ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ថា​មិន​ដឹង​ពី​ទុក្ខ​វេទនា​របស់​ពលរដ្ឋ

សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី៣០ ខែ​ឧសភា បន្ត​ធ្វើ​សវនាការ​ស្ដាប់​ការ​ថ្លែង​រៀប​រាប់​អំពី​ទុក្ខសោក​វេទនា​របស់​ជន​រង​គ្រោះ ៤​រូប នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ជន​រងគ្រោះ​ទាំង​នេះ​បាន​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្នុង​សំណុំ​រឿង ០០២ ប្រឆាំង​នឹង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរក្រហម។

0:00 / 0:00

ជន​ជាប់​ចោទ​ទាំង​ពីរ ជា​ថ្មី​ម្ដង​ទៀត បាន​បដិសេធ​ថា ពួក​គាត់​មិន​បាន​ដឹង​ពី​ទុក្ខ​វេទនា​របស់​ពលរដ្ឋ​កម្ពុជា ទេ នៅ​ពេល​នោះ។

ជន​រង​គ្រោះ ៤​រូប ដែល​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្នុង​សំណុំ​រឿង ០០២ នៅ​ថ្ងៃ​ទី៣០ ឧសភា សុទ្ធ​តែ​បាន​ថ្លែង និង​បង្ហាញ​អំពី​ការ​ឈឺ​ចាប់ និង​ខូច​ខាត​របស់​ខ្លួន ដែល​បាន​ទទួល​រង​កាល​ពី​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទី១ វ័យ ៧៩​ឆ្នាំ ឈ្មោះ នូ ហ៊ន់ អតីត​អ្នក​ខេត្ត​ព្រៃវែង បាន​ថ្លែង​អំពី​ការ​ឈឺ​ចាប់ និង​ទុក្ខសោក​ដែល​លោក​ត្រូវ​បាត់​បង់​កូន​ស្រី​ម្នាក់ និង​បងប្អូន​សាច់​ញាតិ​មួយ​ចំនួន​ដទៃ​ទៀត នៅ​ក្នុង​អំឡុង​ពេល​លោក​ជម្លៀស​ចេញ​ពី​ទីក្រុង​ភ្នំពេញ នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ និង​ក្នុង​របប​នេះ​ទាំង​មូល។

លោក នូ ហ៊ន់ ថ្លែង​ថា ជន​ជាប់​ចោទ​នៅ​ក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម តែង​តែ​បដិសេធ​ថា​មិន​ដឹង​ពី​ហេតុការណ៍​នៅ​ក្នុង​សម័យ​នោះ​ទេ។ ទាក់ទង​នឹង​បញ្ហា​នេះ លោក​បាន​ចោទ​សួរ​ថា តើ​ជន​ជាប់​ចោទ​ដឹង​ទេ នៅ​ពេល​នោះ​ដែល​កម្មាភិបាល​ក៏​បាត់​ខ្លួន តើ​អ្នក​ណា​សម្លាប់​អ្នក​ទាំង​នោះ? ហើយ​ម្យ៉ាង​ទៀត តើ​ខ្មែរ​ក្រហម​ការពារ​ទឹក​ដី​ដើម្បី​អ្វី នៅ​ពេល​ដែល​គេ​សម្លាប់​ប្រជាពលរដ្ឋ​នោះ?

ឆ្លើយ​តប​នឹង​សំណួរ​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី នូ ហ៊ន់ ជន​ជាប់​ចោទ ខៀវ សំផន បាន​ថ្លែង​សុំ​ទោស​ដើម​បណ្ដឹង​រដ្ឋប្បវេណី​រូប​នេះ និង​ពលរដ្ឋ​កម្ពុជា ដទៃ​ទៀត ហើយ​បាន​បដិសេធ​ដដែល​ថា គាត់​មិន​បាន​ដឹង​អំពី​អ្វីៗ​ដែល​ជា​បញ្ហា​ទេ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ។

ជន​ជាប់​ចោទ ខៀវ សំផន បន្ត​ថា ការ​ចូលរួម​របស់​លោក​ជា​មួយ​ពួក​ខ្មែរ​ក្រហម គឺ​សឹង​ជា​ការ​ចៃដន្យ ហើយ​ក៏​ដើម្បី​រំដោះ​ប្រទេស​ជាតិ​ពី​សង្គ្រាម។

រីឯ​ជន​ជាប់​ចោទ នួន ជា វិញ ដែល​មាន​តួនាទី​ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​ទទួល​បន្ទុក​ផ្នែក​អប់រំ​ផ្ទៃ​ក្នុង​បក្ស និង​ជា​ប្រធាន​សភា​តំណាង​ប្រជាជន​កម្ពុជា ថ្លែង​ថា មាន​រឿង​ខ្លះ​គាត់​ដឹង ប៉ុន្តែ​មាន​រឿង​ជា​ច្រើន​ទៀត គាត់​មិន​បាន​ដឹង​ទេ ទោះ​ជា​នៅ​ក្នុង​តួនាទី​នេះ​ក៏​ដោយ។ ក៏ប៉ុន្តែ ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ម្នាក់ គាត់​ទទួល​ខុស​ត្រូវ​នូវ​ការ​ខូច​ខាត​ចំពោះ​ជាតិ ដែល​បាន​កើត​ឡើង។

ទាក់ទង​នឹង​ការ​ខូច​ខាត និង​បាត់​បង់​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី នូ ហ៊ន់ ជន​ជាប់​ចោទ នួន ជា ចូលរួម​សម្ដែង​មរណទុក្ខ​ជាមួយ​ដើម​បណ្ដឹង​រូប​នេះ។

បន្ទាប់​ពី​ការ​ឆ្លើយ​តប​របស់​ជន​ជាប់​ចោទ​ទាំង​ពីរ ដើម​បណ្ដឹង​រដ្ឋប្បវេណី នូ ហ៊ន់ ប្រតិកម្ម​ថា ពាក្យ​ថា​អង្គការ​របស់​ខ្មែរ​ក្រហម អស្ចារ្យ គឺ​អស្ចារ្យ​ក្នុង​ការ​សម្លាប់ ហើយ​អង្គការ​ដែល​ប្រកាស​ថា​មាន​ភ្នែក​ដូច​ម្នាស់ ឥឡូវ​នេះ​ត្រូវ​បាន​ជន​ជាប់​ចោទ​ទាំង​ពីរ​ឆ្លើយ​ថា​មិន​ដឹង​ទៅ​វិញ។ ទោះ​ជា​ដូច្នេះ​ក្ដី លោក នូ ហ៊ន់ បាន​សម្ដែង​សមានចិត្ត​ចំពោះ​ជន​ជាប់​ចោទ ខៀវ សំផន ខ្លះ​ដែរ។

ដូច​គ្នា​នោះ​ដែរ ជន​រងគ្រោះ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី ៣​រូប​ផ្សេង​ទៀត គឺ​លោកស្រី សុផាន់ សុវន្នី លោក យឹន រំដួល និង​លោកស្រី ប៉ូ ឌីណា ក៏​សុទ្ធ​តែ​បាន​ថ្លែង​អំពី​ទុក្ខសោក និង​ការ​ឈឺ​ចាប់​របស់​ពួក​គាត់​ដូច​គ្នា​នឹង​លោក នូ ហ៊ន់ ដែរ ដែល​ពួក​គាត់​ទាំង​នោះ​ខ្លះ​ត្រូវ​បាត់​បង់​ឪពុក​ម្ដាយ កូន និង​ប្ដី ដោយសារ​តែ​ការ​កាប់​សម្លាប់។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប ឈ្មោះ ប៉ូ ឌីណា ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា ប្ដី​របស់​លោកស្រី​បាត់​រហូត ព្រោះ​តែ​អង្គការ​ខ្មែរ​ក្រហម​យក​ទៅ​រៀន​សូត្រ។

ជន​ជាប់​ចោទ ខៀវ សំផន បាន​ហៅ​អំពើ​កាប់​សម្លាប់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ថា​ជា​អំពើ​ឆ្កួត​លីលា ដែល​ប្រព្រឹត្ត​ដោយ​ស្ដេចត្រាញ់​នៅ​តាម​តំបន់ ហើយ​ត្រូវ​តែ​ស៊ើប​អង្កេត និង​ចាប់​ពួក​ទាំង​នោះ​មក​ជំនុំ​ជម្រះ​ទោស។ ជន​ជាប់​ចោទ​រូប​នេះ​នៅ​តែ​បដិសេធ​ថា គាត់​មិន​បាន​ដឹង​អំពី​រឿង​នេះ​ទេ។

សវនាការ​សាលា​ដំបូង នឹង​លើក​ទៅ​ធ្វើ​បន្ត​នៅ​ថ្ងៃ​អង្គារ ទី៤ ខែ​ឧសភា ហើយ​អង្គ​ជំនុំ​ជម្រះ​នឹង​បន្ត​ស្ដាប់​ការ​ថ្លែង​អំពី​ទុក្ខសោក​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ៣​រូប​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។