សាលា​ក្ដី​ខ្មែរ​ក្រហម​បដិសេធ​ជា​ថ្មី​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ខៀវ សំផន

សាលា​ក្តី​ខ្មែរ​ក្រហម បើក​សវនាការ​លើ​សំណុំ​រឿង​០០២ ដែល​ជំនុំ​ជម្រះ​លើ​ជន​ជាប់​ចោទ ខៀវ សំផន និង នួន ជា។ ជន​ជាប់​ចោទ ខៀវ សំផន បាន​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ជាច្រើន​ដង​ច្រើន​សារ​មក​ហើយ ដោយ​សន្យា​ថា​នឹង​គោរព​តាម​ការ​កោះ​ហៅ​របស់​តុលាការ​គ្រប់​ពេល​វេលា។

0:00 / 0:00

សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ចុង​ក្រោយ​ដែល​លោក ខៀវ សំផន ឡើង​ស្នើ​ផ្ទាល់​មាត់​កាល​ពី​ដើម​ខែ​មេសា នោះ ត្រូវ​បាន​តុលាការ​ប្រកាស​ច្រាន​ចោល​ជា​ថ្មី កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា។

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​នៃ​តុលាការ​កម្ពុជា ឬ​សាលា​ក្តី​ខ្មែរ​ក្រហម ប្រកាស​បដិសេធ​ជា​ថ្មី​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម លោក ខៀវ សំផន ដោយ​សម្អាង​ថា​តុលាការ​បារម្ភ​ជា​ចម្បង​នូវ​សុវត្ថិភាព​ជន​ជាប់​ចោទ។

មន្ត្រី​អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម លោក នេត ភក្ដ្រា នៅ​ថ្ងៃ​ទី២៧ មេសា មាន​ប្រសាសន៍​ថា សាលា​ក្តី​កំពុង​ដំណើរ​ការ​សវនាការ​សំណុំ​រឿង​០០២/០១ ប្រឆាំង​នឹង​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម លើ​បទ​ចោទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ការ​ជម្លៀស​ដោយ​បង្ខំ ដែល​ចាំបាច់​ត្រូវ​តែ​មាន​វត្តមាន​ជន​ជាប់​ចោទ​នៅ​ក្នុង​សវនាការ។

លោក​បន្ត​ថា សំណុំ​រឿង​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​រយៈពេល​សមស្រប​មួយ ដើម្បី​ធានា​ឲ្យ​មាន​ការ​ទទួល​យក​បាន​ពី​គ្រប់​មជ្ឈដ្ឋាន៖ «បដិសេធ​ចោល ហើយ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​បន្ត​ទៀត អង្គ​ជំនុំ​ជម្រះ​លើក​ឡើង​ពី​ហេតុផល​មួយ​ចំនួន វត្តមាន​ចាំបាច់​របស់​គាត់​នៅ​តុលាការ សន្តិសុខ​សាធារណៈ សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​គាត់ ការ​ស្នើសុំ​ជា​សិទ្ធិ​របស់​គាត់ ការ​សម្រេច​ជា​សិទ្ធិ​របស់​តុលាការ»

ទោះ​ជា​យ៉ាង​ណា​ក្តី ជន​ជាប់​ចោទ ខៀវ សំផន ថ្លែង​ថា ការ​សម្រេច​ឲ្យ​លោក​នៅ​ក្រៅ​ឃុំ នឹង​មិន​ប៉ះពាល់​អ្វី​ដល់​ដំណើរ​ការ​កាត់​ក្តី​របស់​សាលា​ក្តី​ទេ ដោយ​លោក​សន្យា​ថា​នឹង​មិន​រត់​ចោល​ស្រុក និង​ព្រម​អនុវត្ត​គ្រប់​បែប​យ៉ាង​តាម​សេចក្តី​បង្គាប់​របស់​តុលាការ៖ «បើ​សិន​ជា​ខ្ញុំ​បាន​រស់នៅ​ជុំ​គ្រួសារ​ខ្ញុំ​វិញ ចាំបាច់​តុលាការ​អាច​កោះ​ហៅ​ខ្ញុំ​បាន។ ខ្ញុំ​នឹង​មក​គ្រប់​ការ​កោះ​ហៅ​របស់​តុលាការ»

ក្រៅ​ពី​ការ​បដិសេធ​សំណើ​របស់​លោក ខៀវ សំផន នេះ សាលា​ក្តី​ខ្មែរ​ក្រហម ក៏​បាន​ប្រកាស​ថា សាលា​ដំបូង​សម្រេច​បំបែក​សំណុំ​រឿង​០០២ ដើម្បី​ធានា​ឲ្យ​មាន​សាលក្រម​ស្ថាពរ​មួយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

លោក នេត ភក្ដ្រា បញ្ជាក់​ថា សំណុំ​រឿង​០០២/0១ បញ្ចប់​ទៅ​បាន​អាស្រ័យ​លើ​កត្តា ៣​សំខាន់ៗ៖ «ទី១ តើ​នឹង​មាន​បណ្ដឹង​បន្ថែម​ទៀត​ពី​ភាគី​ផ្សេងៗ​ដែរ​ឬ​ទេ? បើ​សិន​មាន​បណ្ដឹង​សាទុក្ខ​បន្ថែម​ទៀត នឹង​ចំណាយ​ពេល​ទៀត។ ទី២ អាស្រ័យ​លើ​សុខភាព​របស់​ជន​ជាប់​ចោទ និង​ទី៣ បញ្ហា​ជួប​ប្រទះ​នឹង​កង្វះ​ថវិកា​របស់​សាលា​ក្តី ដែល​ជា​បញ្ហា​សំខាន់ៗ​ដែល​ធ្វើ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​ត្រូវ​ពិចារណា​នៅ​ក្នុង​ការ​កាត់​បន្ថយ​នីតិវិធី​ខ្លះៗ»

តុលាការ​កំពូល​នៃ​សាលា​ក្តី​កូន​កាត់​នេះ ធ្លាប់​សម្រេច​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ឱ្យ​នៅ​ក្រៅ​ឃុំ​រួច​ហើយ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១២។ សេចក្ដី​សម្រេច​នេះ ធ្វើ​ឡើង​តាម​សំណើ​សុំ​របស់​សហ​ព្រះរាជ​អាជ្ញា កាល​ថ្ងៃ​ទី១៤ កញ្ញា ដែល​សុំ​ផ្អាក​សេចក្ដី​សម្រេច​ដោយ​សាលា​ដំបូង ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ដោយ​គ្មាន​លក្ខខណ្ឌ។ ក្រោម​ហេតុផល​ថា ដោយសារ​តែ​ជំងឺ​វង្វេងវង្វាន់ និង​បាត់​ការ​ចងចាំ​របស់​ជន​ជាប់​ចោទ​កាន់​តែ​ធ្ងន់ធ្ងរ មិន​អាច​ចូលរួម​តតាំង​ក្ដី​ក្នុង​សវនាការ​បាន និង​មិន​មាន​សញ្ញា​ណា​មួយ​ប្រសើរ​ឡើង​វិញ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។