សាលាក្ដី​បើក​សវនាការ​ទាក់ទង​នឹង​សំណុំរឿង​ក្ដី​លេខ​០០២ វគ្គ​២

0:00 / 0:00

សាលាក្ដី​ខ្មែរក្រហម​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ បាន​បើក​សវនាការ​ស្ដាប់​ហេតុផល​ផ្ទាល់​មាត់​ពី​ភាគី​នានា ទាក់ទង​នឹង​សំណុំរឿង​ក្ដី​លេខ ០០២ វគ្គ ២ បន្ទាប់​ពី​បាន​ជំទាស់​ដោយ​ក្រុម​មេធាវី​ការពារ ខៀវ សំផន ដែល​ថា តុលាការ​គួរ​បញ្ចប់​សំណុំរឿង ០០២ វគ្គ ១ ឱ្យ​ចប់​សិន។

សវនាការ​របស់​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី ១១ កុម្ភៈ ត្រូវ​បាន​ប្រធាន​អង្គ​ជំនុំជម្រះ​ប្រកាស​ថា ជា​ការ​ជម្រះ​បញ្ហា​មុន​នឹង​ចាប់​ផ្ដើម​ការ​ជំនុំជម្រះ​សំណុំរឿង​ក្ដី ០០២ វគ្គ​ទី ២។

សវនាការ​នេះ បាន​ពិភាក្សា​គ្នា​លើ​របៀបវារៈ​ចំនួន ២ គឺ​ទី ១ ស្ដាប់​ចម្លើយ​តប និង​ទឡ្ហីករណ៍​ផ្ទាល់​មាត់​ពី​មេធាវី​ការពារ​ក្ដី ខៀវ សំផន ដែល​លើក​ឡើង​ថា សំណុំរឿង ០០២ វគ្គ ១ គួរ​តែ​ត្រូវ​បាន​សម្រេច​សេចក្ដី​ឱ្យ​បាន​ចប់​សព្វ​គ្រប់​សិន រួម​ទាំង​បញ្ចប់​បណ្ដឹង​សាទុក្ខ​ផង មុន​ពេល​ចាប់​ផ្ដើម​ការ​ជំនុំជម្រះ​លើ​សំណុំ​រឿង ០០២/០២។

ភាគី​សហ​ព្រះ​រាជអាជ្ញា និង​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​លើក​ហេតុផល​ថា អង្គ​ជំនុំជម្រះ​គួរ​តែ​បន្ត​ចាប់​ផ្ដើម​ការ​ជំនុំជម្រះ​លើ​សំណុំ​រឿង ០០២/០២ ឱ្យ​បាន​ឆាប់ ពី​ព្រោះ​ការ​បន្លាយ​ពេល​​រឹត​តែ​ធ្វើ​ឱ្យ​ដំណើរ​ការ​ជំនុំជម្រះ​រឹត​តែ​ពន្យារពេល​កាន់​តែ​ច្រើន ហើយ​ធ្វើ​ឱ្យ​ការ​ទទួល​ខុសត្រូវ ដែល​ធ្វើ​ឡើង​ដោយ​ជន​ជាប់​ចោទ​រឹតតែ​មិន​មាន​លទ្ធភាព​ជំនុំជម្រះ​បាន៖ «ការ​ធ្វើ​បែប​នេះ គឺ​គ្រាន់​តែ​ជា​ការ​ពន្យារ​ពេល ដើម្បី​បំពេញ​កិច្ច​ការ​របស់​សាលាក្ដី​នេះ​តែ​ប៉ុណ្ណោះ ហើយ​ជា​លទ្ធផល ធ្វើ​ឱ្យ​មាន​ការ​ចំណាយ​បន្ថែម​មិន​ចាំបាច់​នូវ​ថវិកា ដែល​បាន​មក​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ម្ចាស់​ជំនួយ ហើយ​ចំណុច​សំខាន់​ទៀត​នោះ ការ​ធ្វើ​ដូច​នេះ វា​ជា​ការ​បដិសេធ​មិន​ឱ្យ​ជន​រងគ្រោះ​ទទួល​បាន​នូវ​យុត្តិធម៌​ពី​បទ​ចោទ ដែល​នៅ​សេសសល់ ដែល​ពួក​គាត់​បាន​រង់​ចាំ​អស់​រយៈ​ពេល​ជាង ៣០ ឆ្នាំ​មក​ហើយ»។​

មេធាវី​ការពារ​ក្ដី ខៀវ សំផន លោក គង់ សំអុន ថ្លែង​តប​ថា ជំហរ​ភាគី​លោក​មិន​ចង់​ឱ្យ​វគ្គ​ទី ២ ទេ ហើយ​តុលាការ​ជំនុំជម្រះ​បទ​ចោទ ដែល​សហ​ព្រះ​រាជអាជ្ញា​ចោទ​នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ១​ឱ្យ​អស់​សិន ដោយ​មិន​ត្រូវ​គិត​ពី​រឿង​លុយ​ទេ៖ «ខ្ញុំ​ចង់​បង្ហាញ​ថា ការ​ស្វែង​រក​យុត្តិធម៌​មិន​ត្រូវ​ផ្អែក​ទៅ​លើ​ថវិកា​ជា​ចម្បង​នោះ​ទេ។ បើ​សិន​ជា​លទ្ធភាព​របស់​តុលាការ​មិន​អាច​មាន​ថវិកា​គ្រប់គ្រាន់ ដើម្បី​ផ្ដល់​ប្រតិបត្តិការ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌ តុលាការ​នេះ​អាច​ត្រូវ​បញ្ឈប់​បេសកកម្ម​របស់​ខ្លួន ហើយ​ត្រូវ​ដោះលែង​លោក ខៀវ សំផន ឱ្យ​សេរីភាព​ឡើង​វិញ។ នេះ​ជា​មូលដ្ឋាន​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌ ពី​ព្រោះ​ថា យុត្តិធម៌​មិន​មែន​ស្វែង​រក​ដោយ​ផ្អែក​ទៅ​លើ​ថវិកា​ទាំង​ស្រុង​ទេ»

មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា មិន​យល់​ស្រប​តាម​ក្រុម​មេធាវី​ជន​ជាប់​ចោទ ខៀវ សំផន ទេ ដោយ​ហេតុ​ថា វ័យ​របស់​កូនក្ដី​លោក​កាន់​តែ​ជរា ហើយ​ការ​ចង​ចាំ​កាន់​តែ​ចុះ​ខ្សោយ ដែល​នាំ​ឱ្យ​ការ​ការ​ជំនុំជម្រះ​មិន​យុត្តិធម៌។

មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា គឺ​លោក សុន អរុណ ថ្លែង​ដែរ​ថា ការ​បំបែក​សំណុំ​រឿង​ក៏​មិន​អាច​ទទួល​យក​បាន​ដែរ៖ «ព្រះរាជអាជ្ញា​បាន​បញ្ជូន​ដីកា​ឱ្យ​ស៊ើប​អង្កេត មានការ​ចោទ​ប្រកាន់​នៅ​ក្នុង​ដីកា​ស៊ើបអង្កេត​ហ្នឹង​ទាំង​អស់​ជាមួយ​គ្នា ក្នុង​រឿង​តែ​មួយ។ ក្នុង​អង្គ​ហេតុ​តែ​មួយ ក្នុង​អង្គ​សេចក្ដី​តែ​មួយ។ ដល់​ពេល​នេះ តុលាការ​បាន​បំបែក​រឿង បំបែក​នីតិវិធី​ឱ្យ​ទៅ​ជា​មួយ​កង់ៗ ហើយ​ឱ្យ​មាន​សាលក្រម​ម្ដង​មួយៗ។ មាន​ន័យ​ថា​មាន​សាលក្រម​ច្រើន។ ត្រង់​នេះ​មួយ ជា​ការ​មិន​គួរ​យក​ក​ពិចារណា​សោះ ហើយ​ខ្ញុំ​ឆែក​ពិនិត្យ​មើល​ទៅ មិន​ឃើញ​មាន​តុលាការ​ណា​បាន​ធ្វើ​ដូច្នេះ»

ប្រធាន​ចៅក្រម​សាលា​ដំបូង លោក និល ណុន បញ្ជាក់​ថា អង្គ​ជំនុំជម្រះ នឹង​ចេញ​សេចក្ដី​សម្រេច​អំពី​សវនាការ​នេះ​នៅ​ពេល​ខាង​មុខ ​ហើយ​អង្គ​ជំនុំជម្រះ​នឹង​សម្រេច​ដែរ​ថា តើ​ចាំបាច់​ត្រូវ​វាយ​តម្លៃ​ស្ថានភាព​សុខភាព​ជន​ជាប់​ចោទ​ដែរ ឬ​យ៉ាង​ណា។ អង្គ​ជំនុំ​ជម្រះ​នឹង​កំណត់​កាល​បរិច្ឆេទ​សម្រាប់​សវនាការ​បឋម​លើ​សំណុំរឿង ០០២ វគ្គ ២ នៅ​ពេល​ណា​អង្គ​ជំនុំជម្រះ​ដោះស្រាយ​បញ្ហា​ចប់ ហើយ​ទទួល​បាន​បញ្ជី​សាក្សី អ្នក​ជំនាញ និង​ឯកសារ​ពី​ភាគី​នានា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។