សវនាការ​ការ​ពិភាក្សា​បិទ​បញ្ចប់​លើ​សំណុំរឿង​លេខ ០០២ វគ្គ ១

សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម បើក​សវនាការ​ជា​បន្ត​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣ ដើម្បី​ស្ដាប់​ភាគី​នានា ថ្លែង​ការណ៍​ជា​ចុង​ក្រោយ មុន​នឹង​ឈាន​ទៅ​បិទ​បញ្ចប់​ការ​ពិភាក្សា​ដេញដោល​លើ​សំណុំរឿង​លេខ ០០២ វគ្គ​ទី ១។

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ពុធ ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣ បាន​អនុញ្ញាត​ឱ្យ​មេធាវី​នាំមុខ​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី ធ្វើ​សេចក្ដី​ថ្លែងការណ៍​សង្ខេប​របស់​ខ្លួន​ជា​ចុង​ក្រោយ ដើម្បី​បញ្ចប់​ការ​ពិភាក្សា​ដេញដោល​លើ​សំណុំរឿង​លេខ ០០២ វគ្គ​ទី ១។

ក្នុង​សវនាការ​នៅ​ថ្ងៃ​ពុធ មេធាវី​នាំ​មុខ ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដែល​ជា​ជន​រងគ្រោះ ថ្លែង​ប្រាប់​អង្គ​ជំនុំជម្រះ​ឡើង​វិញ​អំពី​ទុក្ខ​លំបាក ស្ថានភាព​ឈឺចាប់ និង​ព្យសនកម្ម ឬ​ការ​ខូចខាត និង​ផលវិបាក​នានា ដែល​ជន​រងគ្រោះ​បាន​ទទួល​រង​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត ក្នុង​ពេល​ដែល​បទ​ឧក្រិដ្ឋ​ប្រព្រឹត្ត​ឡើង​ដោយ​របប​ខ្មែរក្រហម។

មេធាវី​នាំមុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ លោក ពេជ្រ អង្គ ថ្លែង​ថា ជន​រងគ្រោះ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី បាន​ទទួល​ផល​វិបាក​នោះ​ពេញ​មួយ​របប​ខ្មែរ​ក្រហម គឺ​តាំង​ពី​ពេល​ចាប់​ផ្ដើម​ខ្មែរ​ក្រហម​បោកប្រាស់​ពលរដ្ឋ​អំពី​សន្តិភាព រួច​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​ទីក្រុង រហូត​ដល់​ថ្ងៃ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម ដែល​ជន​រងគ្រោះ​បាន​ស្លាប់ ឬ​ព្រាត់​ប្រាស​គ្រួសារ និង​បាត់បង់​ទ្រព្យ​សម្បត្តិ។

មេធាវី​នាំ​មុខ​បាន​លើក​ឡើង​ថា ការ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ និង​ការ​សម្លាប់​ទាហាន លន់ នល់ នៅ​ទួល​ពោធិ៍ជ្រៃ ខេត្ត​ពោធិ៍សាត់ គឺ​ជា​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ពី​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​របប​កម្ពុជា ប្រជាធិបតេយ្យ។

បន្ទាប់​ពី​ការ​ថ្លែង​អំពី​ផល​វិបាក​របស់​ជន​រងគ្រោះ​នេះ មេធាវី​នាំមុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី គឺ​លោក ពេជ្រ អង្គ ស្នើ​សុំ​ឱ្យ​អង្គ​ជំនុំជម្រះ​ទទួល​យក​គម្រោង​សំណើសុំ​សំណង​អាទិភាព​របស់​ខ្លួន​ចំនួន ៣ ជំពូក​ធំៗ៖ «ទី​១ ការ​រំឭក និង​ការ​គោរព​វិញ្ញាណក្ខន្ធ។ ទី​២ ការ​ស្ដារ​នីតិសម្បទា និង​ទី​៣ ចងក្រង​ឯកសារ និង​ការ​អប់រំ»

នៅ​ក្នុង​ជំពូក​ទាំង ៣ នេះ គឺ​មាន​គម្រោង​សំណង​លម្អិត ១៣ ដែល​ទី ១ មេធាវី​នាំមុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ស្នើសុំ​ឱ្យ​មាន​ទិវា​ជាតិ​នៃ​ការ​ចងចាំ ដោយ​យក​ថ្ងៃ​ទី​២០ ឧសភា ដើម្បី​រំឭក​ដល់​អ្នក​ស្លាប់ និង​ការ​ឈឺចាប់​របស់​អ្នក​នៅ​រស់ និង​ចងចាំ​ឧក្រិដ្ឋ​នៃ​របប​ខ្មែរក្រហម។ គម្រោង​ទី​២ គឺ​សង់​ស្តូប​តម្កល់​អដ្ឋិធាតុ​សម្រាប់​​សាធារណជន​អុជ​ធូប ឬ​ធ្វើ​បុណ្យ​រំឭក​ ដែល​មាន​លក្ខណៈ​ជា​អចិន្ត្រៃយ៍ និង​សមូហភាព។ គម្រោង​ទី​៣ គឺ​ការ​សាងសង់​បូជនីយដ្ឋាន​រំឭក​ដល់​ជន​រងគ្រោះ នៅ​សួន​មុខ​ស្ថានទូត​បារាំង ដោយ​ធ្វើ​ជា​រូប​ចម្លាក់​បង្ហាញ​ពី​សកម្មភាព​​របស់​ពលរដ្ឋ​ខ្មែរ​ចាក​ចេញ​ពី​ទីក្រុង​ នៅ​ទូទាំង​ប្រទេស ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​១៩៧៥ ដែល​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​វិនាសកម្ម​លើ​ពលរដ្ឋ​កម្ពុជា។ ​គម្រោង​ទី​៤ គឺ​សង់​ស្តូប​រំឭក​មួយ​ទៀត សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង។

ទាក់ទង​នឹង​ជំពូក​ទី​២ ស្ដីពី​ការ​ស្ដារ​នីតិសម្បទា គឺ​ស្នើសុំ​ឱ្យ​មាន​ការ​ព្យាបាល​តាម​របៀប​ចងក្រង​សក្ខីកម្ម និង​ក្រុម​ជួយ​ខ្លួន​ឯង ដើម្បី​ឱ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​អាច​ព្យាបាល​ផ្លូវ​ចិត្ត​របស់​គេ។ ជំពូក​ទី​៣ ស្ដីពី​ការ​ចងក្រង​ឯកសារ និង​ការ​អប់រំ និង​ការ​តាំង​ពិព័រណ៍​អចិន្ត្រៃយ៍ ក្នុង​ក្របខ័ណ្ឌ​ថែរក្សា​ និង​អភិវឌ្ឍន៍​សារមន្ទីរ​នៅ​ខេត្ត រាជធានី​ ទាំង​២៤។

មេធាវី​នាំមុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី គឺ​លោក ពេជ្រ អង្គ ថ្លែង​ថា គម្រោង​សំណង​ទី​៨ គឺ​ការ​តាំង​ពិព័រណ៍​ចល័ត​នៅ​ខេត្ត​ក្រុង​ចំនួន ៥៖ «ការ​តាំង​ពិព័រណ៍​នេះ​នឹង​ចង​ក្រង​ជា​ឯកសារ​នូវ​បទ​ពិសោធន៍​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​អំពី​ការ​ជម្លៀស​ដោយ​បង្ខំ និង​ព្យសនកម្ម​ផ្សេងៗ​ទៀត ទទួល​រង​នៅ​ក្រោម​របប​ខ្មែរក្រហម ហើយ​ផ្សព្វផ្សាយ​រឿងរ៉ាវ​ទាំង​នេះ​ឱ្យ​ទូលាយ​ដល់​សាធារណជន»

គម្រោង​ទី​៩ ទាមទារ​ឱ្យ​​មាន​ចែង​ជា​ជំពូក​ជាក់​លាក់​អំពី​ការ​ជម្លៀស​ដោយ​បង្ខំ និង​ការ​សម្លាប់​នៅ​ទួល​ពោធិ៍ជ្រៃ ​ក្នុង​សៀវភៅ​បង្រៀន​អំពី​របប​ខ្មែរក្រហម។ គម្រោង​ទី​១០ គឺ​ការ​សាងសង់​មជ្ឈមណ្ឌល​សិក្សា​សន្តិភាព​មួយ នៅ​អតីត​ទីតាំង​សម្លាប់​មនុស្ស​រួម​នៅ​វត្ត​សំរោង​ក្នុង​ខេត្ត​បាត់ដំបង សម្រាប់​ផ្ដល់​ជា​ទីតាំង​ពិភាក្សា និង​អប់រំ​អំពី​ឧក្រិដ្ឋកម្ម​នៃ​របប​ខ្មែរក្រហម ដែល​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចូល​រួម​ផ្ដល់​បទ​ពិសោធន៍។

គម្រោង​ទី​១១ គឺ​ស្នើសុំ​ឱ្យ​មាន​ការ​បោះពុម្ព​កូន​សៀវភៅ​សម្រាប់​សាធារណជន ស្ដីពី​ដំណើរ​ការ​នៃ​សំណុំរឿង​ក្ដី​លេខ ០០២ វគ្គ​ទី ១ (០០២/០១) នៅ​សាលាក្ដី​ខ្មែរ​ក្រហម។ កូន​សៀវភៅ​នេះ នឹង​ជួយ​ឱ្យ​អ្នក​អាន​ទូទៅ​យល់​ពី​ព្រឹត្តិការណ៍​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ប្រវត្តិសាស្ត្រ។ រីឯ​គម្រោង​ទាមទារ​សំណង​ចុង​ក្រោយ​ពីរ​ទៀត គឺ​សុំ​ឱ្យ​មាន​ការ​បោះពុម្ព​ផ្សាយ​សៀវភៅ​សាលក្រម​ទាំង​មូល និង​សង្ខេប និង​ដាក់​ផ្សាយ​ឈ្មោះ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្នុង​គេហទំព័រ​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅ​ថា សាលាក្ដី​ខ្មែរក្រហម។

បន្ទាប់​ពី​ភាគី​មេធាវី​នាំមុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទៅ នៅ​ថ្ងៃ​ទី​១៧ តុលា អង្គ​ជំនុំជម្រះ​ក៏​នឹង​ផ្ដល់​ឱកាស​ដល់​សហ​ព្រះរាជ​អាជ្ញា ឡើង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​បញ្ចប់​ផ្ទាល់​មាត់​របស់​ខ្លួន​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។