន៍។ ប៉ុន្តែ ខ្មែរ​ក្រហម​មិន​មាន​ការ​ប៉ុនប៉ង​ជា​នយោបាយ​នោះ​ទេ។ ថា​តើ​ពួក​គេ​ជា​ក្រុម​ដែល​គេ​អាច​កំណត់ ហើយ​វា​មាន​ការ​ចាក់​ឫស​ជា​សាសនា​របស់​គេ​យូរ​ហើយ​នោះ។ ប៉ុល ពត បាន​និយាយ​ថា នយោបាយ​កម្ពុជា​ប្រជាធិបតេយ្យ គឺ​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​មាន​សមភាព។ ដូច្នេះ អ្នក​ណា​ដែល​ប្រឆាំង គឺ​ត្រូវ​តែ​គាប​សង្កត់ ឬ​ត្រូវ​ធ្វើ​ម៉េច​ឱ្យ​គោរព​តាម។ ដូច្នោះ​ហើយ ទើប​បាន​ជា​គេ​បំបែក​ជន​ជាតិ​ចាម ឱ្យ​នៅ​ដាច់ៗ ហើយ​មាន​ការ​បង្ក្រាប។ ប៉ុន្តែ យើង​មិន​ឃើញ​មាន​ការ​ប៉ុនប៉ង​ជា​បន្តបន្ទាប់ ដើម្បី​បំបាត់​ក្រុម​ពូជ​សាសន៍​នោះ​ទេ»

បន្ទាប់​ពី​អ្នក​ជំនាញ​រូប​នេះ សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នឹង​ធ្វើ​សវនាការ​បន្ត​នៅ​ថ្ងៃ​ច័ន្ទ ទី២០ ខែ​ឧសភា សប្ដាហ៍​ក្រោយ ហើយ​នឹង​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប​ទៀត​ដែល​មាន​រហស្សនាម​ថា ធីស៊ីដាប់ប៊លយូ​២៥៣ (TCW 253)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។