សាលា​ក្ដី​ខ្មែរ​ក្រហម​បដិសេធ​សំណើ​សុំ​របស់​ភាគី​ក្នុង​សំណុំ​រឿង​០០២/០១

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​បើក​សវនាការ​របស់​ខ្លួន​មួយ​នៅ​ថ្ងៃ​អង្គារ ទី២៣ កក្កដា ឆ្នាំ​២០១៣ មុន​ពេល​សម្រាក​រយៈ​ពេល ៣​ខែ។ សវនាការ​នៅ​ថ្ងៃ​អង្គារ នោះ គឺ​ជា​សវនាការ​ដោះស្រាយ​បញ្ហា​នៅ​សេសសល់​មួយ​ចំនួន ដែល​លើក​ឡើង​ដោយ​ភាគី ហើយ​នៅ​មិន​ទាន់​បាន​ដោះស្រាយ​ក្នុង​ពេល​នៃ​កិច្ច​ដំណើរ​ការ​នីតិវិធី​កន្លង​មក។

0:00 / 0:00

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង នៅ​ថ្ងៃ​ទី២៣ កក្កដា ឆ្នាំ​២០១៣ បាន​សម្រេច​បដិសេធ​ចោល​សំណើ​សុំ​របស់​ភាគី​នៅ​ក្នុង​សំណុំ​រឿង ០០២/០១ គឺ​ទាំង​ភាគី​សហ​ព្រះរាជ​អាជ្ញា និង​ភាគី​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ។

ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង គឺ​លោក​ចៅក្រម និល ណុន បាន​ប្រកាស​ច្រាន​ចោល​សំណើ​សុំ​ជា​ច្រើន មាន​ជាអាទិ៍ គឺ​សំណើ​សុំ​របស់​សហ​ព្រះរាជ​អាជ្ញា​ដែល​សុំ​ឱ្យ​កោះ​ហៅ​សាក្សី​បន្ថែម សម្រាប់​អង្គ​ហេតុ​សម្លាប់​ទាហាន លន់ នល់ នៅ​ទួល​ពោធិ៍ជ្រៃ ក្នុង​ខេត្ត​ពោធិ៍សាត់៖ «អង្គ​ជំនុំ​ជម្រះ​យល់​ឃើញ​ថា សាក្សី ធី.ស៊ី.ដាបលយូ ៦៤៤ ធី.ស៊ី.ដាបលយូ ៨០២ ធី.ស៊ី.ដាបលយូ ៨០៣ (TCW 644 TCW 802 TCW 803) និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ថ្មី​នេះ មាន​លក្ខណៈ​ច្រំដែល​ទៅ​នឹង​ភស្តុតាង​ដទៃ និង​មិន​បាន​នាំ​ដល់​ការ​ស្វែង​រក​ការ​ពិត​ទេ។ ហេតុ​ដូច្នេះ សំណើ​ទាំង​នេះ​ត្រូវ​បដិសេធ​ចោល»

ចំពោះ​សំណើ​សុំ​របស់​សហ​ព្រះរាជ​អាជ្ញា​មួយ​ទៀត ដែល​សុំ​ឱ្យ​អង្គ​ជំនុំ​ជម្រះ​ពិចារណា​សេចក្ដី​សម្រេច​របស់​ខ្លួន​ឡើង​វិញ ដែល​មិន​កោះ​ហៅ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ឈ្មោះ ស សារិន មក​ផ្ដល់​សក្ខីកម្ម​ឡើង​វិញ​នោះ ក៏​ត្រូវ​បាន​បដិសេធ​ដែរ ដោយ​ហេតុ​ថា មិន​បាន​បង្ហាញ​អំពី​កាលៈទេសៈ​ទេ។

ដោយ​ឡែក សំណើ​សុំ​របស់​ក្រុម​មេធាវី​ការពារ​ក្ដី នួន ជា ដែល​ស្នើសុំ​ឱ្យ​កោះ​ហៅ​សាក្សី​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​មន្ត្រី​សាធារណរដ្ឋ​ខ្មែរ ដែល​ជា​សាក្សី​ថ្មី​ជាង ១០០​នាក់ ក៏​ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​បដិសេធ​ចោល​ដែរ ដោយ​ហេតុផល​ថា សំណើ​នេះ​និយាយ​ច្រំដែល និង​មិន​មាន​ឱកាស​ត​ទល់​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍ ទាក់ទង​បញ្ហា​សំខាន់​ទៅ​នឹង​ការ​ចោទ​ប្រកាន់​សំខាន់​របស់​សហ​ព្រះរាជ​អាជ្ញា៖ «អង្គ​ជំនុំ​ជម្រះ​យល់​ឃើញ​ថា មេធាវី​ការពារ​ក្ដី​ខក​ខាន​មិន​បាន​បំពេញ​លក្ខខណ្ឌ​សម​ហេតុផល ក្នុង​ការ​បង្ហាញ​អំពី​ការ​រក​ឃើញ​សាក្សី​ថ្មី ដែល​ត្រូវ​ស្នើសុំ​កោះ​ហៅ​ឱ្យ​ស្រប​តាម​វិធាន ៨៧ អនុ​វិធាន ៤ នោះ​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត ចំពោះ ... សំណើ​ផ្សេង​ទៀត នៅ​ពេល​ខាង​មុខ​លើ​បញ្ហា​នេះ នឹង​ត្រូវ​ចាត់​ទុក​ថា​ច្រំដែល និង​មិន​ទទួល​យក​បាន​ឡើយ។ សំណើ​ផ្ទាល់​មាត់​នេះ ត្រូវ​ច្រាន​ចោល ដែល​សម្អាង​ហេតុ​លម្អិត នឹង​មាន​ចេញ​ជា​ក្រោយ»

រីឯ​សំណើ​មេធាវី​ការពារ​ក្ដី ខៀវ សំផន ទាក់ទង​ទៅ​នឹង​ព័ត៌មាន​របស់​សាក្សី​ឈ្មោះ នូ មុខ អង្គ​ជំនុំ​ជម្រះ​បាន​បង្គាប់​ឱ្យ​អង្គភាព​គាំពារ​សាក្សី និង​អ្នក​ជំនាញ ផ្ដល់​នូវ​ព័ត៌មាន​នេះ​ជា​លាយលក្ខណ៍​អក្សរ​ផ្លូវ​ការ​មក​អង្គ​ជំនុំ​ជម្រះ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍។

ក្រៅ​ពី​នេះ មាន​សំណើ​មួយ​ចំនួន​ត្រូវ​បាន​លោក​ចៅក្រម និល ណុន ប្រកាស​ថា បាន​ឆ្លើយ​តប​រួច​ហើយ ហើយ​សំណើ​សុំ​ខ្លះ​ពុំ​មាន​ភាព​ចាំបាច់។ ចំពោះ​សំណើ​សុំ​មួយ​ចំនួន​ទៀត អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង នឹង​ចេញ​សេចក្ដី​សម្រេច​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដូច​ជា សំណើ​របស់​មេធាវី​ការពារ​ក្ដី នួន ជា ដែល​សុំ​អង្គ​ជំនុំ​ជម្រះ​កោះ​ហៅ​សាក្សី ឈ្មោះ រ៉ប់ លែមគីន (Rob Lamkin) ជា​អ្នក​ផលិត​ភាពយន្ត​ជា​ដើម។

ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ប្រកាស​ថា បន្ទាប់​ពី​សវនាការ​នេះ​ទៅ អង្គ​ជំនុំ​ជម្រះ​នឹង​ចាប់​ផ្ដើម​សវនាការ​របស់​ខ្លួន​ឡើង​វិញ នៅ​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ​២១០៣ ដែល​ជា​សវនាការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​ក្នុង​សំណុំ​រឿង ០០២ វគ្គ ១។ ក៏ប៉ុន្តែ សាលា​ដំបូង​ប្រកាស​ថា សវនាការ​លើ​ភស្តុតាង​នៅ​ក្នុង​សំណុំ​រឿង ០០២/០១ នៅ​មិន​ទាន់​បិទ​បញ្ចប់​ទេ រហូត​ដល់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ចេញ​សេចក្ដី​សម្រេច​លើ​បណ្ដឹង​សាទុក្ខ​របស់​សហ​ព្រះរាជ​អាជ្ញា និង នួន ជា ដែល​ប្រឆាំង​នឹង​វិសាលភាព​នៃ​សំណុំ​រឿង ០០២ វគ្គ ១។ កាល​វិភាគ​សម្រាប់​សវនាការ​អាច​នឹង​កែប្រែ​វិញ នៅ​ពេល​ដែល​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ចេញ​សេចក្ដី​សម្រេច​លើ​បណ្ដឹង​សាទុក្ខ​នោះ។

ព័ត៌មាន​ចុង​ក្រោយ​មួយ​នៅ​ល្ងាច​ថ្ងៃ​ទី២៣ ខែ​កក្កដា អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល បាន​ចេញ​សេចក្ដី​សម្រេច​ច្រាន​ចោល​បណ្ដឹង​សាទុក្ខ​នោះ​ហើយ។

អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល បាន​ចេញ​សេចក្ដី​បង្គាប់​មួយ​ទៀត ដោយ​ឱ្យ​សាលា​ដំបូង​ស្វែងរក​លទ្ធភាព​បង្កើត​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ទី​ពីរ ដើម្បី​ចាប់​ផ្ដើម​ធ្វើ​សវនាការ​លើ​ភស្តុតាង​ទី​ពីរ គឺ​សំណុំ​រឿង ០០២ វគ្គ ២ ឱ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន បន្ទាប់​ពី​ការ​បិទ​កិច្ច​ពិភាក្សា​ដេញ​ដោល​ក្នុង​សំណុំ​រឿង ០០២ វគ្គ ១ បច្ចុប្បន្ន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។