អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នឹងធ្វើសវនាការរបស់ខ្លួនឡើងវិញតាមកាលកំណត់ នៅថ្ងៃច័ន្ទ ទី៣០ វិច្ឆិកា។ សវនាការនេះ ត្រូវបានអង្គជំនុំជម្រះសាលាដំបូងផ្អាកចាប់តាំងពីចុងខែតុលា មក ព្រោះទុកពេលឲ្យភាគីត្រៀមខ្លួនសម្រាប់សវនាការលើបណ្ដឹងសាទុក្ខនៅតុលាការកំពូល។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ដ្រា បញ្ជាក់ជាថ្មីនៅថ្ងៃទី២៩ វិច្ឆិកា ថា សវនាការរបស់សាលាដំបូងនេះ អង្គជំនុំជម្រះនឹងពិនិត្យលើភស្តុតាង ហើយសួរដេញដោលសាក្សីក្នុងសំណុំរឿង០០២ វគ្គ២ ប្រឆាំងជនជាប់ចោទ នួន ជា និង ខៀវ សំផន ជាបន្តទៀត៖ «សវនាការនេះ គឺនឹងចាប់ផ្ដើមដំបូងជាមួយនឹងការស្ដាប់សក្ខីកម្មសាក្សីមួយរូប ដែលពាក់ព័ន្ធនឹងជាមួយនឹងអង្គហេតុការដ្ឋានការងារទំនប់ត្រពាំងថ្ម ហើយបន្ទាប់មក គឺអង្គជំនុំជម្រះសាលាដំបូង និងភស្តុតាងដែលទាក់ទងជាមួយនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ហើយនិងឧក្រិដ្ឋកម្មផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ថាបានអនុវត្តប្រឆាំងទៅនឹងជនជាតិភាគតិចវៀតណាម នៅក្នុងប្រទេសកម្ពុជា នៅក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ»។
អង្គហេតុដេញដោលសាក្សីក្នុងសំណុំរឿង០០២ វគ្គ២ ប្រឆាំងជនជាប់ចោទ នួន ជា និង ខៀវ សំផន រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺទាក់ទងនឹងការចោទប្រកាន់អំពីការធ្វើបាបជនជាតិភាគតិច ដូចជា ចាម និងវៀតណាម។
ថ្វីបើសវនាការបន្តនៅថ្ងៃច័ន្ទ ទី៣០ វិច្ឆិកា អង្គជំនុំជម្រះស្ដាប់សក្ខីកម្មសាក្សីមួយរូបដែលពាក់ព័ន្ធនឹងអង្គហេតុការដ្ឋានការងារទំនប់ត្រពាំងថ្មក្ដី ក៏ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ប្រកាសកាលពីថ្ងៃទី២៨ ខែតុលា ថា សវនាការបន្ត នឹងផ្ដោតលើអង្គហេតុនៃការប្រព្រឹត្តចំពោះជនជាតិវៀតណាម ដដែល៖ «សវនាការនៅថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះ គឺបន្តស្ដាប់សាក្សីដើមបណ្ដឹងរដ្ឋប្បវេណីលើអង្គហេតុ ចោទប្រកាន់ការប្រព្រឹត្តទៅលើក្រុមមនុស្សជាគោលដៅជាក់លាក់ ចំពោះជនជាតិវៀតណាម»។
លោក នេត្រ ភក្ដ្រា ឲ្យដឹងថា មូលហេតុដែលអង្គជំនុំជម្រះសាលាដំបូងងាកមកស្ដាប់សក្ខីកម្មសាក្សី ស្ដីពីការធ្វើទំនប់អាងត្រពាំងថ្មសិន គឺដោយសារតែសាក្សីក្នុងអង្គហេតុជនជាតិវៀតណាម មិនទាន់ទំនេរអាចមកផ្ដល់សក្ខីកម្មបាននៅថ្ងៃច័ន្ទ ទី៣០ វិច្ឆិកា។ លោកបញ្ជាក់បន្ថែមថា សវនាការបន្តក្នុងសំណុំរឿង០០២ វគ្គ២ នេះ មានសាក្សី និងដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ១០រូប ដែលអង្គជំនុំជម្រះសាលាដំបូង បានកំណត់ពេលវេលាសម្រាប់មកផ្ដល់សក្ខីកម្មរួចហើយ។ អង្គជំនុំជម្រះ ក៏កំពុងពិចារណាថា តើត្រូវស្ដាប់សក្ខីកម្មរបស់អ្នកជំនាញលើអង្គហេតុនេះដែរឬអត់។
ជនជាប់ចោទ នួន ជា និង ខៀវ សំផន កំពុងឋិតក្រោមការជំនុំជម្រះរបស់សាលាដំបូងលើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលទាក់ទងនឹងការប្រព្រឹត្តចំពោះជនជាតិវៀតណាម នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ក្នុងដីកាដំណោះស្រាយបានសរសេរថា បក្សកុម្មុយនិស្តកម្ពុជា បានអនុវត្តគោលនយោបាយដាក់ក្រុមជាក់លាក់ជាគោលដៅ តាមរយៈការប្រើប្រាស់មធ្យោបាយចាំបាច់នានា ក្នុងនោះគឺមានការសម្លាប់ ការបំផ្លិចបំផ្លាញទាំងស្រុង ឬមួយផ្នែកដល់ក្រុមជនជាតិវៀតណាម។ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ត្រូវបានសាលាក្ដីខ្មែរក្រហម ចោទប្រកាន់ថាជាអ្នកទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះឧក្រិដ្ឋកម្មទាំងនេះ ក្នុងតួនាទីរបស់ពួកលោកក្នុងជួរបក្សកុម្មុយនិស្តកម្ពុជា។
លោក នេត្រ ភក្ដ្រា ថ្លែងថា សាលាដំបូងរំពឹងថា នឹងអាចបញ្ចប់សំណុំរឿង០០២ វគ្គ២ នៅត្រីមាសទី៣ ឆ្នាំ២០១៦ ហើយសាលក្រមនឹងអាចប្រកាសនៅពាក់កណ្ដាលឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
