លោក ស៊ិដនី ឆាន់ប៊ើក (Sydney Schanberg) បានធ្វើសក្ខីកម្ម ឬធ្វើជាសាក្សីនៅសាលាក្ដីខ្មែរក្រហមលើករណីយសម្លាប់មេដឹកនាំជាន់ខ្ពស់នៃរបបសាធារណរដ្ឋខ្មែរចំនួន ៧រូប ដែលមេដឹកនាំខ្មែរក្រហមចោទថា ជាជនមហាក្បត់ជាតិក្នុងពេលខ្មែរក្រហមចូលដល់ភ្នំពេញ ភ្លាមៗ។
សវនាការសាលាក្ដីខ្មែរក្រហមករណី ០០២ នៅព្រឹកថ្ងៃទី៥ មិថុនា បានសួរដេញដោលអ្នកកាសែតបរទេសម្នាក់ គឺលោក ស៊ិដនី ឆេនប៊ើក អំពីល្បិចកល និងសកម្មភាពរបស់កងទ័ពខ្មែរក្រហមបណ្ដេញប្រជាពលរដ្ឋចេញពីទីក្រុងភ្នំពេញ និងខ្មែរក្រហមព្យាយាមកាប់សម្លាប់មេដឹកនាំកំពូលនៃរបបសាធារណរដ្ឋខ្មែរចំនួន ៧រូប យ៉ាងតក់ក្រហល់ ពេលកងទ័ពខ្មែរក្រហមចូលទីក្រុងភ្នំពេញ ភ្លាមៗ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។
លោក ស៊ិដនី ឆេនប៊ើក ជនជាតិអាមេរិក ដែលពេលនេះមានអាយុ ៧៩ឆ្នាំ បានថ្លែងប្រាប់សវនាការដែលលោកចូលរួមតាមរយៈប្រព័ន្ធសោតទស្សន៍ ដែលខ្លះហៅជាភាសាអង់គ្លេសថា វីដេអូ ខនហ្វ្រឺរេន (Video Conference) ពីផ្ទះរបស់លោកនៅញីវយ៉ក សហរដ្ឋអាមេរិក ថា គ្រាន់តែកងទ័ពខ្មែរក្រហមចូលដល់ភ្នំពេញ ភ្លាម មេៗខ្មែរក្រហមដែលពេលនោះនៅមិនទាន់បានចូលមកភ្នំពេញ បានបញ្ជាឲ្យទាហានខ្មែរក្រហម កោះហៅមន្ត្រីដឹកនាំកំពូលៗនៃរបបសាធារណរដ្ឋខ្មែរមកឃុំខ្លួន ដើម្បីសម្លាប់ចោលភ្លាមៗ។
លោកបានរំលឹកថា ពួកខ្មែរក្រហមបានប្រកាសកោះហៅមេដឹកនាំជាន់ខ្ពស់របបលោក លន់ នល់ ឲ្យមកជួបតំណាងពួកខ្មែរក្រហមនៅក្រសួងព័ត៌មាន ដោយយកលេសថា ដើម្បីជួបប្រជុំ
ពិភាក្សាគ្នាដោះស្រាយ និងសម្រួលស្ថានភាពសង្គម។ ពេលនោះ គឺនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ លោកបានឃើញឧត្ដមសេនីយ៍ផ្កាយពីរម្នាក់ គឺលោក លន់ នន់ មេចារកិច្ចរបបសាធារណរដ្ឋខ្មែរ និងត្រូវជាប្អូនបង្កើតលោកប្រធានាធិបតី លន់ នល់ និងលោក ឡុង បូរ៉េត នាយករដ្ឋមន្ត្រី រួមទាំងមន្ត្រីរាជការ លន់ នល់ ប្រហែល ៥០នាក់ទៀត ត្រូវទាហានខ្មែរក្រហមប្រហែលជាង ១០នាក់ ឃុំខ្លួននៅទីធ្លាមុខក្រសួងព័ត៌មានជាស្រេច។
នៅក្នុងចម្លើយផ្ទៀងផ្ទាត់គ្នាទៅនឹងឯកសាររបស់សាលាក្ដីករណី ០០២ អំពីរឿងមេខ្មែរក្រហមកាត់ទោសសម្លាប់ចោលជនក្បត់ជាតិ ៧រូប ដែលជាមន្ត្រីជាន់ខ្ពស់នៃរបបសាធារណរដ្ឋខ្មែរនេះ លោក ស៊ិដនី ឆេនប៊ើក បានបញ្ជាក់ប្រាប់សវនាការតាមរយៈអ្នកបកប្រែថា លោក លន់ នន់ ដែលខ្មែរក្រហមចាត់ទុកថា ជាជនក្បត់ជាតិមួយរូបក្នុងចំណោមជនក្បត់ជាតិទាំង ៧ ដែលខ្មែរក្រហមកំពុងឃុំខ្លួនជាមួយមន្ត្រីរាជការទាំងនោះ តក់ស្លុតយ៉ាងខ្លាំងនៅពេលដែលដឹងថា ពួកគេនឹងត្រូវខ្មែរក្រហមយកទៅសម្លាប់នៅពេលបន្លិចទៀតនេះ។ ហើយពេលនោះលោក លន់ នន់ បានព្យាយាមអង្វរករសុំមេបញ្ជាការកងទ័ពខ្មែរក្រហមដែលកំពុងកាន់កាំភ្លើងច្រូងច្រាងឈរយាមខ្លួននៅទីនោះ ឲ្យដោះលែង តែមេបញ្ជាការខ្មែរក្រហមរូបនោះបដិសេធដាច់ខាត ហើយឆ្លើយថា នេះជាបញ្ជារបស់មេដឹកនាំរដ្ឋាភិបាលខ្មែរក្រហម។
មន្ត្រីសាលាក្ដីបន្តដេញដោលសួរលោក ស៊ិដនី ឆេនប៊ើក ទៀតថា តើលោកបានដឹងថា លោក លន់ នន់ និងលោក ឡុង បូរ៉េត ត្រូវពួកខ្មែរក្រហមសម្លាប់ចោលនៅពេលនោះដែរឬទេ? លោកឆ្លើយតាមរយៈអ្នកបកប្រែថា លោកមិនច្បាស់ដែរ។
ក្នុងសង្គ្រាមតស៊ូដោយអាវុធរបស់ខ្លួនក្នុងរយៈពេល ៥ឆ្នាំ គឺចាប់ពីឆ្នាំ១៩៧០ ដល់ ១៩៧៥ វាយផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរ មេដឹកនាំខ្មែរក្រហមបានចុះឈ្មោះមេដឹកនាំកំពូលនៃរបបសាធារណរដ្ឋខ្មែរចំនួន ៧រូប ក្នុងបញ្ជីខ្មៅរបស់ខ្លួនថា ជាជនមហាក្បត់ជាតិគឺ ឧត្ដមសេនីយ៍ផ្កាយមាស ៤ លោកសេនាប្រមុខ លន់ នល់ ជាប្រធានាធិបតីរបបសាធារណរដ្ឋខ្មែរដែលពួកខ្មែរក្រហមចោទថា ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីតំណែងប្រមុខរដ្ឋនៅ ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ហើយកាន់អំណាចបន្តពីឆ្នាំ១៩៧០ ដល់ ១៩៧៥ ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ថ្នាក់ដឹកនាំកំពូលទីពីរបន្ទាប់ពីលោក លន់ នល់ ដែលខ្មែរក្រហមចោទថា រួមគំនិតក្បត់ធ្វើរដ្ឋប្រហារ។ បន្ទាប់មក លោក ឡុង បូរ៉េត នាយករដ្ឋមន្ត្រី លោក ចេង ហេង អតីតប្រធានរដ្ឋ លោក អ៊ិន តាំ មេដឹកនាំជាន់ខ្ពស់ លោកឧត្ដមសេនីយ៍ លន់ នន់ មេចារកិច្ចកំពូល និងត្រូវជាប្អូនប្រុសបង្កើតលោកប្រធានាធិបតី លន់ នល់ លោកឧត្ដមសេនីយ៍ផ្កាយមាសបី សុស្ដែន ហ្វ៊ែរណងដេស អគ្គមេបញ្ជាការកងទ័ពសាធារណរដ្ឋខ្មែរ។
ទាក់ទងប្រវត្តិសាស្ត្រខ្មែរក្រហមដែលចាត់ទុកមន្ត្រីក្បត់ ៧រូប នៃរបបសាធារណរដ្ឋខ្មែរនេះ ក្នុងសវនាការនៅថ្ងៃទី៥ មិថុនា ឯកសារសាលាក្ដីខ្មែរក្រហមបានបង្ហាញថា ជាការពិតដោយយោងលើការផ្សាយសំឡេងរបស់វិទ្យុលួចលាក់នៃចលនាតស៊ូខ្មែរក្រហម ថ្ងៃទី២៦ កុម្ភៈ ឆ្នាំ១៩៧៥ ថា ការកំណត់ថា ជនក្បត់ទាំង ៧ នេះ បានសម្រេចដោយមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ ក្នុងនោះមានទាំងលោក ខៀវ សំផន ជាជនត្រូវចោទ ដែលកំពុងអង្គុយស្ដាប់ក្នុងសវនាការនេះដែរ។
ឯកសារដដែលឲ្យដឹងថា ក្នុងពេលធ្វើជាអធិបតីនៃកិច្ចប្រជុំកងទ័ពរណសិរ្ស ក្នុងសមាជជាតិដ៏មហាអស្ចារ្យរបស់ខ្មែរក្រហម ដែលប្រារព្ធធ្វើឡើងលើកទី២ ក្នុងតំបន់រំដោះក្រោមអធិបតីភាពរបស់ ខៀវ សំផន វិទ្យុលួចលាក់ខ្មែរក្រហមប្រកាសថា លោក ខៀវ សំផង មានតួនាទីច្រើន ដូចជាឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលរួមជាតិកម្ពុជា ជារដ្ឋមន្ត្រីការពារជាតិ និងជានាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរំដោះជាតិ និងប្រជាជនកម្ពុជាផង ក៏បានរួមចំណែកចាត់ការអ្នកដែលខ្មែរក្រហមចោទថា ជនក្បត់ទាំង ៧នេះដែរ។
ទោះយ៉ាងណា លោកសេនាប្រមុខ លន់ នល់ បានភៀសខ្លួនតាមឧទ្ធម្ភាគចក្រជាមួយគ្រួសារទៅរស់នៅសហរដ្ឋអាមេរិក រយៈពេលប៉ុន្មានថ្ងៃមុនខ្មែរក្រហមវាយចូលភ្នំពេញ ដោយសុវត្ថិភាព រួមទាំងលោកឧត្ដមសេនីយ៍ផ្កាយមាសបី សុស្ដែន ហ្វ៊ែរណងដេស អគ្គមេបញ្ជាការកងទ័ពសាធារណរដ្ឋខ្មែរ។ ក្រៅពីនេះមិនទាន់មានព័ត៌មានជាផ្លូវការណាមួយបញ្ជាក់ថា តើមន្ត្រីជាន់ខ្ពស់ ៥រូបទៀត ដែលខ្មែរក្រហមចោទថា ជនក្បត់ជាតិនោះ ត្រូវពួកខ្មែរក្រហមសម្លាប់អស់ប៉ុន្មាននាក់នោះទេមកទល់ពេលនេះ។ កន្លងមក គេគ្រាន់តែដឹងព័ត៌មានក្រៅផ្លូវការថា មានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ លោក លន់ នន់ លោក ឡុង បូរ៉េត ត្រូវពួកខ្មែរក្រហមយកទៅបាញ់សម្លាប់ចោលនៅកន្លែងលេងកីឡាមួយក្បែរវត្តភ្នំ ពេលខ្មែរក្រហមចូលដល់ភ្នំពេញ ភ្លាមៗ។
ជនត្រូវចោទដែលជាមេដឹកនាំកំពូលខ្មែរក្រហមពីររូប គឺលោក ខៀវ សំផន និងលោក នួន ជា បានចូលរួមសវនាការនេះ។ ក៏ប៉ុន្តែនៅមិនទាន់ដល់វេនឆ្លើយតបនឹងសំណួរនេះនៅឡើយទេ។ សវនាការលើសក្ខីកម្មរបស់លោក ស៊ិដនី ឆេនប៊ើក លើរឿងក្ដីនេះ នឹងបន្តនៅថ្ងៃទី៦ មិថុនា ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
