មន្ត្រី​សាលា​ក្តី​ខ្មែរ​ក្រហម​ប្រតិកម្ម​នឹង​សេចក្តី​ថ្លែងការណ៍​របស់​យូមែន រ៉ៃត៍ វ៉ច្ឆ

0:00 / 0:00

មន្ត្រី​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ច្រាន​ចោល​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​ថា សាលា​ក្ដី​ឋិត​ក្រោម​ឥទ្ធិពល​នៃ​អ្នក​នយោបាយ ករណី​ចោទ​ប្រកាន់​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​ចំនួន​២​នាក់។

ប្រតិកម្ម​នេះ គឺ​បន្ទាប់​ពី​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រិះគន់​សហ​ចៅក្រម​ភាគី​កម្ពុជា ដែល​បាន​បដិសេធ​មិន​បញ្ជូន​សំណុំ​រឿង​ថ្មី​នោះ​ទៅ​ស្ថាប័ន​នគរបាល ទៅ​តាម​ការ​សម្រេច​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ។

មន្ត្រី​អ្នក​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម ហៅ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ថា​មាន​បំណង​ប្រើប្រាស់​ឥទ្ធិពល​លើ​ដំណើរ​ការ​សាលា​ក្ដី ដែល​កំពុង​ធ្វើ​តាម​នីតិវិធី​របស់​ខ្លួន។

លោក នេត្រ ភក្ដ្រា អ្នក​នាំ​ពាក្យ​សាលា​ក្ដី​មាន​ប្រសាសន៍​ថា សហ​ចៅក្រម​ជាតិ និង​អន្តរជាតិ កំពុង​បន្ត​នីតិវិធី​ជាមួយ​គ្នា បើ​ទោះ​បី​ជា​មាន​បញ្ហា​ខ្វែង​គំនិត​គ្នា​ខ្លះ។ លោក​ថា ការ​ថ្លែងការណ៍​នានា​របស់​អ្នក​នៅ​ខាង​ក្រៅ ដែល​សំដៅ​ដល់​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បង្ហាញ​ថា អង្គការ​នេះ​ទៅ​វិញ​ទេ​ដែល​កំពុង​ចង់​បង្ហាញ​ឥទ្ធិពល​ខ្លួន​មក​លើ​ដំណើរ​ការ​សាលា​ក្ដី៖ «បើ​ទោះ​ជា​គាត់​មាន​ការ​ខ្វែង​យោបល់​គ្នា​យ៉ាង​ណា​ក្តី ក៏ប៉ុន្តែ​ពួក​គាត់​នៅ​តែ​បំពេញ​ការងារ​ជាមួយ​គ្នា​ជានិច្ច ដើម្បី​ផល​ប្រយោជន៍​យុត្តិធម៌​ទាំងអស់​គ្នា ហើយ​អ្វី​ដែល​សំខាន់ អ្នក​ខាង​ក្រៅ​គួរ​តែ​ទុក​ឲ្យ​ចៅក្រម​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម បំពេញ​តួនាទី​របស់​ខ្លួន​ទៅ​តាម​នីតិវិធី​ច្បាប់ ជា​ជាង​ការ​អធិប្បាយ ឬ​មួយ​ក៏​ដាក់​សម្ពាធ​លើ​តុលាការ ឬ​មួយ​ក៏​មក​លើ​ចៅក្រម​ដែល​បំពេញ​ការងារ។ អ្នក​ដែល​និយាយ​បញ្ជា​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ​ទេ ដែល​ជា​អ្នក​ជ្រៀតជ្រែក​ទៅ​លើ​កិច្ចការ​របស់​ចៅក្រម។ ដូច្នេះ គួរ​តែ​ទុក​ពេលវេលា​នេះ​ឲ្យ​ចៅក្រម​ធ្វើ​ការងារ​ទៅ​តាម​នីតិវិធី​ច្បាប់»

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​ថា សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា បាន​ចោទ​ប្រកាន់​កំបាំង​មុខ​លើ​ជន​សង្ស័យ​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ពីរ​នាក់ គឺ​អ្នកស្រី អ៊ឹម ចែម និង​លោក មាស មុត ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ប៉ុន្តែ​សហ​ចៅក្រម​ខាង​ភាគី​កម្ពុជា បដិសេធ​មិន​បញ្ជូន​សំណុំ​រឿង​ទៅ​ស្ថាប័ន​នគរបាល។ លើស​ពី​នេះ យូមែន រ៉ៃត៍ វ៉ច្ឆ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គាំទ្រ​សកម្មភាព​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត។ ប្រសិន​បើ​រដ្ឋាភិបាល​បន្ត​រារាំង​យុត្តិធម៌​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​នោះ អង្គការ​សហប្រជាជាតិ គួរ​ដក​ខ្លួន​ចេញ​ពី​សាលា​ក្ដី​នេះ ហើយ​ម្ចាស់​ជំនួយ​ទាំងអស់​គួរ​ឈប់​ផ្ដល់​ជំនួយ​ឲ្យ​សាលា​ក្ដី​នេះ​ត​ទៅ​ទៀត។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែដ អាដាម (Brad Adams) លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា ការ​បដិសេធ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​សហការ​នាំ​យក​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​មក​សាលា​ក្ដី គឺ​ជា​ចំណុច​ចុង​ក្រោយ​បន្ទាប់​ពី​មាន​ការ​រារាំង ពន្យារពេល និង​អំពើ​ពុក​រលួយ​ជាច្រើន​ឆ្នាំ។ ការ​លើក​ឡើង​របស់ លោក ប៊្រែដ អាដាម ត្រូវ​បាន​ប្រែ​សម្រួល​ដូច្នេះ៖ «ប្រសិន​បើ​រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​ឆាប់​តាម​ការ​សម្រេច​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​នោះ គឺ​ដល់​ពេល​ហើយ​ដែល​អង្គការ​សហប្រជាជាតិ បញ្ចប់​ការ​ចូលរួម​របស់​ខ្លួន ហើយ​ម្ចាស់​ជំនួយ​ក៏​គួរ​ឈប់​ផ្ដល់​ជំនួយ​ដែរ។ ការ​គាំទ្រ​ត​ទៅ​ទៀត អាច​ថា​គ្រាន់​តែ​ជា​ការ​បង្កើត​យុត្តិធម៌​ក្លែងក្លាយ​សម្រាប់​មនុស្ស​រាប់​លាន​នាក់​ដែល​ជា​ជន​រងគ្រោះ និង​គ្រួសារ​របស់​គេ»

យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ភ្ជាប់​ការ​សម្រេច​របស់​សហ​ចៅក្រម​ភាគី​កម្ពុជា ទៅ​នឹង​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ព្រមាន​ដល់​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ថ្មីៗ។

ករណី​នេះ លោក ប៊្រែដ អាដាម បាន​ថ្លែង​បន្ត​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ការងារ​ដោយ​រំលង​លើ​ឯករាជ្យ​ភាព​របស់​សាលា​ក្ដី៖ «អង្គការ​សហប្រជាជាតិ ជា​ភាគី​ដែល​ធានា​ឯករាជ្យ​ភាព​របស់​សាលា​ក្ដី និង​ធានា​ថា សំណុំ​រឿង​នីមួយៗ​ត្រូវ​ផ្អែក​លើ​ភស្តុតាង ជា​ជាង​នយោបាយ។ ប៉ុន្តែ​ឥឡូវ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គឺ​មាន​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ។ ក្ដី​សង្ឃឹម​ដែល​ថា​សាលា​ក្ដី​នេះ​អាច​ទៅ​ជា​ស្ថាប័ន​ឯករាជ្យ និង​ជា​តុលាការ​ពិសេស គឺ​មិន​មាន​ទៀត​ទេ»

ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល យូមែន រ៉ៃត៍ វ៉ច្ឆ បាន​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ចាប់​តាំង​ពី​ពេល​បង្កើត​សាលា​ក្ដី​ខ្មែរ​ក្រហម រហូត​ដល់​ពេល​នេះ ក្នុង​នោះ​មន្ត្រី​រដ្ឋាភិបាល​បាន​កំណត់​ឲ្យ​សាលា​ក្ដី​នេះ​កាត់​សេចក្ដី​តែ​ពីរ​សំណុំ​រឿង គឺ​០០១ និង​០០២។ ចំណែក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​អះអាង​ពី​ការ​ផ្ទុះ​សង្គ្រាម​ជា​ថ្មី ប្រសិន​បើ​មាន​សំណុំ​រឿង​ថ្មី​០០៣ និង​០០៤។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​រដ្ឋាភិបាល ជុំវិញ​ការ​លើក​ឡើង​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​កំពុង​កាត់​ក្ដី​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ថា ស្ទើរ​តែ​ធ្វើ​ឲ្យ​មនុស្ស​រត់​ចូល​ព្រៃ​ទៀត ព្រោះ​ចេះ​តែ​ពង្រីក​វិសាលភាព​សំណុំ​រឿង៖ «ដល់​ពេល​ចាប់​ផ្ដើម​កាត់​ទោស ចង់​ជ្រុល។ ពង្រីក​វិសាលភាព​ទៅ​ដល់​ស្ទើរ​តែ​ធ្វើ​ឲ្យ​មនុស្ស​រត់​ចូល​ព្រៃ​វិញ។ វិសាលភាព​ចេះ​តែ​ពង្រីក។ រឿង​នេះ​ត្រូវ​គិត​អំពី​សន្តិភាព អំពី​ជីវិត​មនុស្ស។ បើ​សង្គ្រាម​កើត​ឡើង​វិញ តើ​ប៉ុន្មាន​នាក់​ទៅ​ត្រូវ​ស្លាប់? ជីវិត​មនុស្ស​យើង​ដក​ពិសោធ​ហើយ។ ឥឡូវ​មនុស្ស​កំពុង​ស្លាប់​លើ​ពិភពលោក ដោយសារ​ទង្វើ​ខ្លះ​របស់​មនុស្ស​បង្កើត​ឡើង ហើយ​ក្លាយ​ទៅ​ជា​សង្គ្រាម​ស៊ីវិល​កើត​ឡើង។ តើ​រឿង​វា​ទៅ​យ៉ាង​ម៉េច?»

ចំពោះ​អ្នក​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​មាន​ការ​រិះគន់​យ៉ាង​ណា ក៏​សាលា​ក្ដី​ខ្មែរ​ក្រហម​នៅ​តែ​បន្ត​ដំណើរ​ការ​តាម​នីតិ​វិធី​របស់​ខ្លួន៖ «អ្វី​ដែល​សំខាន់ គឺ​ដំណើរ​ការ​របស់​តុលាការ​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​ឧបសគ្គ​អ្វី​ទេ ហើយ​យើង​បំពេញ​ការងារ​តាម​នីតិវិធី»

សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ បាន​ដាក់​ជន​សង្ស័យ​ជា​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ពីរ​រូប គឺ​លោក មាស មុត និង​អ្នកស្រី អ៊ឹម ចែម ឲ្យ​ឋិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​កំបាំង​មុខ។ ជន​សង្ស័យ មាស មុត ត្រូវ​បាន​ដាក់​ឲ្យ​ឋិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ គឺ​ឋិត​ក្នុង​សំណុំ​រឿង​០០៣ ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​មាន​ជាអាទិ៍ បទ​មនុស្ស​ឃាត រំលោភ​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​មាន​មនុស្ស​ឃាត ការ​សម្លាប់​រង្គាល ការ​ធ្វើ​ឲ្យ​ទៅ​ជា​ទាសករ ការ​ឃុំឃាំង ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​មូលហេតុ​នយោបាយ និង​ពូជ​សាសន៍ អំពើ​អមនុស្សធម៌​នៅ​មន្ទីរ​សន្តិសុខ​កំពង់សោម ក្រចេះ និង​មន្ទីរ ស-២១ ការ​ប្រព្រឹត្ត​លើ​ជនជាតិ​វៀតណាម និង​ថៃ ហើយ​ការ​រំលោភ​បំពាន​អនុសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ ដោយ​ការ​ធ្វើ​បាប​ដក​ហូត​សិទ្ធិ​របស់​ជន​ឈ្លើយ​សឹក។

រីឯ​ជន​សង្ស័យ អ៊ឹម ចែម ដាក់​ឲ្យ​ឋិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ គឺ​ឋិត​ក្នុង​សំណុំ​រឿង​០០៤ ដែល​ទាក់ទង​នឹង​បទ​ចោទ​ស្រដៀង​គ្នា ហើយ​បទឧក្រិដ្ឋ​ទាំង​នោះ​ត្រូវ​បាន​ប្រព្រឹត្ត​នៅ​មន្ទីរ​សន្តិសុខ​ភ្នំ​ទ្រយោង និង​ការដ្ឋាន​ស្ពាន​ស្រែង ខេត្ត​សៀមរាប។

ដោយ​ឡែក​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​បង្ហាញ​ជន​សង្ស័យ​ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​របប​ខ្មែរ​ក្រហម​ពីរ​រូប​ទៀត គឺ អោម អាន និង យឹម ទិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។