សាក្សី​ថា​ខ្មែរ​ក្រហម​មិន​យក​គំរូ​តាម​មនោគម​វិជ្ជា​កុម្មុយនិស្ត​វៀតណាម

សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ពុធ ទី៨ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​បន្ត​សួរ​ដេញដោល​អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ​ជន​ជាតិ​អង់គ្លេស ឈ្មោះ ហ្វ៊ីលីព ហ្សត (Philip Short) នៅ​ឡើយ។ លោក ហ្វ៊ីលីព ហ្សត ត្រូវ​បាន​សួរ​ដេញដោល​អំពី​មនោគម​វិជ្ជា​បក្ស​កុម្មុយនិស្ត​កម្ពុជា ថា​តើ​គេ​យក​តាម​លំអាន​មនោគម​វិជ្ជា​កុម្មុយនិស្ត​នៅ​ប្រទេស​ដទៃ​ទៀត។

លោក ហ្វ៊ីលីព ហ្សត ថ្លែង​នៅ​រសៀល​ថ្ងៃ​ពុធ ថា លោក​មិន​យល់​ស្រប​ថា​មនោគម​វិជ្ជា​កុម្មុយនិស្ត​របស់​ខ្មែរ​ក្រហម យក​គំរូ​តាម​មនោគម​វិជ្ជា​កុម្មុយនិស្ត​វៀតណាម នោះ​ទេ ទោះ​ជា​ពេល​បង្កើត​ឡើង​ដំបូង​ដោយ​វៀតណាម ក៏​ដោយ៖ «គឺ​ថា​នៅ​ពេល​ដំបូង គឺ​ជា​ការ​បង្កើត​ឡើង​ទាំង​ស្រុង​ដោយ​វៀតណាម។ ប៉ុន្តែ​រហូត​មក​ដល់​ចុង​ទសវត្ស​ឆ្នាំ​១៩៥០ និង​ដើម​ទសវត្ស​៦០ ខ្ញុំ​ចង់​និយាយ​អំពី​សមាជ​នៅ​ឆ្នាំ​៦០ គឺ​ថា​បក្ស​កុម្មុយនិស្ត​កម្ពុជា បាន​ធ្វើ​ឡើង​ដោយ​មិន​មាន​អ្នក​ចូលរួម​ពី​ខាង​វៀតណាម ហើយ​ក៏​មិន​បាន​ផ្ដល់​ព័ត៌មាន​ទៅ​វៀតណាម ដែរ»

លោក​ថា ខ្មែរ​ក្រហម​អនុវត្ត​មនោគម​វិជ្ជា​កុម្មុយនិស្ត​តាម​ទម្រង់​មួយ​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​ខ្មែរ លក្ខណៈ​ពុទ្ធ​និយម ដែល​គេ​មិន​ដែល​ឃើញ​មាន​នៅ​ក្នុង​មនោគម​វិជ្ជា​កុម្មុយនិស្ត​ដទៃ​ទេ លើក​លែង​តែ​នៅ​ក្នុង​ប្រទេស​ភូមា។ ភាព​ខុស​គ្នា​ម្យ៉ាង​ទៀត គឺ​ការ​អនុវត្ត​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា ផ្អែក​លើ​វណ្ណៈ​កសិករ រី​ឯ​បក្ស​កុម្មុយនិស្ត​វៀតណាម ម៉ាក ឡេនីន (Marx-Lenin) ផ្អែក​លើ​វណ្ណៈ​ពលករ។ សក្ខីកម្ម​លោក ហ្វ៊ីលីព ហ្សត នឹង​បន្ត​ទៅ​ថ្ងៃ​ទី៩ ឧសភា ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។