សាលាក្ដី​ខ្មែរ​ក្រហម​ព្រមាន​មេធាវី​ការពារ​ក្ដី​ ​នួន​ ជា ខៀវ​ សំផន​សា​ជាថ្មី

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ចេញ​សេចក្ដី​ព្រមាន​ជា​ថ្មី​ដល់​ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ថា នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ប្រសិន​បើ​មេធាវី​ការពារ​ក្ដី​ណា​មួយ​ខក​ខាន មិន​បាន​ចូលរួម​សវនាការ​នៅ​ពេល​ខាង​មុខ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​ខ្មែរ​ក្រហម ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ៣ វិច្ឆិកា អង្គ​ជំនុំជម្រះ​សាលា​ដំបូង បង្គាប់​របស់​ឱ្យ​ភាគី​ទាំង​អស់ ចូលរួម​ក្នុង​សវនាការ​លើ​អង្គ​សេចក្ដី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១៧ ក្នុង​ខែ​វិច្ឆិកា​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ សាលា​ដំបូង​បដិសេធ​ចោល​ ហេតុផល​នានា ដែល​ក្រុម​មេធាវី​ការពារ​ក្ដី​ទាំង​ពីរ​ក្រុម លើក​ឡើង​សម្រាប់​ការ​ធ្វើ​ពហិការ​របស់​ខ្លួន​កន្លង​មក។

កាល​ពី​ថ្ងៃ​ទី ១៧ តុលា ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ បាន​ដើរ​ចេញ​ពី​សាល​សវនាការ ដោយ​លើក​ហេតុផល​ថា ព្រោះ​តែ​បណ្ដឹង​ដិត​ចិត្ត​ឱ្យ​ដក​ចៅក្រម និង​បណ្ដឹង​សាទុក្ខ​តុលាការ​កំពូល​មិន​ទាន់​សម្រេច។ ម្យ៉ាង​ទៀត ក្រុម​ជន​ជាប់​ចោទ ខៀវ សំផន លើក​ហេតុ​ផល​ថា ការ​ចូលរួម​សវនាការ​សំណុំរឿង​ថ្មី ០០២ វគ្គ ២ ផង ហើយ​ធ្វើ​ការ​លើ​បណ្ដឹង​ឧទ្ធរណ៍​ផង ក្រុម​គាត់​មិន​មាន​ពេល​គ្រប់គ្រាន់។

មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន លោក គង់ សំអុន បញ្ជាក់ថា ​ខាង​លោក​នៅ​តែ​រក្សា​ជំហរ​មិន​ចូល​រួម៖ «ព្រោះ​ថា យើង​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ការ​រៀបចំ​បណ្ដឹង​សាទុក្ខ។ ដូច្នេះ យើង​អត់​អាច​បំបែក​ខ្លួន​ទៅ​ចូល​រួម​នៅ​ក្នុង​នីតិវិធី​សវនាការ​បាន​ទេ​បាទ។ ពី​ព្រោះ​យើង​គិត​ទៅ​លើ​ផល​ប្រយោជន៍​របស់​កូន​ក្ដី។ អ៊ីចឹង​ហើយ​បាន​ជា​យើង​អត់​ឡើង​ការពារ​គ្រាន់​តែ​បង្គ្រប់​កិច្ច ពីព្រោះ​កាល​ណា​យើង​ឡើង​សវនាការ យើង​ត្រូវ​ការ​ពេល​វេលា ដើម្បី​រៀបចំ​សំណុំរឿង គឺ​យើង​ត្រូវ​ការពារ យើង​ត្រូវ​រៀបចំ​ក្ដី។ អ៊ីចឹងឥ​ឡូវ​នេះ តុលាការ​សម្រេច​ធ្វើ​ពីរ​ថ្ងៃ។ ការ​ឡើង​មួយ​ថ្ងៃ យើង​ត្រូវ​រៀប​មួយ​ថ្ងៃ ​ឧទាហរណ៍​អ៊ីចឹង ក៏​អស់​ពេល​បួន​ថ្ងៃ​ទៅ​ហើយ។ អ៊ី​ចឹង​យើង​មាន​ពេល​ឯ​ណា​ទៅ​រៀបចំ​បណ្ដឹង​សាទុក្ខ។ គឺ​យើង​ត្រូវ​មើល​ពេល​វេលា​ហ្នឹង»។

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​បញ្ជាក់​ថា វិធានការ​ដែល​នឹង​ចាត់​ធ្វើ​ម៉ឺងម៉ាត់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ គឺ​ជា​ការ​ជូន​ដំណឹង​ដល់​ក្រុម​មេធាវី​ការពារ​ក្ដី ខៀវ សំផន និង នួន ជា ឱ្យ​បាន​ដឹង​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។