ថ្លែងប្រាប់អង្គសវនាការសាលាក្ដីខ្មែរក្រហមនៅថ្ងៃទី៦ មិថុនា លោក នួន ជា មេដឹកនាំកំពូល ឬបងធំទី២ នៃរបបកម្ពុជាប្រជាធិបតេយ្យ បញ្ជាក់ថា មេខ្មែរក្រហមបានពិចារណាច្បាស់លាស់បំផុតក្នុងផែនការជម្លៀសប្រជាជនចេញពីក្រុងភ្នំពេញ មុនថ្ងៃជ័យជំនះ ១៧ មេសា ឆ្នាំ១៩៧៥។
លោក នួន ជា ថា ប៉ុល ពត រួមទាំងមេដឹកនាំខ្មែរក្រហមកំពូលៗដទៃទៀត ក្នុងគណៈអចិន្ត្រៃយ៍បក្សកុម្មុយនីស្តកម្ពុជា មានទាំងរូបលោកផ្ទាល់ បានប្រជុំគ្នាជាច្រើនដង ដើម្បីលើកផែនការជម្លៀសប្រជាជនចេញពីភ្នំពេញ មិនមែនធ្វើឡើងដោយចៃដន្យទេ។
លោក នួន ជា ដែលពាក់វ៉ែនតាខ្មៅសម្រាន្តលើគ្រែក្នុងបន្ទប់ខាងក្រោមបន្ទប់បើកសវនាការ ដោយសារមានបញ្ហាសុខភាព បានប្រាប់សវនាការនៅពេលដែលលោកកំពុងសម្រាន្តលើគ្រែនោះថា ប៉ុល ពត និងថ្នាក់ដឹកនាំកំពូលៗរបស់ខ្មែរក្រហម បានសម្រេចជម្លៀសប្រជាជនចេញពីភ្នំពេញ ដោយផ្អែកលើកត្តាបីសំខាន់ គឺខ្លាចអាមេរិក ទម្លាក់គ្រាប់បែក ខ្លាចវៀតណាម ឆ្លៀតឱកាសចូលឈ្លានពាន និងដាក់អាណានិគមលើកម្ពុជា និងខ្លាចអ្នកភ្នំពេញដាច់ពោះស្លាប់ដោយខ្វះស្បៀង។
លោក នួន ជា៖ «មិនមែនកម្ពុជាប្រជាធិបតេយ្យសម្រេចជម្លៀសប្រជាជនពីទីក្រុងភ្នំពេញនេះ ដោយអារម្មណ៍មិនទទួលខុសត្រូវនោះទេ គឺទទួលខុសត្រូវពេញទី។ ដូច្នោះហើយ បានជាប្រជុំឡើងប្រជុំចុះ សម្រេចឡើងសម្រេចចុះ ពេលណាដែលរំដោះហើយ ហើយច្បាស់ហើយត្រូវតែជម្លៀស បើមិនជម្លៀសទេ បង្ការក្រែងអាមេរិក ទម្លាក់គ្រាប់បែក ព្រោះអាមេរិក ធ្លាប់ទម្លាក់គ្រាប់បែកមកហើយ ពីរបីរយលានតោន បីរយយប់បីរយថ្ងៃ រណ្ដៅប៉ុនស្រះ»។
ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ដោយបានដាក់កំណត់រយៈពេលបីថ្ងៃឲ្យប្រជាជនចេញឲ្យអស់ពីទីក្រុង។ ភ្នំពេញកាលនោះ មានចំនួនប្រជាពលរដ្ឋប្រហែល ២លាននាក់ រួមទាំងជនភៀសសឹកផង ត្រូវបានខ្មែរក្រហមគំរាមបណ្ដេញចេញយ៉ាងតក់ក្រហល់ ដោយប្រាប់ថា អាមេរិក នឹងទម្លាក់គ្រាប់បែក ហើយឲ្យយករបស់របរបន្តិចបន្តួចជាប់ខ្លួនតែប៉ុណ្ណោះ ជួនកាលខ្មែរក្រហមបានបាញ់សម្លាប់ជនស្លូតត្រង់ទៀតផង។
ក្នុងសវនាការពីរថ្ងៃនេះ លោក ស៊ិដនី ឆាន់ប៊ើក (Sydney Schanberg) អតីតអ្នកយកព័ត៌មាន ឌឹ ញីវយ៉ក ថែមស៍ បានរំលឹករឿងខ្មែរក្រហមធ្វើទុក្ខបុកម្នេញ និងរំលោភសិទ្ធិមនុស្សយ៉ាងឃោរឃៅ ដូចជា ខ្មែរក្រហមបណ្ដេញគ្រូពេទ្យ និងអ្នកជំងឺតាមមន្ទីរពេទ្យនានា ទោះជាពួកអ្នកជំងឺ អ្នករបួសខ្លះ ដើរមិនរួចក៏ដោយ។
លោក ស៊ិដនី ឆាន់ប៊ើក ដែលនៅយកព័ត៌មានថ្ងៃកងទ័ពខ្មែរក្រហមចូលទីក្រុងភ្នំពេញ ថ្ងៃ១៧ មេសា និងថ្ងៃបន្តបន្ទាប់មកទៀតនោះ បានរំលឹករឿងដ៏រន្ធត់កាលពីជាង ៣០ឆ្នាំមុននេះ ហើយត្រូវបានបកប្រែភាសាខ្មែរថា លោកឃើញអ្នករបួស និងជនពិការជាច្រើន ត្រូវខ្មែរក្រហមគំរាមដេញចេញពីមន្ទីរពេទ្យនានាយ៉ាងវេទនា ទាំងអ្នករបួសដើរមិនរួច មិនមានពេទ្យថែទាំ និងថ្នាំព្យាបាលបន្ត ចំណែកមជ្ឈមណ្ឌលកុមារកំព្រានានា ក៏ត្រូវខ្មែរក្រហមបណ្ដេញចេញដោយគ្មានមេត្តាដែរ។
លោក ស៊ិដនី ឆាន់ប៊ើក ជាសាក្សីរស់មួយរូបដែលឃើញហេតុការណ៍ខ្មែរក្រហមបណ្ដេញប្រជាពលរដ្ឋភ្នំពេញផ្ទាល់ភ្នែកនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ លោកត្រូវបានខ្មែរក្រហមចាប់ឃុំខ្លួនមួយរយៈ បម្រុងសម្លាប់ចោលជាមួយអ្នកកាសែតខ្លះទៀត តែសំណាងល្អត្រូវបានខ្មែរក្រហមដោះលែងវិញ។ លោកបានរៀបរាប់ថា ការជម្លៀសរបស់ខ្មែរក្រហមនោះ ធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខវេទនាយ៉ាងខ្លាំង គ្មានស្បៀងអាហារ គ្មានជម្រក។
ផ្ទុយទៅវិញ មេដឹកនាំខ្មែរក្រហមបងធំទី២ នួន ជា បញ្ជាក់ខុសគ្នាដាច់ស្រឡះ។ លោក នួន ជា ដែលបញ្ជាក់ថា លោកនិយាយដោយស្មោះត្រង់ប្រាប់សវនាការនោះ បានរំលឹកថា មុនជម្លៀស ប៉ុល ពត និងមេដឹកនាំគណៈអចិន្ត្រៃយ៍បក្សបានកោះហៅប្រធានភូមិភាគទាំងអស់មកប្រជុំ ដើម្បីចាត់ចែងផ្ដល់ជម្រក និងផ្ដល់ស្បៀងដល់ប្រជាពលរដ្ឋដែលជម្លៀសចេញពីភ្នំពេញ។ លោកថា កិច្ចប្រជុំដែលធ្វើឡើងច្រើនដងនៅពេលនោះ បានកំណត់បែងចែកប្រជាពលរដ្ឋភ្នំពេញចំនួន ១លានកន្លះ បញ្ជូនទៅភូមិភាគពាយព្យ ព្រោះថា ភាគពាយព្យផលិតស្បៀងបានច្រើនជាងភូមិភាគផ្សេង។ ចំណែកចំនួនប្រជាពលរដ្ឋភ្នំពេញ សល់កន្លះលាននាក់ទៀត ត្រូវបែងចែកទៅភូមិភាគផ្សេងទៀតដែលមិនសូវសម្បូរណ៍ស្បៀង តែលោកបានសារភាពថា ពេលជម្លៀសនោះមានតំបន់ខ្លះជួបបញ្ហាខ្វះស្បៀង។
ទោះយ៉ាងណា មតិជាតិ និងអន្តរជាតិ និងអង្គការសិទ្ធិមនុស្សជាច្រើន បានយល់ថា ការជម្លៀសប្រជាជនចេញពីភ្នំពេញកាលពីជាង ៣០ឆ្នាំមុនរបស់ខ្មែរក្រហម គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជារឿងមួយដែលគេមិននឹកស្មានថា អាចធ្វើទៅបានក្នុងឧត្តមគតិជាមនុស្សជាតិ ព្រោះការជម្លៀសនោះធ្វើដោយកម្រោល គ្មានមនុស្សធម៌ ប្រៀបដូចសត្វធាតុ។
មន្ត្រីកម្មវិធីគម្រោងយុត្តិធម៌នៅកម្ពុជា លោក ឡុង បញ្ញាវុឌ្ឍន៍ ដែលតាមដានដំណើរការក្ដីខ្មែរក្រហម មានប្រសាសន៍ថា លោក នួន ជា ថ្លែងដូច្នេះ គឺដើម្បីដោះបន្ទុកយករួចខ្លួន។ លោកបន្តថា តាមពិតកាលនោះ មេខ្មែរក្រហមមានផែនការជម្លៀសប្រជាពលរដ្ឋនៅតាមទីប្រជុំជនទាំងអស់ មិនមែនតែនៅភ្នំពេញទេ គឺមេខ្មែរក្រហមចាប់ផ្ដើមអនុវត្តគោលនយោបាយកុម្មុយនីស្ត ក្នុងទ្រឹស្ដីបដិវត្តន៍របស់ខ្លួនក្នុងរបបថ្មី គឺ «គ្មានអ្នកមាន គ្មានអ្នកក្រ គ្មានអ្នកជិះជាន់គេ ហើយគ្មានអ្នកដែលគេត្រូវជិះជាន់»។
សវនាការផ្ដល់សក្ខីកម្មរបស់អតីតអ្នកយកព័ត៌មាន ឌឹ ញីវយ៉ក ថែមស៍ លោក ស៊ិដនី ឆាន់ប៊ើក នឹងធ្វើនៅថ្ងៃទី៧ មិថុនា បន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
